ស្លាប់មនុស្ស ២២នាក់ របួស ៧៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ត្រឹមតែ ១សប្ដាហ៍ដើមឆ្នាំ២០២៤
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា តាមរបាយការណ៍ក្រសួងមហាផ្ទៃ រយៈពេលមួយសប្ដាហ៍ដើមឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងសរុបចំនួន ៥៧ករណី ដែលបណ្ដាលឱ្យស្លាប់មនុស្ស ចំនួន ២២នាក់ និងរងរបួស ៧៧នាក់ គិតពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
មិនខុសពីឆ្នាំ២០២៣ នោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែល ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់យើងកាន់តែរីកចម្រើនជាលំដាប់។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកពាក្យរងដដែល បានបន្តទៀតថា ជាទិសដៅអាទិភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧ នេះ។ ជាបន្តបន្ទាប់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍អនុវត្តដល់អង្គភាពជំនាញជាប្រចាំ។
លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្តកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួមកង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ ជាដើម។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ៕
Post a Comment