សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល៣សប្តាហ៍មុនការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដា។
|
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រវីដៃទៅកាន់អ្នកគាំទ្រក្នុងពេលជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញនៅថ្ងៃទី១ ខែកក្កដា។ រូបថត៖ AFP |
សម្តេចហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីរបស់កម្ពុជាអស់រយៈពេល៣៨ឆ្នាំ បានប្រាប់អ្នកគាំទ្ររាប់ម៉ឺននាក់កាលពីថ្ងៃទី១ខែកក្កដាថា ប្រសិនបើជាប់ឆ្នោតឡើងវិញរដ្ឋាភិបាលរបស់សម្តេចនឹងសាងសង់ផ្លូវ និងសាលារៀនបន្ថែមទៀតដូចជាការដំឡើងប្រាក់ខែការអភិវឌ្ឍន៍សេដ្ឋកិច្ចជាដើម។ក្នុងសាររបស់សម្តេចដើម្បីបើកយុទ្ធនាការបោះឆ្នោតឡើងវិញ សម្តេចហ៊ុន សែន ក៏បានប្ដេជ្ញាថានឹងលុបបំបាត់«ក្រុមអរិភាពដែលស្វែងរកការបែងចែកជាតិបង្កើតអស្ថិរភាពសង្គម និងបង្កអស្ថិរភាពនយោបាយ»។សម្តេចហ៊ុន សែនថ្លែងថា៖ «ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះគឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូល»។ក្នុងពិធីនោះ សម្តេចហ៊ុន សែន បានប្រគល់ទង់គណបក្សប្រជាជនកម្ពុជា ជូនលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់សម្តេចដែលដឹកនាំដង្ហែតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។ នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហើបថាសម្តេចនឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗខាងមុខ ហើយប្រគល់អំណាចទៅឲ្យក្មេងជំនាន់ក្រោយ។មុននឹងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតឡើងវិញ សម្តេចហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនាបានគំរាមបិទ Facebook នៅកម្ពុជាទាំងស្រុង បន្ទាប់ពីបណ្ដាញសង្គមបានលុបវីដេអូនាយករដ្ឋមន្ត្រីកម្ពុជា រិះគន់អ្នកប្រឆាំងនយោបាយ។យ៉ាងណាក៏ដោយ កាលពីយប់មិញនេះ សម្តេចហ៊ុន សែន បានប្រកាសតាម Telegram ថា “គ្មានចេតនាហាមប្រាម Facebook” ទេ ព្រោះបណ្តាញសង្គមនេះគឺជា “ដង្ហើមរបស់ប្រជាពលរដ្ឋ”។ ប៉ុន្តែសម្តេចបានប្រកាសថា តំណាងហ្វេសប៊ុកនឹងត្រូវចាកចេញពីប្រទេសកម្ពុជា។ក្រសួងព័ត៌មានរបស់កម្ពុជា ក្រោយមកបាននិយាយថា តំណាង Facebook ត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយសារតែ "ការជ្រៀតជ្រែកក្នុងកិច្ចការនយោបាយក្នុងស្រុក"។ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនមនុស្សដែលត្រូវបានបណ្តេញចេញនោះទេ។Meta ដែលជាម្ចាស់ Facebook បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូរនេះទេ ហើយក៏មិនបានប្រាប់ពីចំនួនតំណាងដែលខ្លួនមាននៅក្នុងប្រទេសកម្ពុជាដែរ។កម្ពុជានឹងរៀបចំការបោះឆ្នោតសកលដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីនៅថ្ងៃទី២៣ កក្កដា។នៅក្នុងសន្និសីទវិសាមញ្ញក្នុងទីក្រុងភ្នំពេញកាលពីខែមករា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាបានជ្រើសរើសសម្តេចហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្ត្រី ហើយលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។សម្តេចហ៊ុន សែន មានអាយុ ៧០ឆ្នាំ ជាមេដឹកនាំដែលកាន់អំណាចយូរជាងគេលើពិភពលោក។ សម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែមករាឆ្នាំ១៩៨៥ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេបំផុតនៅលើពិភពលោកក្នុងវ័យ៣២ឆ្នាំ៕ប្រភពAFP
Post a Comment