សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ អំពាវនាវឲ្យពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា
ភ្នំពេញ ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បានចេញសេចក្តីអំពាវនាវស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាកុំបីខាន។
ក្នុងសេចក្តីអំពាវនាវ សមាគម បានលើកឡើងថា យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមអំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងគូសសញ្ញានៅក្នុងប្រអប់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គ.ជ.ប លើគណបក្សនយោបាយណាមួយ ដែលបងប្អូនស្រលាញ់ពេញចិត្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខាន។
ក្នុងសេចក្តីអំពាវនាវដដែល សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានគូសបញ្ជាក់ថា ការអញ្ជើញទៅបោះឆ្នោត និងគូសសញ្ញាបានត្រឹមត្រូវរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ គឺជាការបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អ ប្រកបដោយឧត្តមគតិ គប្បីចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ក្នុងការបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានោះ សមាគម គោរពជូនពរដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខសុវត្ថិភាពក្នុងការអញ្ជើញធ្វើដំណើរទៅបោះឆ្នោត និងត្រលប់មកវិញ ព្រមទាំងសូមបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ ៖ សេង បូលីន
Post a Comment