លោកXiគាំទ្រប៉ាឡេស្ទីនក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ
ប្រធានាធិបតី Xi Jinping បានបញ្ជាក់ថាប្រទេសចិនគាំទ្រប៉ាឡេស្ទីន ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ នៅពេលទទួលប្រធានាធិបតី Mahmud Abbas នៅទីក្រុងប៉េកាំង។
ប្រធានាធិបតីចិន Xi Jinping (ស្ដាំ)ចាប់ដៃជាមួយប្រធានាធិបតីប៉ាឡេស្ទីន Mahmud Abbas នៅវិមានប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី១៤ ខែមិថុនា។ រូបថត៖ AFP |
លោកXiបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas កាលពីថ្ងៃទី១៤ខែមិថុនាថា "ប្រទេសចិនគាំទ្រប៉ាឡេស្ទីនឱ្យក្លាយជារដ្ឋសមាជិកពេញលេញនៃអង្គការសហប្រជាជាតិ(UN)" ។ "ផ្លូវជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប៉ាឡេស្ទីន គឺនៅក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ"។ប្រធានាធិបតីប៉ាឡេស្ទីនកំពុងធ្វើទស្សនកិច្ចផ្លូវការលើកទី៥របស់លោកទៅកាន់ប្រទេសចិនរហូតដល់ថ្ងៃទី ១៦ខែមិថុនា ហើយជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេស។ នៅក្នុងពិធីស្វាគមន៍នៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង លោក Xi បានប្រាប់លោកAbbasថាប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយភាគីប៉ាឡេស្ទីន។
លោកXiបាននិយាយថា"ថ្ងៃនេះយើងនឹងប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-ប៉ាឡេស្ទីន។ នេះនឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី"។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកWang Wenbin កាលពីសប្តាហ៍មុនបានហៅលោកប្រធានាធិបតី Abbas ថាជា "មិត្តល្អយូរអង្វែងរបស់ប្រជាជនចិន"។ក្នុងដំណើរទស្សនកិច្ចរបស់លោក Abbas ប្រទេសទាំង២នឹងពិភាក្សាអំពីវិធីជំរុញទំនាក់ទំនងទ្វេភាគី និងដោះស្រាយបញ្ហាប្រឈមរយៈពេលវែងចំពោះទំនាក់ទំនងប៉ាឡេស្ទីន-អ៊ីស្រាអែល។ទីក្រុងប៉េកាំងបានស្វែងរកការពង្រឹងតួនាទីរបស់ខ្លួននៅមជ្ឈិមបូព៌ាដោយប្រជែងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីនមិនងាយស្រួលនោះទេ ដោយសារការចរចាសន្តិភាពរវាងភាគីទាំង២បានជាប់គាំងតាំងពីឆ្នាំ២០១៤។ក្នុងខែមេសារដ្ឋមន្ត្រីការបរទេសចិនQin Gang បានប្រាប់សមភាគីអ៊ីស្រាអែលនិងប៉ាឡេស្ទីនថាប៉េកាំងមានឆន្ទៈ ដើម្បីគាំទ្រដល់ការចរចាសន្តិភាពរវាងភាគីទាំង២។
លោក Qin ក៏បានប្រាប់រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន Riyad Al-Maliki ថា ប្រទេសចិនបានគាំទ្រការបន្តការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបានសង្កត់ធ្ងន់ថាទីក្រុងប៉េកាំងជំរុញការចរចាសន្តិភាពដោយឈរលើមូលដ្ឋាននៃការអនុវត្ត "ដំណោះស្រាយរដ្ឋពីរ"។
ក្នុងអំឡុងកិច្ចប្រជុំកំពូលជាមួយបណ្តាប្រទេសអារ៉ាប់ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែធ្នូកន្លងទៅ លោកប្រធានាធិបតី Xi Jinping ក៏បានជួបជាមួយលោក Abbas ហើយបានសន្យាថានឹង "ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែងបំផុតចំពោះបញ្ហាប៉ាឡេស្ទីន" ។ប្រធានាធិបតី Abbas នៅខែកញ្ញាឆ្នាំ២០១១បានដាក់ពាក្យចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ។ប៉ុន្តែត្រូវបានច្រានចោលដោយក្រុមប្រឹក្សាសន្តិសុខ។ អង្គការសហប្រជាជាតិបានផ្តល់ឋានៈជារដ្ឋអ្នកសង្កេតការណ៍ប៉ាឡេស្ទីនក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១២។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំបោះឆ្នោតបានបង្ហាញពីបំណងចង់ឱ្យក្រុមប្រឹក្សាសន្តិសុខ "ពិចារណាជាវិជ្ជមាន" នូវបំណងប្រាថ្នារបស់ប៉ាឡេស្ទីនក្នុងការក្លាយជាសមាជិកពេញលេញ៕ប្រភពAFP
Post a Comment