កម្ពុជា-ចិនជំរុញកិច្ចសហប្រតិបត្តិវិស័យយោធាឱ្យកាន់តែរឹងមាំ
ក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារជាតិចិន បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវិស័យយោធានិងកងទ័ពដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរនេះ កាន់តែរឹងមាំ មានប្រសិទ្ធភាព និងប្រព្រឹត្តទៅដោយរលូនបន្ថែមទៀតទាំងបច្ចុប្បន្ន និងអនាគត។ការប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការវិស័យយោធា និងកងទ័ព រវាងភាគីទាំងពីរនេះ ធ្វើឡើងក្នុងកំលុងពេលចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី នៅប្រទេសសិង្ហបុរី លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយលោក លី សាងហ្វូវ(Li Shangfu) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន កាលពីថ្ងៃសុក្រ ដោយភាគីទាំងពីរបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងរឹងមាំបន្ថែមទៀត។លោក លី សាងហ្វ៊ូ បានលើកឡើងថា ចំពោះកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងទាំងកិច្ចសន្ទនារវាងកងទ័ពជើងគោក និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ជាពិសេស កិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យមានសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។លោកបន្តថា ដំណើរក្នុងកិច្ចប្រជុំនៅសិង្ហបុរីនេះ ក្នុងនាមជាក្រសួងការពារជាតិចិន លោកនឹងធ្វើបទបង្ហាញពី គំនិតផ្តួចផ្តើមសន្តិសុខសាកលថ្មីរបស់ប្រទេសចិន។ បទបង្ហាញនេះ គឺផ្តោតសំខាន់ទៅលើគោលគំនិត ការកសាងសហគមន៍ ជោគវាសនារួមរបស់មនុស្សជាតិ ជាពិសេស បញ្ហាកសាងសហគមន៍ កសាងជោគវាសនារួមអាស៊ីប៉ាស៊ីហ្វិក និងសហគមន៍សន្តិសុខអាស៊ី ផងដែរ។លោក ទៀ បាញ់ បានថ្លែងថា ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងចិន កាលពីកន្លងទៅ គឺមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត និងបាននាំមកនូវការរីកចម្រើនដល់កងទ័ពទាំងពីរកាន់តែល្អប្រសើរ។លោកបានបន្ថែមថា កាលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅកម្ពុជា កាលពីឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់ ក្នុងនោះ ក៏មានការរួមចំណែកដ៏ធំពីមិត្តចិន ដែលបានជួយដល់កម្ពុជាលើមធ្យោបាយដឹកជញ្ជូនផងដែរ។លោក ទៀ បាញ់ បន្តថា កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពរំដោះប្រជាជនចិន ឱ្យកាន់តែជិតស្និត និងរឹងមាំបន្ថែមទៀត។ លោកក៏បានអញ្ជើញ លោក លី សាងហ្វ៊ូ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជានាពេលសមស្របណាមួយផងដែរ។កាលពីថ្ងៃសុក្រ លោក ទៀ បាញ់ ក៏បានជួបប្រជុំទ្វេភាគីជាមួយលោកThe Hon Richard MP រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រាលី ដើម្បីពិភាក្សាការទូតរវាងប្រទេសទាំងពីរផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រាលី បានសម្ដែងការសាទរចំពោះលោក ទៀ បាញ់ ដែលបានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM-Plus) កាលពីកន្លងទៅទទួលបានជោគជ័យ។លោកបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកកាលពីឆ្នាំ២០២២ គឺផ្តល់អត្ថប្រយោជន៍ និងខ្លឹមសារជាច្រើនសម្រាប់អូស្រ្តាលី ដែលមានឱកាសជួបជាមួយដៃគូ និងមិត្តភក្ដិក្នុងតំបន់ជាច្រើន។លោក ទៀ បាញ់ ថ្លែងថា ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក កម្ពុជាទទួលបានលទ្ធផលល្អ និងជាឱកាសមួយ ដែលកម្ពុជាបានជួបជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងប្រទេសបូកទាំងអស់។ ចំពោះកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២០ ក៏ជាវេទិកាកិច្ចប្រជុំកំពូលមួយ ដែលបានផ្តល់ឱកាសយ៉ាងច្រើន ជាពិសេស ការជួបជុំ និងស្ដាប់បញ្ហាកើតឡើងនានារបស់បណ្ដាប្រទេសចូលរួមប្រជុំនៅប្រទេសសិង្ហបុរី៕Khmer Times
ក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក លី សាងហ្វ៊ូ រដ្ឋមន្ត្រីក្រសួងការពារជាតិចិនជួបប្រជុំទ្វេភាគីនៅសិង្ហបុរី ។
Post a Comment