ឯកឧត្តមស សុខាអញ្ជើញសំណេះសំណាលថ្លែងអំណរគុណក្រុមការងាររៀបចំ”សង្ក្រាន្តបាត់ដំបង២០២៣”
បាត់ដំបង៖ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីក្នុងសំណេះសំណាលពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ក្រុមការងាររៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៣” របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង។
រូបភាព៖សាន់ ផានិត
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មការរៀបចំកម្មវិធីទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្តនិងធនធានក្នុងការរៀបចំដំណើរការព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ក្នុងន័យអបអរ ទទួលស្វាគមន៍ និងលើកកម្ពស់ថែរក្សាទំនៀមទន្លាប់ប្រពៃណី កេរដំណែលសម្បត្តិវប្បធម៌ជាតិ ដែលដូនតាខ្មែររបស់យើង បានបន្សល់ទុកជាច្រើនជំនាន់មកហើយ ឲ្យយុវជន យុវនារីជំនាន់ក្រោយ បានដឹង បានស្គាល់។ជាមួយគ្នានោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា កម្មវិធីផ្សេងៗនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលកន្លងមក ក្នុងព្រឹត្តិការណ៍“សង្ក្រាន្តខេត្តបាត់ដំបង”ពិតជាមិនអាចប្រព្រឹត្តទៅប្រកបដោយជោគជ័យនោះឡើយ។ប្រសិនបើពុំមានការចូលរួមចំណែកលះបង់ទាំងកម្លាំងកាយ ចិត្ត ស្មារតី រួមទាំងធនធានពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារទាំងអស់ទេនោះ។ជាពិសេសបានលះបង់នូវពេលវេលាផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ នាឱកាសចូលឆ្នាំថ្មី ដើម្បីបម្រើឲ្យកម្មវិធីនានាបានប្រព្រឹត្តទៅដូចការគ្រោងទុក និងទទួលបាននូវលទ្ធផលជាផ្លែផ្កាវិជ្ជមាន គួរជាទីរីករាយយ៉ាងក្រៃលែង។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ទៀតថា ការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រសិទ្ធភាព នៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាយើង មានឱកាសរៀបចំព្រឹត្តិការណ៍ជួបជុំផ្លូវការនានា ទាំងលក្ខណៈជាតិ និងអន្តរជាតិរួមទាំងពិធីអបអរផ្សេងៗដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រំលេចដោយសកម្មភាពវប្បធម៌ចម្រុះ ក្នុងន័យលើកកម្ពស់ និងបណ្តុះស្មារតីស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ ក៏ដូចជាជំរុញចលនាទេសចរណ៍ក្នុងស្រុក។ជាក់ស្តែងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពណៃជាតិខ្មែរ កន្លងទៅនេះ គិតត្រឹមរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុបជាង១៣លាននាក់។ក្នុងនោះនៅខេត្តបាត់ដំបង មានជាង ១លាន ៥សែននាក់៕សេង បូលីន
Post a Comment