នាយករដ្ឋមន្រ្តីហ៊ុន សែន៖ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតមិនមានការផ្ទុយពីរដ្ឋធម្មនុញ្ញា
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថាការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតមិនមានការផ្ទុយពីរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។
រូបឯកសារ៖ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បង្ហាញម្រាមដៃជាប់ទឹកខ្មៅ បន្ទាប់ពីចូលរួមបោះឆ្នោតក្នុងការបោះឆ្នោតឃុំសង្កាត់ នៅមណ្ឌលបោះឆ្នោតក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។(AP/VOA)ក្នុងខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំៗ០២៣ សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតគឺដើម្បីបង្កើនការទទួលខុសត្រូវចំពោះអ្នកឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យពីព្រោះបើអ្នកឈរឈ្មោះឱ្យគេបោះឆ្នោតសូម្បីសិទ្ធិពលរដ្ឋដែជាសិទ្ធិទៅបោះឆ្នោតមិនអាចធ្វើបានផងតើនឹងអាចដឹកនាំប្រទេសកម្ពុជា បានដោយរបៀបណា។សម្ដេចថ្លែងបន្តថាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់បុគ្គលណាដែលមិនទៅបោះឆ្នោត គឺដើម្បីពង្រឹងនិងលើកកម្ពស់ការទទួលខុសត្រូវរបស់មេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិហើយការធ្វើវិសោធនកម្មច្បាប់នេះមិនមានផ្ទុយពីរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។ សម្ដេចក៏បានស្នើដល់ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ទាំងការបោះឆ្នោតសកលនិងអសកល។សម្ដេចហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសំណូមពរសម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភាមេត្ដាជួយដល់រាជរដ្ឋាភិបាល ក្នុងសំណើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតទាំងអស់ទាំងបោះឆ្នោតតំណាងរាស្ដ្រ បោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បោះឆ្នោតអសកលនានាគឺធ្វើទាំងអស់ ហើយថែមតែមួយចំណុចប៉ុណ្ណោះ សិទ្ធិដែលមិនបានឈរឈ្មោះឱ្យគេបោះឆ្នោតគឺមិនបានទៅបោះឆ្នោតកន្លងផុតទៅ»។ សម្ដេចនាយករដ្ឋមន្រ្ដីលើកឡើងថាគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ ដោយសារមើលឃើញគំរូរបស់ប្រទេសថៃដែលបានអនុវត្តន៍បែបនេះ ដោយតំណាងរាស្ដ្ររបស់គណបក្សមួយនៅប្រទេសថៃត្រូវបានដកហូតសិទ្ធិដោយសារមិនបានទៅចូលរួមបោះឆ្នោត នោះមានន័យថាមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យខ្លួនបានឡើយ។ ប៉ុន្ដែទោះជាយ៉ាងណាសម្ដេចបានបន្ថែមថា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះឡើយ ដោយទាំងអស់នេះ គ្រាន់តែជាព័ត៌មានដែលសម្ដេចទទួលបានតែប៉ុណ្ណោះ។ក្នុងឱកាសនេះសម្ដេចក៏បន្តជំរុញដល់សម្ដេចស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកកើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ ពន្លឿនការធ្វើវិសោធនកម្មច្បាប់ដើម្បីដាក់ទៅរដ្ឋសភាអនុម័តនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕AKP
Post a Comment