ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២បានបិទបញ្ចប់ឥណ្ឌូនេស៊ីឈរនៅលើកំពូលតារាងមេដាយ
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២បានបិទបញ្ចប់ហើយនៅថ្ងៃសុក្រនេះនៅរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា ដោយប្រទេសឥណ្ឌូនេស៊ី ឈរនៅលើកំពូលតារាងមេដាយ។ដោយត្រូវបានប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានកៅអីចំនួន ៦០,០០០កៅអី ពិធីបិទត្រូវបានរៀបចំឡើងដោយមានកម្មវិធីប្រគុំតន្ត្រី ការសម្តែងសិល្បៈគុនល្បុក្កតោ ក្បួនដង្ហែរបស់អត្តពលិកប៉ារ៉ាការថ្លែងសុន្ទរកថា និងការពន្លត់ភ្លើងគប់កីឡា ដោយមានការបាញ់កាំជ្រួច។ថ្លែងក្នុងពិធីនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាវាជាមោទនភាពមួយទៀតសម្រាប់កម្ពុជា ដែលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាថ្នាក់តំបន់ដោយជោគជ័យ ហើយការប្រកួតរយៈពេលមួយសប្តាហ៍នេះ ពិតជាបង្ហាញពីស្មារតីនៃមិត្តភាព និងសាមគ្គីភាពក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍។
សម្តេចបានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថាប្រជាជនអាស៊ាននិងទីម័រឡេស្តេជាង ៦០០លាននាក់នឹងចងចាំទុកនូវអនុស្សាវរីយ៍ល្អៗទាំងនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២” ។ជាមួយគ្នានេះសម្តេចហ៊ុន សែន មានប្រសាសន៍ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីលើកទី៥ នៅឆ្នាំ២០២៩។សម្តេចបានបន្តថា៖«យើងនឹងមកជួបជុំគ្នានៅកម្ពុជាម្តងទៀតក្នុងទ្រង់ទ្រាយធំជាងនេះនៅឆ្នាំ២០២៩»។នៅមុននេះ លោក ហ៊ុន ម៉ានី តំណាងគណៈកម្មាធិការរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងពិធីបិទជាផ្លូវការនៃអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានមានប្រសាសន៍ថាការប្រកួតកីឡាប៉ារ៉ាហ្គេម ដែលធ្វើឡើងក្រោមពាក្យស្លោក «កីឡា៖ រស់នៅក្នុងសន្តិភាព»បានឆ្លុះបញ្ចាំងពីស្មារតីនៃអ្វីដែលកម្ពុជាបានរៀបចំដោយមានទំនុកចិត្តសម្រាប់អនាគតរបស់យើង។លោកបានចាត់ទុកការធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងកីឡាស៊ីហ្គេមលើកទី៣២ពីខែមុន ជាជោគជ័យប្រកបដោយមោទនភាពនិងជាប្រវត្តិសាស្ត្រ ក្រោមសន្តិភាពពេញលេញនាពេលបច្ចុប្បន្ន គោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជានិងការរៀបចំបានល្អ ទោះបីជាសេដ្ឋកិច្ចរបស់កម្ពុជាបានទទួលផលប៉ះពាល់អវិជ្ជមានពី ជំងឺរាតត្បាតកូវីដ-១៩ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនិងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក៏ដោយ។យោងតាមគណៈកម្មាធិការរៀបចំបានឱ្យដឹងថាព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រមូលផ្តុំអត្តពលិកប៉ារ៉ាហ្គេមសរុបចំនួន ១,៤៥៣ នាក់ មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ចូលរួមប្រកួតក្នុងកីឡាចំនួន ១៤ ប្រភេទ និងជាង ៤០០ វិញ្ញាសា។ឥណ្ឌូណេស៊ីឈរកំពូលតារាងមេដាយសរុបដោយទទួលបានមេដាយមាស ១៥៩ ប្រាក់ ១៤៨ និងសំរឹទ្ធ ៩៤ តាមពីក្រោយដោយថៃ មេដាយមាស១២៦ មេដាយប្រាក់១១០ សំរឹទ្ធ៩២ និងវៀតណាម មេដាយមាស៦៦ មេដាយប្រាក់៥៨ មេដាយសំរឹទ្ធ៧៧។ម្ចាស់ផ្ទះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៨ ដោយទទួលបានមេដាយមាស៩ មេដាយប្រាក់១៨ និងមេដាយសំរឹទ្ធ៤៤។ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាលើកទី១៣ នៅខែមករា ឆ្នាំ២០២៦៕ Xinhua/KhmerTimes
Post a Comment