រដ្ឋម​ន្ត្រី​​ការ​បរទេ​​ស​​អាមេរិក​រៀប​នឹ​ង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រ​ទេស​ចិ​ន​៖​សង្ឃឹម​​តិច​​តួច​ក្នុង​​កា​​រ​ទម្លាយ?

 ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសលោកAntony Blinken នឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃទី១៨និង១៩ ខែមិថុនា។ នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​សង្គ្រោះ​ទំនាក់ទំនង​ដ៏​តានតឹង​រវាង​ប្រទេស​ទាំង២។

រដ្ឋមន្ត្រីការបរទេសលោកAntony Blinken ។Reuters
យោងតាមវិទ្យុ Al Jazeera បានឱ្យដឹងថាBlinken នឹងក្លាយជារដ្ឋមន្ត្រីការបរទេសអាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីឆ្នាំ២០១៨និងជាមន្ត្រីជាន់ខ្ពស់បំផុតពីរដ្ឋបាល Joe Biden ទៅកាន់ទីក្រុងប៉េកាំងរហូតមកដល់បច្ចុប្បន្ន។កាលពីមុន លោក Blinken ក្នុងខែកុម្ភៈឆ្នាំ២០២៣បានពន្យារពេលដំណើរទស្សនកិច្ចដែលរំពឹងទុកទៅកាន់ទីក្រុងប៉េកាំងចំពេលទំនាក់ទំនងកាន់តែអាក្រក់រវាងប្រទេសទាំង២ដោយសារតែការខ្វែងគំនិតគ្នាជាបន្តបន្ទាប់ ។ជាពិសេសការបាញ់ទម្លាក់ប៉េងប៉ោងដែលគេជឿថាជា "ចារកម្ម" របស់ចិននៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។Blinken នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិននៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពី "សារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហ" រវាងប្រទេសទាំង២។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាលពីថ្ងៃទី១៤ខែមិថុនា។រដ្ឋមន្ត្រីការបរទេសអាមេរិកក៏នឹងលើកឡើងពីបញ្ហាទ្វេភាគីបញ្ហាសកលនិងតំបន់ដែលមានការព្រួយបារម្ភទៅវិញទៅមកក៏ដូចជាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមឆ្លងដែន។ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនបានបន្ទាបបន្ថោកការរំពឹងទុករបស់ភាគីទាំង២ក្នុងការសម្រេចបាននូវលទ្ធផលឈានមុខគេលើបញ្ហាតានតឹងជាច្រើននៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។លោក Kurt Campbell អ្នកសម្របសម្រួលសេតវិមានសម្រាប់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយថា គោលដៅកំពូលមួយដែលនឹងត្រូវបានពិភាក្សាដោយរដ្ឋមន្ត្រីការបរទេស Blinkenក្នុងអំឡុងដំណើរនេះគឺដើម្បីកែលម្អទំនាក់ទំនងយោធារវាងប្រទេសទាំង២។នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិន Qin Gang នៅថ្ងៃទី១៤ខែមិថុនា លោក Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរ ដើម្បីគ្រប់គ្រងទំនាក់ទំនងទ្វេភាគីប្រកបដោយការទទួលខុសត្រូវ។ទន្ទឹមនឹងនោះ លោក Qin បាននិយាយថា ទំនាក់ទំនងចិន-អាមេរិកបានប្រឈមមុខនឹង"ការលំបាកនិងបញ្ហាប្រឈមថ្មី" ចាប់តាំងពីដើមឆ្នាំនេះមក។យោងតាម ​​Qin វាជាទំនួលខុសត្រូវរបស់ភាគីទាំង២ក្នុងការធ្វើការរួមគ្នាដើម្បីដោះស្រាយការខ្វែងគំនិតគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងស្ថិរភាពទំនាក់ទំនង។សហរដ្ឋអាមេរិកនិងចិនបានចាត់វិធានការជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងការប្រែប្រួលអាកាសធាតុផងដែរ។កាលពីខែមុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងលោក Wang Yi ប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានជួបប្រជុំគ្នានៅទីក្រុងវីយែនប្រទេសអូទ្រីស។គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា លោក William Burns នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក បានទៅដល់ទីក្រុងប៉េកាំង ខណៈដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានទៅដល់ទីក្រុងវ៉ាស៊ីនតោន។ ថ្មីៗនេះ លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមកដល់ទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ដើម្បីរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Blinken ៕ពុតសាម៉ាត់
Powered by Blogger.