កម្ពុជាសង្ឃឹមលើកីឡា៤ប្រភេទដែលមានសក្ដានុពលយកមេដាយមាស
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នឹងបើកជាផ្លូវការនៅថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២៣ស្អែកនេះ។ក្នុងព្រឹត្តិការប្រកួតនេះអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានលើកឡើងថាកម្ពុជាសង្ឃឹមលើកីឡា៤ប្រភេទដែលមានសក្ដានុពល ដើម្បីដណ្ដើមយកមេដាយមាសបានច្រើនជាងគេ ខណៈកីឡា១០ប្រភេទផ្សេងទៀតបង្ហាញសញ្ញាវិជ្ជមានខ្ពស់ផងដែរ។
បន្ទាប់ពីពិធីបើកមជ្ឈមណ្ឌលព័ត៌មានកណ្ដាល(MPC) និងមជ្ឈមណ្ឌលផ្សាយព័ត៌មាន(IBC)បម្រើព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នាព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោលោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានិងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា «ប្រភេទកីឡាដែលកម្ពុជាគិតឃើញថាមានសក្ដានុពលនោះគឺយើងមានកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាបាល់ទះអង្គុយ និងកីឡាបាល់បោះរទេះ។៤ប្រភេទកីឡានេះយើងរំពឹងទុកថា នឹងមានមេដាយមាសច្រើនជាងប្រភេទកីឡាដទៃទៀត។ប៉ុន្តែក្នុងចំណោម ដប់ ប្រាំបី និងប្រាំបួនកីឡាទៀតមិនមែនថាអត់នោះទេ ខ្ញុំនៅតែសង្ឃឹមថា នឹងនៅតែមានមេដាយមាសដដែល»។យោងតាមតារាង គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ មានកីឡា១៤ប្រភេទគឺ៖ កីឡាអត្តពលកម្មជនពិការ Para Athletic, កីឡាហែលទឹកជនពិការ Para Swimming, កីឡាបាល់បោះរទេះ Wheelchair Basketball,កីឡាបាល់ទះអង្គុយ Sitting Volleyball,កីឡាវាយកូនឃ្លីលើតុជនពិការ Para Table Tennis, កីឡាវាយសីជនពិការ Para Badminton, កីឡាបាល់ទាត់ជនពិការ Football 5 Aside, កីឡាបាល់ទាត់ចលករខួក្បាល CP Football /Football 7 Aside, កីឡាបាល់បោះជនពិការ Para Goalball, កីឡាលើកទម្ងន់ជនពិការ Para Powerlifting, កីឡាយូដូជនពិការ Para Judo, កីឡាបូស្យា Boccia, កីឡាអុក Chess និងកីឡា E-Sport៕AKP
Post a Comment