របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃពុធបានឱ្យដឹងថាកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន១០៧,៩៣៨ តោនក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ ២០២៣ កើនឡើង ២.៥ ភាគរយពីចំនួន ១០៥,២៤៨ តោនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
|
កម្ពុជារកបាន១៤៥,៨លានដុល្លារពីការនាំចេញកៅស៊ូក្នុងរយៈពេល៥ខែដំបូង។YOUSOS APDOULRASHIM |
របាយការណ៍នេះបានបង្ហាញទៀទថាកម្ពុជាបានរកចំណូលបាន ១៤៥,៨ លានដុល្លារពីការនាំចេញកៅស៊ូក្នុងអំឡុងខែមករាដល់ខែឧសភាឆ្នាំនេះ ធ្លាក់ចុះ ១៣,៥ ភាគរយធៀបនឹង ១៦៨,៧ លានដុល្លារដែលបានរាយការណ៍កាលពីឆ្នាំមុន។លោកហ៊ឹមអូនអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបាននិយាយនៅក្នុងរបាយការណ៍ថា “កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម១,៣៥១ដុល្លារ ក្នុងអំឡុងពេល៥ខែដំបូងនៃឆ្នាំ២០២៣ ប្រហែល ២៥២ដុល្លារ ទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន” ។កម្ពុជានាំចេញកៅស៊ូជាចម្បងទៅប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។របាយការណ៍បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុប ៤០៤.៥៧៨ ហិកតា ក្នុងនោះដើមកៅស៊ូលើផ្ទៃដី ៣១៥.៣៣២ ហិកតា មានអាយុគ្រប់គ្រាន់អាចចៀរយកជ័របាន។គិតត្រឹមខែមេសា ឆ្នាំ ២០២៣ តម្លៃកៅស៊ូអន្តរជាតិជាមធ្យមមានតម្លៃ ១.៥៤ ដុល្លារក្នុងមួយគីឡូក្រាម។ តម្លៃកៅស៊ូធម្មជាតិប្រចាំឆ្នាំជាមធ្យមនៅផ្សារហ៊ុនសិង្ហបុរីបានឡើងដល់ ៤.៨២ ដុល្លារក្នុងមួយគីឡូក្រាមក្នុងឆ្នាំ២០១១។ ប៉ុន្តែចាប់តាំងពីពេលនោះមកតម្លៃបានធ្លាក់ចុះ ហើយនៅឆ្នាំ២០២១ កៅស៊ូជាមធ្យមមានតម្លៃ២.០៧ ដុល្លារក្នុងមួយគីឡូក្រាម។តម្រូវការទីផ្សារកៅស៊ូធម្មជាតិពិភពលោកបានកើនដល់តម្លៃ ៣០.៦១ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣.៥% ក្នុងរយៈពេលព្យាករណ៍ពីឆ្នាំ២០២៣-២០២៨ ដែលឡើងដល់តម្លៃប្រហែល ៣៧.៦៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៨។ Xinhua/Expertmarketresearch.com/Khmer Times
Post a Comment