នាយករដ្ឋមន្ត្រីហ៊ុន សែនបានឯកភាពមានការសង់សំណង់ពាក់ព័ន្ធប្រវត្តិសាស្ត្រយោធា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពតាមសំណើររបស់លោក ទៀ បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិចំពោះការចង់ឲ្យមានការសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូនិងប្រវត្តិយោធានៅតាមបណ្តាខេត្ត។
ការឯកភាពនេះ ធ្វើឡើងនៅក្នុងឱកាសនៃពិធីរំលឹកដល់ថ្ងៃដំណើរចេញតស៊ូរំដោះជាតិរបស់សម្តេចហ៊ុនសែនកាលពី៤៦ឆ្នាំមុនដែលរៀបចំឡើងនៅក្រសួងការពារជាតិនាព្រឹកថ្ងៃទី២០ខែមិថុនានេះ។ នៅចំពោះមុខមន្ត្រីយោធា និងភ្ញៀវសំខាន់ៗនានា ដែលត្រូវបានអញ្ជើញឲ្យចូលរួមខួប៤៦ឆ្នាំ ថ្ងៃចេញដំណើរតស៊ូរបស់សម្តេច។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនូវសំណើរឲ្យមានការសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូនិងប្រវត្តិយោធានៅតាមខេត្តទូទាំងប្រទេស។សូមបញ្ជាក់ថានៅក្នុងពិធីនេះ លោក ទៀ បាញ់ បានស្នើទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៥ចំណុច គឺទី១ ស្នើឲ្យសម្តេចហ៊ុន សែន ផ្តល់ការបញ្ជាក់អះអាងនូវព្រឹត្តិការណ៍សំខាន់ៗដែលបានកើតមានឡើងក្នុងដំណើរចេញតស៊ូរបស់សម្តេច។ ទី២ស្នើសុំការអនុម័តចេញអនុក្រឹត្យស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា ទី៣ ស្នើសុំបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធាដើម្បីការពារ អភិរក្ស និងអភិវឌ្ឍន៍តឹកតាងប្រវត្តិសាស្ត្រនានា។ទី៤ស្នើសុំអនុសាសន៍ក្នុងការកសាងសួនតេជោសន្តិភាពនៅតាមបណ្តាខេត្តសា្ថប័ន អង្គភាព ដែលបង្ហាញនូវខ្លឹមសារ និងគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ និងទី៥ ស្នើសុំរៀបចំតំបន់មរតកប្រវត្តិសាស្ត្រយោធាតេជោ នៅតាមភូមិភាគ និងយោធភូមិភាគពិសេស។ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាសម្តេចយល់ស្របនូវសំណូមពរទាំង៥ចំណុចរបស់លោក ទៀ បាញ់។ក៏ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីស្នើសុំឲ្យមានការសិក្សាជាមួយអ្នកច្បាប់នូវចំណុចទី៣ ទាក់ទងទៅនឹងការបង្កើតច្បាប់ស្តីពីប្រវត្តិសាស្ត្រយោធា ថាតើអាចធ្វើទៅរួចឬយ៉ាងណា។សម្តេចហ៊ុន សែន បន្ថែមថាការចេញអនុក្រឹត្យស្តីពីការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាគឺអាចធ្វើទៅបាន រួមនឹងអនុញ្ញាតឲ្យមានការសង់នូវសួនប្រវត្តិកាលនៃវិមានឈ្នះៗ នៅតាមខេត្តគឺអាចធ្វើទៅបានខណៈដែសម្តេចយល់ថាវាបំរើឲ្យទីតាំងកម្សាន្តសប្បាយ និងជាតំបន់ហាត់ប្រាណរបស់ប្រជាពលរដ្ឋផងដែរ។សូមរំលឹកថាកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧សម្តេចហ៊ុន សែន ដែលកាលណោះជាសមមិត្ត ហ៊ុន សែន រួមនឹងកម្មាភិបាល៤នាក់ទៀត បានចាប់ផ្តើមចេញដំណើរតស៊ូដើម្បីរំដោះជាតិ នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយបានភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត៕RFI
Post a Comment