កាកបាទក្រហមកម្ពុជាទទួលថវិកាសប្បុរជនជាង១៣លានដុល្លារនិងយានយន្តជាង១០គ្រឿងដើម្បីបម្រើឱ្យប្រតិបត្តិការមនុស្សធម៌
កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនជាង១៣លានដុល្លារ និងយានយន្តជាង១០គ្រឿងដើម្បីបម្រើឱ្យប្រតិបត្តិការមនុស្សធម៌ សង្គ្រោះជនងាយរងគ្រោះនិងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ។រូបភាពអ៊ីនធឺណិត
ការទទួលបានថវិកានិងយានយន្តខាងលើនេះ ធ្វើឡើងបន្ទាប់ពីកាកបាទក្រហមកម្ពុជាធ្វើយុទ្ធនាការស្វែងរកថវិកាក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម។ក្នុងសេចក្ដីថ្លែងអំណរគុណរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃចន្ទ បានឱ្យដឹងថា យ៉ាងហោចមានសប្បុរសជនសរុប៩៩៧ អង្គ/នាក់បានជឿជាក់ផ្ដល់មូលនិធិសរុបជាប្រាក់ដុល្លារចំនួន ១៣ ៨១៨ ៥៩២ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា។សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមថាក្រៅពីទទួលបានថវិកាខាងលើនេះ កាកបាទក្រហមកម្ពុជាក៏ទទួលបានយានយន្តពីសប្បុរជន ដើម្បីបម្រើឱ្យប្រតិបត្តិការ និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជាឱ្យកាន់តែរលូន និងដំណើរការល្អផងដែរ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបន្តថា យានយន្តទាំងនោះមានដូចជា រថយន្ត Pick Up in Ford Ranger XLS ឆ្នាំ២០២២ពណ៌ស ១គ្រឿង, រថយន្តម៉ាក HYUNDAI VIP ៧កៅអី ឆ្នាំ២០២៣ ១គ្រឿង, រថយន្តដឹកជញ្ជូន ចំណុះ ២.៥តោនម៉ាក ISUZU ឆ្នាំ២០២៣១គ្រឿង, ម៉ូតូអគ្គិសនី ១០គ្រឿង និងមួកសុវត្ថិភាពចំនួន៥០០ថែមទៀត។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីបញ្ជាក់ថា៖ «ការចូលរួមគាំទ្ររបស់សប្បុរសជនទាំងអស់ គឺជាសក្ខីភាពនៃការស្រឡាញ់និងការជឿទុកចិត្ត ចំពោះកាកបាទក្រហមកម្ពុជាក្នុងប្រតិបត្តិការមនុស្សធម៌ស្របតាមពាក្យស្លោក អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ គឺចេញពីបេះដូង»។ប្រធានកាកបាទក្រហមកម្ពុជា បន្ថែមថា ក្រុមការងារពាក់ព័ន្ធ នឹងចាត់ចែងប្រើប្រាស់មូលនិធិ និងសម្ភារៈ ដែលទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយតម្លាភាព និងគណនេយ្យភាព នៅទូទាំងរាជធានី-ខេត្ត។សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ប្តេជ្ញាចិត្តក្នុងការរួមចំណែកលើកកម្ពស់បរិយាបន្នសង្គមដែលមនុស្សគ្រប់ៗរូបត្រូវទទួលបានការគោរព និងទទួលស្គាល់ពីសង្គម ជាពិសេស ផ្ដល់អំណាច និងផ្តល់ឱកាស ដើម្បីចូលរួមការងារសង្គម និងទទួលផលពីការអភិវឌ្ឍដោយគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីបានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានឧបត្ថម្ភថវិកានិងសម្ភារៈដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តសកម្មភាពមនុស្សធម៌និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋាន។អគ្គលេខាធិការរង នៃកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានលើកឡើងថា បច្ចុប្បន្ន គោលដៅរបស់កាកបាទក្រហមកម្ពុជាគឺផ្ដោតសំខាន់ទៅលើជនពិការ ចាស់គ្មានទីពឹងកុមារកំព្រា ស្ត្រីមេម៉ាយ ស្ត្រីមានកូនច្រើន ដែលងាយរងគ្រោះ ជនរងគ្រោះ និងវិស័យផ្សេងៗពាក់ព័ន្ធជាច្រើនទៀត។លោកស្រីបន្ថែមថា កាលពីឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានជួយសម្រាលជីវភាពប្រជាពលរដ្ឋងាយរងគ្រោះបំផុតបានចំនួន ៧៣.១៣៤ គ្រួសារ និងបានសាងសង់ផ្ទះបានចំនួន ១០៤ខ្នង ព្រមទាំងបណ្តុះបណ្តាលជំនាញ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងផ្សេងៗបានរាប់សែនគ្រួសារទៀត។លោកស្រីបន្តថា៖ «កាកបាទក្រហមកម្ពុជា តែងធ្វើសកម្មភាពសប្បុរធម៌ នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដែលប្រជាពលរដ្ឋយើងកំពុងរងគ្រោះ និងងាយរងគ្រោះ ដោយមិនគិតពីនិន្នាការនយោបាយ ឬពណ៌សម្បុរឡើយ»។ក្នុងរបាយការណ៍របស់កាកបាទក្រហមកម្ពុជា កាលពីឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកា២លានដុល្លារ ដល់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ច្រើនជាងវិស័យផ្សេងៗ ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។របាយការណ៍បន្ថែមថា ចំពោះការងារលើកកម្ពស់ជីវភាពគ្រួសារ អតីតយុទ្ធជន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ដែលប្រឈមទៅនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន គឺកាកបាទក្រហមកម្ពុជា បានពង្រីកផ្ដល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៕KhmerTimes
Post a Comment