នាយករដ្ឋមន្ត្រីហ៊ុន សែនរំពឹងថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នឹងត្រូវបង្កើតឡើងនៅចុងខែសីហា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នឹងត្រូវបង្កើតឡើងនៅចុងខែសីហាបន្ទាប់ពីការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងពីការរំពឹងទុកនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិងនិយោជិតប្រមាណ ១៨ ០០០ នាក់នៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃព្រហស្បតិ៍។សម្តេចហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើគ្មានអ្វីប្រែប្រួល និង/ឬអ្វីៗដំណើរការទៅដោយរលូន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងកោះប្រជុំពេញអង្គលើកទី១ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែសីហា ហើយរាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែសីហា។សម្តេចនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ឱ្យចូលរួមអនុវត្តសិទ្ធិជ្រើសរើសគណបក្សនយោបាយរបស់ខ្លួនដើម្បីចូលរួមអភិវឌ្ឍន៍ជាតិនិងការរីកចម្រើនបន្ថែមទៀត។គណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប យល់ព្រមឲ្យចូលរួមប្រកួតប្រជែងនយោបាយ។ គណបក្សទាំងនោះរួមមានគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរអភិរក្ស គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្សឯកភាពជាតិខ្មែរ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាននិងគណបក្សកសិករ៕AKP/KhmerTimers
Post a Comment