ជលផលខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកបរិបូណ៌
មន្ត្រីជលផលខេត្តកំពង់ឆ្នាំងនៅថ្ងៃ២៨ដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០២៣បានចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ តបតាមការដឹកនាំបញ្ជាររបស់លោកងិន ហ៊ុនប្រធានមន្ទីរកសិកម្ម ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងដឹកនាំដោយលោកតាតសីហាជានាយផ្នែក បានចុះបេសកកម្មប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅក្នុងរដូវបិទនេសាទ ត្រង់ចំណុច នៃភូមិសាស្រ្តឃុំ ខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងដោយប្រើប្រាស់កម្លាំងសរុប៤រូប រួមនិងកាណូត១គ្រឿង ប្រទះឃើញបទល្មើស របាំងសាច់អួនរួមផ្សំលបលូ ដែលជាបទល្មើសជលផលបានឯកភាពរុះរើបំផ្លាញចោលនៅនឹងកន្លែងរួមមាន៖
-របាំងសាច់អួនចំនួន២១កន្លែងប្រវែង ១២០០ ម៉ែត្រ
-លូសាច់អួនចំនួន ២២ មាត់ បង្គោលចំនួន ៧០០ ដើម។
-ត្រីចម្រុះចំនួន ១៥ គក្រចាក់លែងចូលធម្មជាតិវិញ ។
លោកតាតសីហាជានាយផ្នែកបានដឹងទៀតថានៅក្នុងរដូវបិទនេសាទនេះ បើទោះជាសមត្ថកិច្ចសកម្មក្នុងការចុះបង្ក្រាបបទល្មើសនេសាទជាប្រចាំ និងនៅគ្រប់ទីកន្លែងយ៉ាងណាក៏ដោយក៏ជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសលបលួចធ្វើការនេសាទដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ជាបន្តបន្ទាប់។សកម្មភាពទាំងអស់នេះសមត្ថកិច្ចជំនាញនៅតែបន្តចុះបង្ក្រាបជាបន្តបន្ទាប់ដោយមិនមានការលើកលែង។ឆ្លៀតក្នុងឱកាសនេះលោកតាតសីហាក៏សូមអំពាវនាវដល់ប្រជានេសាទ ដែលតែងតែលបលួចនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ជលផល មិនស្ដាប់ការណែនាំពីអាជ្ញាធរមានសមត្ថកិច្ចបងប្អូននៅតែខាតបង់ទាំងថវិកាទាំងពេលវេលាសមត្ថកិច្ចនៅតែបន្តចុះរុះរើបំផ្លាញចោលដោយគ្មានការយោគយល់នោះឡើយ។ក្នុងនោះផងដែរលោកតាតសីហាក៏សំណូមពរសូមប្រជានេសាទទាំងអស់គោរពច្បាប់ស្តីពីជលផលបញ្ឍប់ការនេសាទខុសច្បាប់ ពេលនេះជារដូវបិទនេសាទរក្សាធនធានមេពូជសម្រាប់ការពងកូននាពេលខាងមុខឆាប់ៗនេះ ។សូមរម្លឹកថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណា ក៏ដោយ ។ សម្តេចតេជោ ថ្លែងបែបនេះ ខណ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីបានបញ្ជាឲ្យត្រៀមឧទ្ធម្ភាគចក្រ សម្រាប់ ដេញចាប់ពួកប្រព្រឹត្តិបទល្មើសនេសាទ ។សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថាការបង្ក្រាបបទល្មើសនេសាទមិនទទួលបានលទ្ធផលកន្លងមក ដោយសារមានការឃុតឃិត គ្នារវាងមន្ត្រី និងឈ្នួញ ដែលបញ្ហានេះមិន ត្រូវអត់ឱនឱ្យឡើយ ។សម្តេចហ៊ុន សែន បានបញ្ជាក់ថាបញ្ហានៃបទល្មើសនេសាទជលផលមិនមែនកើតមានតែនៅពេលបច្ចុប្បន្ននោះទេ គឺបានកើតឡើងតាំងពីសម័យបារាំងមកម្ល៉េះ ហើយក៏មានប្រជាពលរដ្ឋជាច្រើនរងគ្រោះដោយសារបញ្ហាទាំងនេះផងដែរ។សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនការប្រឹងប្រែងរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាកសិកម្មកម្ពុជាមានការរីកចម្រើន ការបង្កាត់ និងជ្រើសរើសពូជកសិកម្ម ដែលធានាទិន្នផលខ្ពស់ ធន់នឹងអាកាសធាតុ។សម្តេចហ៊ុន សែនបានបញ្ជាក់ថា តាមរយៈវិស័យកសិកម្ម បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែមានភាពល្អប្រសើរ និងបានចូលរួមកាត់បន្ថយ ភាពក្រីក្រ បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ ផងដែរ។សម្តេចហ៊ុន សែន ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនប្រសិទ្ធភាពការងារ ព្រោះជាវិស័យដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងត្រូវដាក់ចេញផែនវិធានការដើម្បីទប់ស្កាត់បទល្មើសនេសាទ។សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជា ឲ្យដាំព្រៃឈើឡើងវិញ នៅក្នុងដីជាង៦ម៉ឺនហិកតា ដែលបានរឹបអូសពីប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិត កាន់កាប់ទន្ទ្រាន នៅជុំវិញបឹងទន្លេសាបនាពេលកន្លងមក។សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប យកចិត្តទុកដាក់ក្នុងការបង្រ្កាបបទល្មើសជលផល ក៏ដូចជាបទល្មើសព្រៃឈើ ។ សម្ដេចបានមានប្រសាសន៍លើកឡើងថា, កន្លងទៅ ខាងរដ្ឋបាលជលផល និងខាងរដ្ឋបាលព្រៃឈើ ឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ប៉ុន្តែមិនទាន់ឃើញចេញជាលទ្ធផលអ្វីនៅឡើយទេ។ ដូច្នេះអភិបាលខេត្តទាំងអស់ មានអំណាចនៅក្នុងដៃរួចហើយ ក្នុងការគ្រប់គ្រងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឬមួយខ្លាចតែអស់លោកមិនចេះប្រើអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ។ ជុំវិញបទល្មើសជលផល សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានថ្លែងថា, ខ្ញុំបញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រឬយានល្បឿនលឿន បែបណា ក៏ដោយ។នៅព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២២ សម្ដេច ហ៊ុនសែន បានរំលឹកឡើងវិញចំពោះវិធានការបង្ក្រាបបទល្មើសជលផលនៅលើផ្ទៃបឹងទន្លេសាប ដោយសម្តេចសង្កត់ធ្ងន់ថាត្រូវតែធ្វើឲ្យបាន បង្ក្រាបរាល់បទល្មើសដែលកើតមាននៅតាមបឹងទន្លេសាប៕កែវបូរិន
Post a Comment