អស់រយៈពេល២ថ្ងៃជាប់ៗគ្នាលោកសមរង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិបានបង្ហោះឯកសារមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក ដោយលោកចង់បង្ហាញថាត្រកូលគ្រួសាររបស់លោកគឺជាអ្នកស្នេហាជាតិ។
|
លោកសមរង្ស៊ីដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។អ៊ីនធឺណិត |
ការលើកយកទឡ្ហីករណ៍នានាមកបញ្ជាក់របស់លោក សម រង្ស៊ី ពេលនេះ គឺធ្វើឡើងបន្ទាប់ពីលោកត្រូវបានចោទ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតាមវេទិការសាធារណៈនានាថាជា«ត្រកូលក្បត់ជាតិ៣ជំនាន់»។លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ តាមរយៈហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ និង២១ ខែមិថុនា បានបង្ហោះនូវឯកសារមួយចំនួនដែលបង្ហាញថាក្រុមគ្រួសាររបស់លោកជាអ្នកស្នេហាជាតិ។លោកសមរង្ស៊ីបានដកស្រង់សេចក្តីកែតម្រូវរបស់សម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉េកាំងកាលពីខែមេសា ឆ្នាំ២០០៣ ដោយបង្ហាញថាឪពុករបស់លោក គឺលោក សម សារី ជាអ្នកស្នេហាជាតិដ៏ឧត្តមនិងបរិសុទ្ធ ដែលបានបម្រើមាតុភូមិជាមួយសម្តេច សីហនុនៅក្នុងរាជកាលទី១របស់ព្រះអង្គនិងនៅពេលចាប់ផ្តើមនៃសង្គមរាស្ត្រនិយម ដែលសម្រង់បន្ទូលនេះមានបកប្រែជាភាសាបារាំងផងដែរ។បន្ថែមពីនេះ លោក សម រង្ស៊ី ក៏បានបង្ហោះសារផ្សេងទៀតដែរ នៃសម្រង់សេចក្តីកែតម្រូវរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបង្ហាញថាលោក សម សារី បានចូលរួមជាមួយព្រះអង្គ និងមានគុណសម្បត្តិនៅក្នុងការទាមទារឯករាជ្យពីបារាំង និងការផ្តល់យុត្តិធម៌ដល់លោក សម សារី។ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការបង្ហាញរបស់លោក សម រង្ស៊ី ថាគ្រាន់តែជាការលុបលាងនូវកំហុសដ៏ធ្ងន់ធ្ងររបស់លោកសម សារី ដែលជាឪពុករបស់ខ្លួនតែប៉ុណ្ណោះ។ លោក សុខ ឥសាន ទទួលស្គាល់ថាកាលៈទេសៈខ្លះព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានលើកតម្កើងលោក សម សារី ជាឥស្សរៈជនដែលមានគុណសម្បតិ្តបំរើជាតិ។ក៏ប៉ុន្តែឪពុកលោក សម រង្ស៊ី បានថ្នាំងថ្នាក់ខ្លាំងជាមួយព្រះករុណាសម្តេចឪនៅពេលសម្តេចឪដកលោកពីឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដែលពេលនោះក៏មានហេតុការណ៍ផ្ទុះគ្រាប់បែកនៅព្រះបរមរាជវាំងដែលផ្ញើពីលោកសមសារីមកធ្វើឲ្យព្រះអង្គម្ចាស់មួយអង្គសោយទិវង្គតនៅអំឡុងឆ្នាំ១៩៥៩។ នេះបើតាមលោក សុខ ឥសាន។សូមរំលឹកថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែននៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីខែតុលា ឆ្នាំ២០២២ បានហៅ សម រង្ស៊ី ពេញៗមាត់ថាពូជអាក្បត់បីជំនាន់ ដែលក្នុងនោះជីតា ឪពុករបស់លោក សម រង្ស៊ី និងលោក សម រង្ស៊ី សុទ្ធតែក្បត់ជាតិក្បត់ព្រះមហាក្សត្រ។ ពាក្យទណ្ឌិត ពូជក្បត់ជាតិ៣ជំនាន់នេះ ក៏ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ប្រើប្រាស់ជាវោហាសាស្ត្រនយោបាយជាបន្តបន្ទាប់តាមរយៈវេទិការសាធារណៈនានា ខណៈដែលសម្តេចបាន និងកំពុងប្រើយុទ្ធសាស្ត្រ(IF)ដាក់លោក សម រង្ស៊ី ឲ្យនៅឯកោ និងត្រូវបញ្ចប់ជីវិតនយោបាយ៕RFI
Post a Comment