សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាគាំទ្រការផ្តួចផ្តើមសម្តេចហ៊ុន សែនក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ និងមានសុទិដ្ឋិនិយមចំពោះស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានដែលចូលរួមយ៉ាងផុសផុលក្លៀវក្លាគាំទ្រដល់គំនិតផ្តួចផ្តើមដ៏មានតម្លៃបំផុតរបស់សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់លើចំណុច«សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»។
នេះគឺជាការគិតគូរប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ ហើយក៏ជាការត្រួសត្រាយអនាគតកម្ពុជាដ៏មានតម្លៃ ជាពិសេសពង្រឹងបាននូវ«ភាពទទួលខុសត្រូវខ្ពស់»បស់ប្រជាពលរដ្ឋនិងអ្នកនយោបាយចំពោះជាតិនិងប្រជាជនខ្លួនឯងដោយត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនរាប់ចាប់តាំងពី«សិទ្ធិបោះឆ្នោត»ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ។ការកសាងបាននូវមូលដ្ឋាន«ប្រជាធិបតេយ្យចូលរួម»គឺការប្រឹងប្រែងប្រកបដោយភាពប្រាកដនិយមក្នុងការពង្រឹងកម្លាំងជាតិពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋលើគ្រប់ដំណើរជាតិ លុបបំបាត់វប្បធម៌នយោបាយជ្រុលនិយម ការបំបែកបំបាក់ ការបន្ទុចបង្អាក់ ជាពិសេស លុបបំបាត់ជំងឺប្រឆាំងជ្រុលនិយមចំពោះផលប្រយោជន៍ជាតិគ្មានទីបញ្ចប់។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាក៏យល់ឃើញដែរថា ការផ្តួចផ្តើមរបស់ សម្តេចហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះ គឺមានតម្លៃដូចគ្នាទៅនឹងការផ្តួចផ្តើមកន្លងមក ក្នុងការរៀបចំច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ឱ្យមាន«សញ្ជាតិខ្មែរតែមួយ» ចំពោះឥស្សជនជាន់ខ្ពស់ដែលប្រាថ្នាក្លាយជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ប្រទេសដែលច្បាប់នេះក្លាយជាមូលដ្ឋានសម្រាប់កសាងមេដឹកនាំដែលមានភាពស្មោះត្រង់ ជាត្រីវិស័យសម្រាប់សម្រួចនូវភក្តីភាពរបស់អ្នកនយោបាយ ចំពោះប្រទេសជាតិខ្លួនហើយលើសពីនេះគឺជាកំផែងការពារនិងបញ្ចៀសបាននូវការជ្រៀតជ្រែករបស់បរទេសមកលើកិច្ចការប្រទេសជាតិផងដែរ។ ជាថ្មីម្តងទៀតការផ្តួចផ្តើមរបស់សម្តេចហ៊ុនសែនគឺជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសជាតិនិងមានតម្លៃសម្រាប់អនាគតកម្ពុជាពិតប្រាកដ៕សហការី
Post a Comment