នាយ​ករដ្ឋមន្រ្តី៖កម្ពុជាបានអ​នុវត្តន៍ប្រជាធិប​តេយ្យយ៉ាង​ទៀងទា​ត់និងជាក់​​លាក់

 សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន​បញ្ជាក់ថាកម្ពុជាបានអនុវត្តន៍ប្រជាធិបតេយ្យយ៉ាងទៀងទាត់ និងជាក់លាក់តាមរយៈ​ការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ៥ឆ្នាំម្ដង។

ការគូសបញ្ជាក់របស់សម្ដេច​​​នាយក​រដ្ឋ​មន្រ្ដី​បែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនី​សរុបចំនួន ១៨០៩៥ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ ដែលកំពុងដំណើរ​អាជីវកម្ម​ក្នុង​ស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។សម្ដេចហ៊ុន សែន មានប្រសាសន៍ថា«កម្ពុជាគឺជាប្រទេសដែលបាន​អនុវត្តន៍​ទៀងទាត់ច្បាស់លាស់បើប្រៀបធៀបទៅនឹងប្រទេសដទៃ។ប្រទេសខ្លះបានអនុញ្ញាឱ្យនាយក​រដ្ឋ​មន្ត្រីមានសិទ្ធិស្នើសុំទៅព្រះមហាក្សត្រឬប្រមុខរដ្ឋដើម្បីរំលាយសភាមុនអាណត្តិ​បោះ​ឆ្នោត។ប៉ុន្តែសម្រាប់កម្ពុជារដ្ឋធម្មនុញ្ញមិនអនុញ្ញាតសិទ្ធិឱ្យនាយករដ្ឋមន្ត្រីរំលាយសភាបានទេ »។សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា​បានកំណត់នីតិកាល​របស់​រដ្ឋសភាមានរយៈពេល៥ឆ្នាំ ដែលរដ្ឋសភាមិនអាចរំលាយមុនអាណត្តិបានទេលើកលែងតែ​រាជរដ្ឋាភិបាលត្រូវរំលាយ២ដងក្នុងរយៈពេល២ឆ្នាំហើយរដ្ឋសភានឹងអស់អាណត្តិនៅ​ពេល​ដែលសភាថ្មីចូលកាន់តំណែង។សម្ដេចបានលើកឡើងថាច្បាប់ស្ដីពីការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្របានកំណត់ថារៀងរាល់ថ្ងៃអាទិត្យនាសប្ដាហ៍ទី៤ នៃខែកក្កដាត្រូ​វ​ចាត់តាំងការបោះឆ្នោតតាមរយៈអនុក្រឹត្យកំណត់របស់នាយករដ្ឋមន្ត្រី។សម្ដេចនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់កម្មករ-កម្មការិនីក៏ដូចជាប្រជាពល​រដ្ឋកម្ពុជា​ទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​អាណត្តិទី៧នៅខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ។ ទន្ទឹមនេះសម្ដេចបានរម្លឹកថាកុំភ្លេចទៅបំពេញកាតព្វកិច្ច៥ឆ្នាំម្ដងដែលមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួត​ប្រជែងសម្រាប់ការជ្រើសរើសការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា៕AKP

Powered by Blogger.