រដ្ឋ​មន្ដ្រីក្រ​សួងម​ហាផ្ទៃលើក​ឡើងថា​​តម្រូវការ​​អភិវឌ្ឍន៍​​ហេដ្ឋារ​ច​នា​​សម្ព័ន្ធត្រូវបា​ន​រាជរដ្ឋាភិ​បាលចា​ត់​ទុកជា​យុទ្ធសា​ស្រ្ត​អាទិ​ភាព

 សម្តេចស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានលើកឡើងថា តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលនៅ​​តែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើង​របស់​សម្ដេចក្រឡាហោមនេះក្នុងពិធីបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្ត​លេខ៣១២ ប្រវែង​២៨,៣៧២គីឡូម៉ែត្រ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមឥណ​ទាន​​សម្បទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។សម្តេចស ខេង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រកម្ពុជាបានគូសបញ្ជាក់ថា៖ «តម្រូវការ​អភិវឌ្ឍន៍​វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន​នៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់​ទុក​ជាយុទ្ធសាស្រ្តអាទិភាពដែលជំរុញ​កំណើនសេដ្ឋកិច្ចហើយក៏ជាមធ្យោបាយដ៏មាន​ប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រី​ក្រ​របស់ប្រជាជនផងដែរ»។សម្ដេចក្រឡាហោម​បាន​​បញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើន​នៅ​កម្ពុជា អាចសម្រេចទៅបាន គឺអាស្រ័យដោយមាន​ការ​ឧបត្ថម្ភគាំទ្រតាមរយៈការផ្ដល់​ហិរញ្ញប្ប​ទានសម្បទាននិងជំនួយឥតសំណងពី​សំណាក់បណ្ដាប្រទេសជាមិត្តនិង​ដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍​អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅ​កម្ពុជា។សម្តេចសខេងបានថ្លែងនូវអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា បើនិយាយជារួម និង​និយាយដោយឡែក គឺបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់​ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹក​ភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានទុកដាក់សំរាមនៅតាម​ទីប្រជុំជន ។ទន្ទឹមនេះ ជួយក្នុងបណ្ដាខេត្ត ក្រុងសំខាន់ៗមួយចំនួន រួមទាំងការរៀបចំផែន​ការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាដើម ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ជាមួយគ្នានេះ សម្តេចក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែលបានជួយពន្លឿនក្នុងការរៀបចំនីតិវិធី ដើម្បីជំរុញឱ្យគម្រោង​លើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ អាចប្រកាសបើកការដ្ឋានបាន​នា​ពេលនេះ៕AKP

Powered by Blogger.