អតីតសមាជិកគណបក្សសង្គ្រោះជាតិស្នើនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍លើកលែងទោស
លោកអ៊ូ ច័ន្ទឫទ្ធិអតីតសមាជិកគណបក្សសង្គ្រោះជាតិបានធ្វើលិខិតស្នើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើកិច្ចអន្តរាគមន៍ ដើម្បីឱ្យមានការលើកលែងទោសនិងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ដល់រូបលោក។ក្នុងលិខិតស្នើអន្តរាគមន៍ធ្វើនៅសហរដ្ឋអាមេរិកនៅថ្ងៃទី៣១ ខែឧសភា ដែលមានហត្ថលេខាដោយលោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរថា លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសពាក់ព័ន្ធនឹងបទចោទប្រកាន់មួយចំនួន។លោកថា ក្នុងន័យនេះលោកបានសម្រេចចិត្តផ្ដាច់ខ្លួននិងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិទៀតហើយ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន។លោកបានស្នើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយធ្វើកិច្ចអន្តរាគមន៍ទៅព្រះមហាក្សត្រដើម្បីឱ្យមានការលើកលែងទោសនិងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់ដើម្បីរូបលោកមានសេរីភាពដែលអាចវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ។ជុំវិញករណីនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ថា សំណើរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ដែលបានស្នើសម្តេចនាយករដ្ឋមន្ត្រីជួយធ្វើកិច្ចអន្តរាគមន៍ដើម្បីឱ្យមានការលើកលែងទោសនោះគឺលោកមិនទាន់ដឹងថាមានវឌ្ឍនភាពយ៉ាងណានៅឡើយទេ។លោកបាននិយាយយ៉ាងខ្លីថា៖«ខ្ញុំកំពុងរង់ចាំមើលករណីនេះដែរ»។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយក្នុងវេទិការសាធារណៈថា សម្តេចបើកទ្វារស្វាគមន៍និងទទួលយកសកម្មជននិងមន្ត្រីគណបក្សប្រឆាំងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្នុងករណីពួកគេផ្ដាច់ខ្លួនចេញគណបក្សប្រឆាំងនឹងរដ្ឋាភិបាល។សម្តេចបានបញ្ជាក់ថា បុគ្គលតែម្នាក់គត់ដែលសម្តេចមិនទទួលយក គឺលោក សម រង្ស៊ី ដែលមេដឹកនាំគណបក្សប្រឆាំងដែលកំពុងរស់នៅបរទេស។លោកឡាំ សុជាតិ នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ បាននិយាយថា ជាធម្មតានៅមុនពេល ការបោះឆ្នោតចូលមកដល់ គឺតែងតែមានសកម្មជនគណបក្សមួយចុះចូលក្នុងគណបក្សមួយផ្សេងទៀត ដែលការចុះចូលនោះគឺជាកម្មសិទ្ធិរបស់បុគ្គលម្នាក់ៗ ហើយក៏ជាការបង្ហាញប្រាប់ថា ពួកគេមានសិទ្ធិសេរីភាពក្នុងការចុះចូលគណបក្សនយោបាយណាមួយក៏បាន។លោកបន្តថា ការចាកចេញពីគណបក្សនយោបាយមួយ ហើយចុះចូលនឹងគណបក្សនយោបាយមួយផ្សេងទៀត ដោយពួកគេយល់ឃើញពីតម្លៃសម្រាប់ការបម្រើប្រទេសជាតិតាមចំណេះនិងជំនាញរបស់ពួកគេ។លោកថា ជាធម្មតាគណបក្សនយោបាយក្នុងរដូវបោះឆ្នោតតែងតែមានយុទ្ធសាស្ត្រប្រកួតប្រជែង ហើយមធ្យោបាយទៀតសោតត្រូវតែមានភាពទាក់ទាញ ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់ ក៏ដូចជាសកម្មជនបក្សនយោបាយដទៃចូលរួមជាកម្លាំងកាន់តែខ្លាំង។លោកមានប្រសាសន៍ថា៖ «លក្ខណៈបែបនេះជាវិធីសាស្ត្ររបស់គណបក្សនយោបាយណាក៏អាចធ្វើបានដែរ ប្រសិនបើគណបក្សនយោបាយនោះមានលទ្ធភាព។ប៉ុន្តែអ្វីដែលសំខាន់នោះ គឺមិនបង្ខិតបង្ខំ»។លោកបញ្ជាក់ថា៖ «គ្មានអ្វីដែលចម្លែកទេដែលសកម្មជនគណបក្សនយោបាយផ្សេងៗព្រោះគណបក្សប្រជាជនកម្ពុជាមានធនធានគ្រប់គ្រាន់ ហើយជាគណបក្សកាន់អំណាចជាច្រើនឆ្នាំមកហើយ។ ដូច្នេះគណបក្សនេះមានលទ្ធភាពច្រើនជាងបក្សនយោបាយផ្សេងៗជារឿងធម្មតា។នេះជាអ្វីដែលយើងមើលឃើញទាំងអស់គ្នា»៕Khmer Times
លោក អ៊ូ ច័ន្ទឫទ្ធិថ្លែងទៅកាន់អ្នកគាំទ្រនាទីស្នាក់ការគណបក្សនាសង្កាត់ចាក់អង្រែលើនៅថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦។RFA
Post a Comment