សម្ដេចហ៊ុន សែន៖ដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការជាការសម្រុះសម្រួលគ្នាតាមរយៈឈ្នះ-ឈ្នះ
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យភាគីពាក់ព័ន្ធត្រូវខិតខំដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការព្រោះថាការដោះស្រាយដោយការសម្រុះសម្រួលគ្នាតាមរយៈឈ្នះ-ឈ្នះ ដូចគ្នាប្រសើរជាងការឡើងតុលាការ។
ការស្នើរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។សម្តេចហ៊ុន សែនបានមានប្រសាសន៍ថា ការដោះស្រាយវិវាទនៅខាងក្រៅប្រព័ន្ធតុលាការគឺជាផ្នែកមួយនៃការដោះស្រាយដោយការយោគយល់គ្នាតាមនយោបាយឈ្នះ-ឈ្នះ ពីព្រោះថាបើចូលដល់ដៃតុលាការគឺតុលាការមិនដែលកាត់ឱ្យស្នើគ្នានោះទេ តែងតែមានអ្នកឈ្នះនិងអ្នកចាញ់។សម្តេចបានថ្លែងថាការកាត់ឱ្យឈ្នះ ឬចាញ់នេះមិនអាចបន្ទោសតុលាការបានទេព្រោះអ្នកឈ្នះថាតុលាការយុត្តិធម៌ ចំណែកអ្នកចាញ់ថាអយុត្តិធម៌។បើសិនអ្នកឈ្នះនៅសាលាដំបូង ដល់ចាញ់នៅសាលាឧទហរណ៍អ្នកឈ្នះទៅចាញ់វិញអីចឹងអ្នកនោះស្រែកថាអយុត្តិធម៌ តែដល់ឡើងដល់តុលាការកំពូលអ្នកធ្លាប់ឈ្នះនៅសាលាដំបូងស្រែកថាយុត្តិធម៌នៅសាលាដំបូង និងសាលាកំពូល។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំលើកទឹកចិត្តឱ្យមានការសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាការដោយមានការចូលរួមពីផ្នែកយុត្តិធម៌និងមេធាវីដែលមិនយកប្រាក់កម្រៃ ហើយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងស្ថាប័នដែលមានការពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នាទៅ។នេះជាពិធីសាស្ត្រដោះស្រាយបញ្ហានៅក្នុងសង្គមរបស់យើងហើយចៀសវាងបាននូវបញ្ហាប្រឈមនានាដែលវានឹងកើត»។សម្តេចក៏បានលើកឡើងថារូបមន្តដោះស្រាយវិវាទនៅក្នុងប្រទេសប្រើវិធីសាស្ត្រ ធ្វើការសម្របសម្រួលវិវាទគឺជារឿងល្អ។រឿងភាគច្រើនគឺវិវាទដីធ្លី ហើយរឿងដែលឈឺក្បាលគឺកើតឡើងរវាងគ្រួសារនិងគ្រួសារ។សម្ដេចហ៊ុន សែនបានអះអាងថាការជំរុញឱ្យសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ទំនងជាមេធាវីដែលរកប្រាក់កម្រៃមិនសប្បាយចិត្តនោះទេ ព្រោះមេធាវីត្រូវការឱ្យមានបណ្ដឹងច្រើនដើម្បីការពារក្ដី ហើយទទួលបានកម្រៃសេវានៃការការពារ។ប៉ុន្ដែសម្ដេចបញ្ជាក់ថា ការសម្របសម្រួលក្រៅប្រព័ន្ធតុលាការខ្លះ ក៏អាចមានមេធាវីចូលរួមដែរ។ សម្តេចបានបន្ថែមថា៖«ក្នុងករណីក្តីណាមួយកើតឡើងអ្វីដែលសំខាន់តែគុណធម៌ធ្វើម៉េចកាត់ក្តីមិនលម្អៀង ហើយស្រាវជ្រាវឱ្យបានហ្មត់ចត់ កុំឱ្យមានពាក្យថាឱ្យតែអ្នកមានគឺឈ្នះក្តីទាំងអស់គឺកុំឱ្យមានពា្យនេះទីកើតឡើង។ប៉ុន្តែ អ្នកណាក៏ដោយអ្នកមានក៏ដោយក្រក៏ដោយត្រូវបានទទួលយុត្តិធម៌ដូចគ្នា។ អ្នកខ្លះឱ្យតែឃើញអ្នកមានគឺដឹងតែអ្នកមានខុសតែម្ដង ហើយអ្នកខ្លះក៏គិតថាឱ្យតែអ្នកក្រគឺត្រូវទាំងអស់ តែមិនបែបនេះទេ»៕AKP
Post a Comment