ឯកឧត្តម​​ស សុខា​បង្ហាញគោល​​ន​យោ​បាយសំ​ខា​ន់ៗរ​បស់​រាជរ​ដ្ឋាភិបា​​ល​​សម្រាប់៥ឆ្នាំ​​ខាងមុ​​ខ​ដ​ល់អ្នកចូលរួមជិ​ត​៥ពាន់​នាក់ក្នុងក្រុង​ព្រៃវែង

 ព្រៃវែង៖ឯកឧត្តម ស សុខារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហាញគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលសម្រាប់ ៥ឆ្នាំខាងមុខដល់អ្នកចូលរួមជិត៥ពាន់នាក់ក្នុងក្រុងព្រៃវែង។ ការថ្លែងបែបនេះរបស់ឯកឧត្តមសសុខាក្នុងឱកាសឯកឧត្តមជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធចំនួន៤៩២៩ក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានលើកយកគោលនយោបាយ ក៏ដូចជាគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ចំនួន ៥ចំណុច ដែលជាទិសដៅការងាររយៈពេល៥ឆ្នាំ (២០២៣-២០២៨) របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវតែសម្រេចឲ្យបានដូចខាងក្រោម៖

រូបភាព៖សែត លីណា

ទី១.បន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាពបូរណភាពទឹកដីការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សព្រមទាំងលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងសង្គមដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ 

ទី២.រាជរដ្ឋាភិបាលនឹងបន្តជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែទម្រង់តាមវិស័យនានាដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់លំដាប់ថ្នាក់ ដោយធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់វិស័យ ឲ្យមានសមត្ថភាពជំនាញវិជ្ជាជីវៈខ្ពស់ រួមទាំងសមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថលនិងព័ត៌មាន និងពង្រឹងការគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សីលធម៌វីជ្ជាជីវៈ ភាពស្អាតស្អំដោយផ្តោតលើការបម្រើប្រជាជនសំដៅលើកកម្ពស់នូវការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសង្គម ប្រកបដោយសមធម៌ យុត្តិធម៌ និងបរិយាបន្ន។ 

ទី៣.បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងបន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតនិងអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់កម្មករនិយោជិត។

ទី៤. ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនជឿនលឿន តាមរយៈការបន្តធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចដោយផ្តោតសំខាន់លើវិស័យកសិកម្ម ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។ ក្នុងនោះវិស័យកសិកម្ម ៖រាជរដ្ឋាភិបាល នឹងអនុវត្តវិធានការនានាដើម្បីគាំទ្រដល់ការបង្កើនផលិតភាពកសិកម្ម ដូចជាការពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមឃុំនានា (បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តសាកល្បងនៅក្នុងឃុំមួយចំនួនក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម) ការខិតខំរកទីផ្សារសម្រាប់ផលិតផលកសិកម្ម, ធានារក្សាលំនឹងថ្លៃកសិផលនិងការលើកទឹកចិត្តដល់ការកែច្នៃទំនិញកសិផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ បន្តជំរុញការអនុវត្តច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតរោងចក្រ សហគ្រាស និងសេវាកម្មនានា សំដៅបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។

ទី៥.ដើម្បីឈានទៅសម្រេចបានគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ រាជរដ្ឋាភិបាល នឹងបន្តរៀបចំនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីបែងចែកភាគផលនៃការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ ដោយបន្តដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីគាំពារដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលក្នុងនោះមានជាអាទិ៍៖បន្តរៀបចំនិងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្នុងអត្រាទាប និងមានភាពធន់។ ធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម (កម្មវិធីឧបត្ថម្ភសាច់ប្រាក់)សម្រាប់ជួយគាំពារដល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។រៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យទូទាំងប្រទេសនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ សំដៅបន្តធ្វើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ រៀបចំដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាជន។លើកកម្ពស់ការថែទាំសុខភាព ជូនគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ ពង្រឹងរបបថែទាំសុខភាពដោយផ្តល់ប័ណ្ណ ប.ស.ស ( ពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ) សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងក្រុងព្រៃវែង ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើឲ្យក្រុងព្រៃវែង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម បន្តថាសមិទ្ធផលទាំងអស់នេះពិតជាបានចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ជាមួយគ្នានោះផងដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងក្រុងព្រៃវែង ក៏ដូចជានៅទូទាំងប្រទេស ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។ ហើយអតីតយុទ្ធជន និងនិវត្តជនទាំងអស់ មិនថានៅក្នុងក្រុងព្រៃវែងទេ នៅទូទាំងប្រទេសកម្ពុជា គឺជាសាក្សីរស់ឆ្លងកាត់សម័យសង្គ្រាម និងបានដឹងងច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានកាប់សម្លាប់ បំបិទសិទ្ធិសេរីភាពគ្រប់បែប បិទសាលារៀន បង្ខំឲ្យកុមារធ្វើការ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាពគ្មានលទ្ធិប្រជាធិបតេយ្យហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ៕សេង បូលីន







































Powered by Blogger.