«ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតឬដំណឹងក្លែងក្លាយគឺជានិន្នាការសកលដែលបណ្តារដ្ឋនៅលើសកលលោកបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ។ជាពិសេសការបង្កើតយន្តការដោះស្រាយនិងការរិះរកមធ្យោបាយល្អៗ ដោយបូកបញ្ចូលទាំងបច្ចេកទេសបច្ចេកវិទ្យានិងការចូលរួមពីគ្រប់ភាគី រាប់ទាំងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព»។
|
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្តីពី“ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតសម្រាប់អ្នកសារព័ត៌មាន ដំណាក់កាលទី២” នៅខេត្តព្រះសីហនុ។AKP |
នេះជាការថ្លែងរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសិក្ខាសាលាស្តីពី“ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតសម្រាប់អ្នកសារព័ត៌មាន ដំណាក់កាលទី២” នៅខេត្តព្រះសីហនុ នាថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនានា ប្រធានលេខាធិការដ្ឋានជាតិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ សាស្ត្រាចារ្យ លោក លោកស្រី វាគ្មិន និងភ្ញៀវកិត្តិយសទាំងអស់ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត មន្ទីរជំនាញចំណុះខេត្តព្រះសីហនុ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា យន្តការសកលក៏ដូចជាយន្តការ ក្នុងតំបន់ គឺមានដូចជា៖ ១.របាយការណ៍ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ របស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិដាក់ជូនអង្គមហាសន្និបាត លើកទី៧៧ ដែលមាន ៦១ ចំណុចគោលបានពិពណ៌នាអំពីបញ្ហាប្រឈមដែលបង្កឡើងដោយព័ត៌មានមិនពិត និងការឆ្លើយតបចំពោះបញ្ហានៃព័ត៌មានមិនពិតការកំណត់ក្របខ័ណ្ឌច្បាប់អន្តរជាតិពាក់ព័ន្ធនិង ការពិភាក្សាអំពីវិធានការ ដែលរដ្ឋ និងសហគ្រាសបច្ចេកវិទ្យា បានកំណត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។ ២. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លែងការណ៍របស់ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃសមាគមប្រជាជាតិអាស៊ីអាគ្លេយ៍ (ASEAN) ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែឧសភា ឆ្នាំ២០២៣ ក៏បានសង្កត់ធ្ងន់លើ៖សារៈសំខាន់នៃតួនាទីរបស់រដ្ឋាភិបាលក្នុងការដោះស្រាយនិងទប់ស្កាត់ការផ្សព្វផ្សាយដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ការបង្កើតគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិតក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីគាំទ្រដល់ការងាររបស់ក្រុមការងារអាស៊ានស្តីពី ដំណឹងក្លែងក្លាយ (TFFN) ក្នុងការដោះស្រាយការកើនឡើងយ៉ាងឆាប់រហ័សនិងការផ្សាយឡើងវិញនៃដំណឹងក្លែងក្លាយ ការបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកព័ត៌មាន និងអក្ខរកម្មព័ត៌មាន ដើម្បីការពារសាធារណជនពីផលប៉ះពាល់អវិជ្ជមាននៃព័ត៌មានមិនពិត។ជាក់ស្តែងនៅព្រះរាជាណាចក្រកម្ពុជា ក្រៅពីច្បាប់ និងគោលនយោបាយជំនាញ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានកំណត់នូវយន្តការដូចជា៖ ក. អភិបាលកិច្ចគ្រប់គ្រង និងការងារបច្ចេកទេស មាន៖១.ប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ស្តីពីការគ្រប់គ្រងការផ្សាយតាមគេហទំព័រ និងបណ្តាញ ទំនាក់ទំនងសង្គម ដែលដំណើរការតាមប្រព័ន្ធអ៊ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៨ និង ២.គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្កើត ឡើងនៅឆ្នាំ២០២០។ ខ. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ក្រសួងព័ត៌មានកម្ពុជាមានកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្តនិងមានកិច្ចសហការជិតស្និទ្ធជាមួយក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញទំនាក់ទំនងសង្គម ដូចជា Google, Facebook និង Tik Tok។ គ. កិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ក្រសួងព័ត៌មាន តែងតែរៀបចំពិធី ជំនួបប្រចាំឆ្នាំរវាង សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុក ក៏ដូចជាការបើកវគ្គបណ្តុះបណ្តាល និងសិក្ខាសាលារយៈពេលខ្លីៗ ដល់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរួមចំណែកពង្រឹងគុណភាពនៃការសរសេរព័ត៌មាន និងការចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យសាធារណជនបានជ្រួតជ្រាប ចៀសវាងការភាន់ច្រឡំនានា ដែលឈានទៅដល់ការសម្រេចចិត្តខុស ឬការកើតមានជាចលាចលក្នុងសង្គម ជាពិសេសការផ្សព្វផ្សាយឱ្យសាធារណជនបានយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានមិនពិតនិងវិធីសាស្ត្រនៃការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងធ្វើការចែករំលែកបន្ត។ល។ លោកផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានអនុវត្តគម្រោង បានមានប្រសាសន៍ថា ស្របពេលដែលសេរីភាពនៃការផលិតមាតិកាផ្សព្វផ្សាយមានភាពសំបូរបែប និងការទទួលបាននូវមាតិកាទាំងនោះដោយមិនមានរបាំង ការកេងប្រវ័ញ្ចក៏បានកើតមាន ក្នុងទម្រង់ផ្សេងៗគ្នា មានដូចជាអំពើឆបោក ការគំរាមកំហែង ការកេងប្រវ័ញ្ចផ្លូវភេទ បញ្ហាកម្មសិទ្ធិបញ្ញា និងព័ត៌មានមិនពិតជាដើម។ ផលវិបាកនៃដំណឹងក្លែងក្លាយ បានជះឥទ្ធិពលអវិជ្ជមានជាខ្លាំងមកលើសង្គមជាតិ និងប្រទេសជាតិទាំងមូល។ វាអាចធ្វើឱ្យសហគមន៍ និងសង្គមជាតិមានភាពច្របូកច្របល់ តាមរយៈការបង្កឱ្យមានការរើសអើង អរិភាពរវាងជាតិសាសន៍ការបាត់បង់ទំនុកចិត្តមកលើស្ថាប័នសាធារណៈ ការលួចទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជាដើម។លោកបានឱ្យដឹងទៀតថា ចំណុចទាំងនេះបានធ្វើឱ្យក្រុមការងារបំផុសនូវគំនិតផ្តួចផ្តើម ស្វែងរកវិធីសាស្រ្តក្នុងការលុបបំបាត់នូវព័ត៌មានមិនពិត ដែលជាកិច្ចការងារចាំបាច់ទាមទារឱ្យមានការចូលរួមពីបណ្តាដៃគូពាក់ព័ន្ធទាំងអស់គ្នា។ យើងចាំបាច់ត្រូវមានរបាំង ដើម្បីទប់ស្កាត់នូវដំណឹងក្លែងក្លាយទាំងនោះ។ របាំងនេះ អាចជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ឧបករណ៍ ឬបច្ចេកទេសនៃការផ្ទៀងផ្ទាត់ព័ត៌មាន វិធានការបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងបរិស្ថាននៃប្រព័ន្ធផ្សព្វផ្សាយ និងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិតជាដើម។ ដោយមានការជំរុញលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងកិច្ចសហការពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសម្របសម្រួលឱ្យក្រសួងព័ត៌មានអាចបញ្ចូលគម្រោងក្នុងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ចាប់ពីឆ្នាំ២០១៨-២០២២ ក្រសួងព័ត៌មានទទួលបានគម្រោងសរុបចំនួន ៥ ដែលស្ថិតក្រោមការអនុវត្តរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចំនួន ៣ គម្រោង (សុទ្ធសឹងតែពាក់ព័ន្ធនឹងការចូលរួមរបស់អ្នកសារព័ត៌មានក្នុងការពង្រឹងវិជ្ជាជីវៈ និងប្រយុទ្ធនឹងព័ត៌មានមិនពិត) អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ១ គម្រោង និងនាយកដ្ឋានកិច្ចសហប្រតិបត្តិអន្តរជាតិ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ១ គម្រោង។តាមរយៈការអនុវត្តគម្រោងនេះ បានចូលរួមយ៉ាងច្រើនក្នុងការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការផ្លាស់ប្តូរឥរិយាបទនៃការផលិតព័ត៌មានតាមបែបប្រពៃណីមកជាការផលិតព័ត៌មានបែបឌីជីថល សំបូរបែបក្នុងបរិបទឌីជីថល និងបានវិវឌ្ឍន៍ខ្លួនឱ្យកាន់តែប្រសើរឡើងក្នុងការចូលរួមព្រឹត្តិការណ៍ធំៗ ដែលកម្ពុជាជាម្ចាស់ផ្ទះដូចជា កិច្ចប្រជុំអាស៊ី អឺរ៉ុបលើកទី១៣ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ នេះជាដើម៕AKP
Post a Comment