អាមេរិ​ក​និយាយ​​​​ថាចិន​ស​ន្យា​មិ​ន​បញ្ជូន​អា​វុធ​ទៅ​រុស្ស៊ី

 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា បញ្ហាក្តៅជាច្រើនត្រូវបានពិភាក្សាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនដែលក្នុងនោះទីក្រុងប៉េកាំងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនថានឹងមិនបញ្ជូនអាវុធទៅឱ្យរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងជម្លោះនៅអ៊ុយក្រែននោះទេ។

ប្រធានាធិបតីចិនលោក Xi Jinping(ស្តាំ)ទទួលជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃទី១៩ខែមិថុនា។រូបថត៖ AFP
លោក Blinkenបាននិយាយថា “យើង និងប្រទេសផ្សេងទៀតបានទទួលការធានាពីប្រទេសចិនថា ពួកគេមិនផ្គត់ផ្គង់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែនឡើយ”។លោក​បាន​និយាយ​ថាសហរដ្ឋ​អាមេរិក​មិន​មាន​ភស្តុតាង​ណា​មួយ​អំពី​រឿង​នេះ​ទេ។ទោះជាយ៉ាងណាក៏ដោយទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យចិនត្រូវយល់ដឹងថាក្រុមហ៊ុនចិនអាចផ្តល់ឱ្យរុស្ស៊ីនូវបច្ចេកវិទ្យាដែលអាចប្រើក្នុងជម្លោះ។មុន​នេះ អាមេរិក​បាន​ចោទ​ចិន​ថា​បាន​ពិចារណា​លើ​ជំនួយ​សព្វាវុធ​សម្រាប់​ក្រុង​ម៉ូស្គូ។ ទោះ​ជា​យ៉ាង​ណាទីក្រុង​ប៉េកាំង​បាន​បដិសេធ​ចំពោះ​រឿង​នេះ។លើសពីនេះទៀត បន្ទាប់ពីរយៈពេល២ថ្ងៃនៅក្នុងប្រទេសចិន និងជួបជាមួយមន្ត្រីជាន់ខ្ពស់ រួមទាំងជំនួបជាមួយប្រធានាធិបតី Xi Jinping នៅថ្ងៃទី១៩ខែមិថុនា លោក Blinken បាននិយាយថា លោកបានពិភាក្សាអំពីបញ្ហាក្តៅជាច្រើនទៀត។និយាយអំពីសេដ្ឋកិច្ច លោក Blinkenបាននិយាយថាការហាមប្រាមរបស់សហរដ្ឋអាមេរិកលើការនាំចេញ semiconductorទៅកាន់ប្រទេសចិនគឺមិនមានគោលបំណងដើម្បីទប់ស្កាត់សេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំងនោះទេ។លោក Blinken បាននិយាយថា "នៅក្នុងរាល់ការប្រជុំខ្ញុំសង្កត់ធ្ងន់ថាការចូលរួមដោយផ្ទាល់ និងការប្រាស្រ័យទាក់ទងគ្នាក្នុងកម្រិតខ្ពស់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងភាពខុសគ្នាប្រកបដោយការទទួលខុសត្រូវ និងធានាថាការប្រកួតប្រជែងមិននាំឱ្យមានជម្លោះ។លោក Blinken បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសចិនក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងក្តីសង្ឃឹមនៃការជំរុញកិច្ចសន្ទនារវាងប្រទេសទាំង២បន្ថែមទៀត។ទោះ​ជា​យ៉ាង​ណា បញ្ហា​នៃ​ការ​បង្កើត​បណ្តាញ​ទំនាក់​ទំនង​យោធា​នៅ​តែ​មិន​មាន​ការ​រុក​រក​ឃើញ​ឡើយ។ រដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងឆ្នាំ២០១៨ជុំវិញការទិញយន្តហោះចម្បាំង និងឧបករណ៍របស់ទីក្រុងប៉េកាំងពីក្រុមហ៊ុននាំចេញអាវុធ Rosoboronexport របស់រុស្ស៊ី។Blinken បាននិយាយថា "យើងមិនស្ថិតនៅក្រោមការបំភាន់អំពីបញ្ហាប្រឈមនៃការគ្រប់គ្រងទំនាក់ទំនងនេះទេ"។លោកបានមានប្រសាសន៍ថាការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន គឺជាដំណើរការដ៏វែងឆ្ងាយ និងលំបាក ដោយសារតែមានការខ្វែងគំនិតគ្នាជាច្រើនដូចជាបញ្ហាតៃវ៉ាន់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានរំលឹកឡើងវិញថា ខ្លួននៅតែអនុវត្តតាមគោលនយោបាយចិនតែមួយ។ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់សម្តីលោក Xi ដែលនិយាយថាភាគីទាំង២មានការរីកចម្រើននិងបានឯកភាពគ្នាលើបញ្ហាជាក់លាក់មួយចំនួន។មេដឹកនាំចិនបានសង្កត់ធ្ងន់ថាអាមេរិក និងចិនត្រូវស្វែងរកមធ្យោបាយដើម្បីរួមរស់និងសហការគ្នាជាជាងការគំរាមកំហែងគ្នាទៅវិញទៅមក។Xinhauបានដកស្រង់សម្តីលោកXiថា "ភាគីទាំង២មិនគួរព្យាយាមកែទម្រង់ម្ខាងទៀតតាមឆន្ទៈរបស់ខ្លួនឡើយ អនុញ្ញាតឱ្យមានការដកហូតសិទ្ធិអភិវឌ្ឍន៍ស្របច្បាប់របស់ភាគីម្ខាងទៀត"៕ពុតសាម៉ាត់
Powered by Blogger.