កម្ពុជានឹ​ង​​រក្សា​នូវតម្លាភាព​ចំ​​ពោះការ​អភិវឌ្ឍកំព​ង់​​​ផែរាម​ប្រកា​ន់ខ្ជាប់​នូវគោ​ល​​​កា​រណ៍ច្បាប់រដ្ឋធ​ម្ម​នុញ្ញរ​ប​​​ស់ខ្លួន

លោកទៀបាញ់អះអាងជាថ្មីថាកម្ពុជានឹងធានាឱ្យបាននូវតម្លាភាពចំពោះការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ខ្លួនក្រោយមានការចោទប្រកាន់ជាបន្តបន្ទាប់។​

ការបញ្ជាក់ជំហររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាពេលនេះធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០នៅឯប្រទេសសិង្ហបុរីកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។​ តែយ៉ាងណាអ្នកជំនាញយល់ថា កម្ពុជាត្រូវជម្រះមន្ទិលសង្ស័យឱ្យអស់ដើម្បីកុំចំណាយពេលបកស្រាយបញ្ហាមូលដ្ឋានទ័ពរាមបន្តទៀត។ជុំវិញភាពចម្រូងចម្រាសនៃការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមលោកទៀបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់នៅចំពោះមុខមេដឹកនាំលើវិស័យការពារជាតិមកពីបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិកថា រាល់ការអភិវឌ្ឍនៅក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា គឺគ្មានហេតុផលអ្វីក្រៅតែពីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃមូលដ្ឋានទ័ព ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យការពារជាតិ ដូចជាកិច្ចការពារសន្តិសុខលម្ហសមុទ្រនិងកិច្ចសហប្រតិបត្តិការនានាជាមួយរដ្ឋបរទេស។ម្យ៉ាងវិញទៀត ការអភិវឌ្ឍមូលដ្ឋានទ័ពរាម ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការការពារអធិបតេយ្យភាពរបស់កម្ពុជាផង។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក ទៀ បាញ់។ឆ្លើយតបទៅនឹងការចោទប្រកាន់ថា មូលដ្ឋានកងទ័ពជើងទឹករាមកម្ពុជា គឺអភិវឌ្ឍន៍សម្រាប់តែបម្រើផលប្រយោជន៍ផ្តាច់មុខដល់កងទ័ពចិន និងអាចបង្កអសន្តិសុខក្នុងតំបន់ លោក ទៀ បាញ់ថ្លែងថា មូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាគឺគ្រាន់តែជាមូលដ្ឋានតូចមួយដែលមានទំហំមិនទាន់ស្មើនឹងកំពង់ផែស៊ីវិលរបស់ប្រទេសមួយចំនួនផង។ ហើយវានឹងមិនប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ឡើយ។ផ្ទុយទៅវិញ ការធ្វើទំនើបកម្មកំពង់ផែរាមនេះ រដ្ឋមន្ត្រីការពារជាតិរូបនេះ យល់ថាជាជោគជ័យទៅវិញទេដើម្បីអាចឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពនានាក្នុងការបង្កើនសន្តិសុខក្នុងតំបន់ ខណៈកម្ពុជានឹងធានានូវតម្លាភាពនៃការអភិវឌ្ឍកំពង់ផែរាម។ទាក់ទិននឹងរឿងនេះលោកឯមសុវណ្ណារ៉ាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយកត់សម្គាល់ថា ការបញ្ជាក់ម្តងជាពីរដងរបស់កម្ពុជាជុំវិញការអភិវឌ្ឍកំពង់ផែរាម គឺជាជំហរដ៏ម៉ឺងម៉ាត់និងដើម្បីជម្រះមន្ទិលសង្ស័យនានាដែលសហគមន៍អន្តរជាតិចោទប្រកាន់មកលើកម្ពុជា។លោកសាស្ត្រាចារ្យថា ដើម្បីបញ្ចប់ការសង្ស័យពីសំណាក់សហគមន៍អន្តរជាតិ លុះត្រាណា កម្ពុជាខ្លួនឯងបង្ហាញពីជំហរអព្យាក្រឹត្យលើផ្នែកកិច្ចការបរទេសតាមរយៈការមិនចូលបក្សសម្ព័ន្ធ ក៏ដូចជាធ្វើអ្វីឱ្យស្របទៅតាមសន្និសញ្ញាទីក្រុងបារីស។បើតាមលោក ឯម សុវណ្ណរ៉ា ការដែលសហគមន៍អន្តរជាតិនៅបន្តទាមទារឱ្យកម្ពុជាបង្ហាញនូវតម្លាភាពនៃការអភិវឌ្ឍកំពង់ផែរាមដោយសាររាល់កម្ចីរបស់ចិនគឺត្រូវបំពេញលក្ខខណ្ឌចាំបាច់មួយដោយត្រូវអនុញ្ញាតឱ្យកងទ័ពចិនតាំងមូលដ្ឋានទ័ពក្រោមហេតុផលការពារសន្តិភាពដែលនេះវាស្របទៅនឹងទិដ្ឋាភាពបច្ចុប្បន្នដែលកំពង់ផែរាមត្រូវបានអភិវឌ្ឍន៍ក្រោមជំនួយរបស់ចិន។សូមជម្រាបថា មូលដ្ឋានទ័ពរាមកម្ពុជានៅតែជាបញ្ហាចម្រូងចម្រាសរវាងកម្ពុជា និងសហរដ្ឋអាមេរិកបន្ទាប់ពីកម្ពុជាបានវាយកម្ទេចចោលនូវអគារមួយជាជំនួយរបស់អាមេរិកកាលពីអំឡុងខែតុលាឆ្នាំ២០២០ ហើយសា្វគមន៍ការអភិវឌ្ឍក្រោមជំនួយរបស់ចិនវិញ។បញ្ហានេះ​ បានក្លាយជាវិញ្ញាសារបស់កម្ពុជាក្នុងការបង្ហាញតម្លាភាព ដើម្បីធានានូវសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕RFI ​ 

Powered by Blogger.