សម្ដេចហ៊ុន សែនឆ្លើយតបគោលនយោបាយថៃដែលចង់បណ្ដេញពលករខ្មែរនិងឡាវចេញពីប្រទេស
ដោយសម្ដែងនូវប្រតិកម្មចំពោះគោលនយោបាយរបស់ប្រធានគណបក្សឈ្នះឆ្នោតនៅប្រទេសថៃដែលចង់បណ្ដេញពលករខ្មែរនិងពលករឡាវចេញពីប្រទេសថៃនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថាគឺជានយោបាយមិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជាប្រទេសកម្ពុជានិងឡាវនោះទេ។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួនជិត២ម៉ឺននាក់នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ដែលមកពីរោងចក្រសហគ្រាសចំនួន១៩នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។សម្ដេចហ៊ុន សែន មានបប្រសាសន៍ថា៖ «ខ្ញុំគ្រាន់តែយករឿងមួយ តែសូមឱ្យតាមដានដោយមានការយកចិត្តទុកដាក់ ក្នុងអនុសាសន៍ទី១០ ទាក់ទងពលករនៅក្រៅប្រទេស មិនទាន់បានអីផងនៅក្នុងប្រទេសថៃ បានគំរាមបណ្ដេញចេញនូវពលករខ្មែរ និងពលករឡាវ ទៅហើយ។ ខ្ញុំគ្រាន់តែផ្ដាំទៅថា អ្នកឈ្នះឆ្នោតនៅថៃ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកទេ។ក៏ប៉ុន្តែសង្ឃឹមថាអ្នកនឹងមើលឱ្យឆ្ងាយជាងពីប្រទេសថៃ»។សម្ដេបន្តថាអ្នកជាអ្នកឈ្នះឆ្នោត។ក៏ប៉ុន្តែមិនប្រាកដថាអ្នកក្លាយទៅជានាយករដ្ឋមន្ត្រីនិងបង្កើតរដ្ឋាភិបាលបានទេ។ប៉ុន្តែអ្នកបានដាក់ចេញនយោបាយមួយ ដែលវាបង្កនូវគ្រោះថ្នាក់មិនមែនគ្រាន់តែសេដ្ឋកិច្ចឬគ្រាន់តែពលករខ្មែរ និងឡាវទេតែវាខូចខាតដល់សហគ្រាសរបស់ថៃដែលកំពុងប្រើប្រាស់ពលករមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបន្ថែមថាយើងត្រូវតាមដានឱ្យហ្មត់ចត់ ដើម្បីធានាដល់ពលកររបស់យើងធ្វើការក្នុងប្រទេសថៃដែលរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា បានបង្កលក្ខណៈពីកម្មករមិនស្របច្បាប់ ឱ្យទៅជាកម្មករស្របច្បាប់។ សម្ដេចគូសបញ្ជាក់ទៀតថា កម្ពុជាក៏មិនមានអ្វីទេតែគ្រាន់តែផ្ដាំផ្ញើថាគួរប្រុងប្រយ័ត្នសម្ដេចមិនប្រដៅអ្នកនយោបាយថៃទេ។នយោបាយនេះ ប្រហែលជាមិនទទួលបានការគាំទ្រពីប្រទេសជិតខាងដូចជាប្រទេសឡាវ មីយ៉ាន់ម៉ាក៏ដូចជាកម្ពុជានោះទេ។អ្នកនយោបាយថៃ គួរតែប្រុងប្រយ័ត្នចំពោះការដាក់ចេញនិងអនុវត្តន៍នយោបាយរបស់ខ្លួននេះ។ សម្ដេចលើកឡើងថា កម្ពុជាបានតាមដានដោយយកចិត្តទុកដាក់ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសគេទេ ។ក៏ប៉ុន្តែវាប៉ះពាល់ដល់កម្មករ កម្មការិនីរបស់យើងដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។សម្ដេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរនៅប្រទេសថៃ ដោយសម្ដេចក៏បានរម្លឹកពីអនុសាសន៍ទី១០ក្នុងចំណោមអនុសាសន៍គោលទាំង១០ចំណុចដែលមានការពាក់ព័ន្ធនឹងពលករខ្មែរនៅក្រៅប្រទេស។ គួរបញ្ជាក់ដែរថាច្ចុប្បន្នពលករកម្ពុជាដែលកំពុងបម្រើការនៅប្រទេសថៃមានប្រមាណ១លាន២សែននាក់ក្នុងចំណោមពលករនៅក្រៅប្រទេសប្រមាណ១លាន៣សែននាក់៕AKP
Post a Comment