នាយករដ្ឋមន្ត្រីស្នើសុំឱ្យម្ចាស់បុរីបញ្ឈប់ជាបន្ទាន់ការរឹបអូសផ្ទះដី
សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើសុំឱ្យម្ចាស់អចលនទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជាមានការយោគយល់ដល់អ្នកដែលបានបង់រំលោះផ្ទះឬដីនៅតាមបុរីដែលមិនមានលទ្ធភាពបង់រំលោះបន្តទៀតតាមរយៈការរៀបចំឥណទានឡើងវិញដោយបន្ថយចំនួនប្រាក់បង់ប្រចាំខែនិងរយៈពេលឆ្នាំនៃការបង់រំលោះ។
សម្តេចហ៊ុនសែនក៏បានស្នើសុំឱ្យបញ្ឈប់ជាបន្ទាន់ការរឹបអូសហើយចំពោះអ្នកដែលបានរឹបអូសហើយគួរពិចារណាសងទៅពួកគាត់វិញក្នុងចំនួនណាមួយដែលសមរម្យ។ការស្នើសុំរបស់សម្តេចនេះ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ។សម្តេចហ៊ុន សែន បានអំពាវនាវដល់ម្ចាស់អចលនទ្រព្យទាំងអស់បញ្ឈប់សិន ហើយនិយាយគ្នាសិននិងកុំមានការរឹបអូសតទៅទៀតចាប់ពីថ្ងៃទទួលសាររបស់សម្ដេចទៅ។សម្ដេចនាយករដ្ឋមន្រ្ដីបានលើកឡើងថា វិធីមានតែមួយទេគឺរៀបចំលទ្ធភាពសងរៀបចំឥណទានជាថ្មី ដោយបន្ថយចំនួនប្រាក់បង់ប្រចាំខែនិងរយៈពេលឆ្នាំនៃការបង់រំលោះ។ សម្តេចបានថ្លែងបញ្ជាក់ថា៖«បញ្ហាវាកើតឡើងដោយសារតែសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននិងជំងឺកូវីដដែលវាបានបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោកនិងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។អីចឹងសូមសុំមេត្តាយោគយល់បញ្ហានេះ ហើយទប់ស្កាត់បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញហើអ្នកទិញក៏ត្រូវមានការទទួលខុសត្រូវក្នុងការបង់បន្ត។ឯថៅកែបើបានរឹបអូសហើយនោះអាចពិនិត្យមើលថាតើអាចផ្ដល់លុយត្រឡប់ទៅឱ្យគាត់វិញខ្លះបានទេ»។ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្ដីបានស្នើឱ្យជំនួយការរបស់សម្ដេចដែលទទួល បន្ទុកការងារវិនិយោគពិនិត្យតាមដានបញ្ហានេះ ហើយធ្វើរបាយការណ៍មកសម្ដេចដើម្បីឱ្យដឹងព័ត៌មានជាក់លាក់ថាតើមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេរឹបអូសផ្ទះ។បុរីណាខ្លះដែលបានរឹបអូសផ្ទះពីប្រជាពលរដ្ឋ ហើយបង់បានប៉ុន្មាននិងបានសងត្រឡប់ទៅវិញចំនួនប៉ុន្មាន។ សម្តេចបានអះអាងថា នេះជាផ្នែកមួយនៃយុត្តិធម៌សង្គមដែលសម្តេចត្រូវតែយកខ្លួនមកពាំងព្រោះការរឹបអូសនោះវាឆាប់ពេក អ្នកខ្លះបង់បាន៥ម៉ឺនដុល្លារហើយរឹបអូសធ្វើឱ្យប្រាក់ដែលគាត់ខំសន្សំដើម្បីបង់ផ្ទះនេះត្រូវបាត់បង់ទាំងស្រុងព្រមទាំងបង្កើតការឈឺចាប់សម្រាប់មនុស្សកាន់តែច្រើន។សម្តេចសង្ឃឹមថាម្ចាស់បុរីទាំងឡាយនឹងរៀបចំឥណទានឡើងវិញព្រោះមិនមានអ្វីខាតទេ ហើយកន្លងទៅលោកអូនព័ន្ធ មុនីរ័ត្ន ក៏បានធ្វើការរៀបចំសម្រាប់សម្រួលដល់អ្នកវិនិយោគលើវិស័យអចលនទ្រព្យ។ សម្តេចបានថ្លែងបន្ថែមថា៖«ការគ្រប់គ្រងប្រទេសមួយគឺយើងត្រូវមើលអ្នកណា ក៏ជាមនុស្សនៅក្នុងប្រទេសកម្ពុជាដែលយើងត្រូវមានការទទួលខុសត្រូវ»៕AKP
Post a Comment