នាយករដ្ឋមន្រ្តីកម្ពុជាប្រាប់ក្រសួងយុត្តិធម៌ក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យណែនកុំឲ្យកើតមានរងើកភ្លើងទាន់
សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៦មិថុនា ប្រាប់ក្រសួងយុត្តិធម៌ក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យណែន ដើម្បីទប់ស្កាត់អំពើជ្រុលដែលបន្តកើតមាននៅកម្ពុជា។គេមើលឃើញថា នយោបាយព្រហ្មទណ្ឌជាយុទ្ធសាស្ត្រមួយដៅទៅលើក្រុមប្រឆាំង សកម្មជនបរិស្ថានដែលជានិច្ចជាកាលពួកគេទាំងរងបទចោទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមជាដើម។
នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់«អគារសាលាយុត្តិធម្ម»សម្តេចហ៊ុន សែន បានសង្កត់ធ្ងន់ថាកុំមើលស្រាលរឿងរ៉ាវព្រហ្មទណ្ឌព្រោះប្រទេសកម្ពុជា សម្បូរទៅដោយអំពើជ្រុលនិយមហួសហេតុដែលបន្តកើតមាន។ ក្រៅពីបរិបទក្នុងប្រទេសប្រមុខរដ្ឋាភិបាលក៏លើកបទពិសោធន៍ប្រទេសក្បែរខាងដែលកំពុងប្រឈមនឹងចលនាបះបោលក្នុងស្រុករវាងអាជ្ញាធរនិងក្រុមជនជាតិដើមភាគតិចនិងសំណុំរឿងទាហ៊ានស៊ីឈ្នួលរុស្ស៊ីដែលបែរទិសចេញពីអ៊ុយក្រែនទៅតទល់នឹងអំណាចយោធានៅរុស្ស៊ី។ ទាំងនេះជាអ្វីដែលសម្តេចហ៊ុន សែនយល់ថាការក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យណែនវាជារឿងសំខាន់ និងចាំបាច់ដើម្បីគ្រប់គ្រងស្ថានការណ៍ប្រទេសកុំឲ្យកើតមានរងើកភ្លើងទាន់។ជុំវិញការអនុវត្តនយោបាយព្រហ្មទណ្ឌនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា គួរមានការញែកឲ្យដាច់រវាងសិទ្ធិសម្ដែងមតិនិងបទញុះញង់ដែលកំពុងក្លាយជាបទចោទពេញនិយម។ បើតាមលោក អំ សំអាត ជាធម្មតាប្រទេសកាន់យករបបលទ្ធិប្រជាធិបតេយ្យសេរីភាពនៃការបញ្ចេញមតិជាគោលការណ៍គ្រឹះហើយការបញ្ចេញមតិជាកញ្ចក់នៃការឆ្លុះបញ្ចាំងដើម្បីជាការស្ថាបនាដោយមានការបើបេះដូងទទួលយកពីមន្ត្រីសាធារណៈ។ ចំពោះការញុះញង់វាគួរស្ដែងដោយការញុះញង់អ្នកណាមួយឲ្យប្រព្រឹត្តបទល្មើស។នេះបើតាមលោក អំ សំអាត។ជាការកត់សម្គាល់ នយោបាយព្រហ្មទណ្ឌមានភាពពេញនិយមសម្រាប់អនុវត្តទៅកាន់តួអង្គជាអ្នកនយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន សកម្មជនគាំទ្រគណបក្សនយោបាយប្រឆាំង សង្គមស៊ីវិល សហជីព ពលរដ្ឋដែលទំនាស់ដីធ្លី…ជាដើម។ ជាក់ស្ដែងលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានតុលាការកំពូលនិងសាលាឧទ្ធរណ៍ឃុំខ្លួនពាក់ព័ន្ធនឹងបទចោទប្រកាន់«ញុះញង់»ដែលបន្ថែមពីលើបទចោទមានស្រាប់ ជុំវិញរឿងចេញសែកគ្មានសាច់ប្រាក់។ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពក្រុមហ៊ុនណាហ្គាវើល៍ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំពីបទញុះញង់បង្កភាពវឹកវរក្នុងសង្គមតាមមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌ៕RFI
Post a Comment