ព្រះរាជពិធីចម្រើនព្រះជន្មរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៨៧យាងចូល៨៨ព្រះវស្សា បានប្រារព្ធធ្វើឡើងពីម្សិលមិញស្របតាមព្រះរាជប្បវេណីពីបុរាណ ខណៈសំណាក់ថ្នាក់ដឹកនាំជាតិគ្រប់ស្ថាប័នចូលរួមថ្វាយព្រះពរនិងសម្ដែងនូវភាវរភក្ដីសម្តេចព្រះមហាក្សត្រី។
|
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាមួយនឹងអំណោយសម្រាប់ ចម្រើនព្រះជន្ម។ រូបភាព៖ Royal du Cambodge/Khmer Times |
លោក ឈិន កេតនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បាននិយាយថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានណែនាំដល់ស្ថាប័នជាតិចូលរួមអបអរសាទរព្រះរាជពិធីដ៏ឧត្ដុង្គឧត្តមនេះជាមួយនឹងការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង។លោកបាននិយាយថា៖ «ការរៀបចំព្រះរាជពិធីនេះគេបានប្រជុំគេបានណែនាំដល់ក្រសួងស្ថាប័នរួចរាល់ហើយ»។លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បាននិយាយថា រដ្ឋបាលរាជធានីភ្នំពេញគោរពធ្វើតាមសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ដែលបានណែនាំឱ្យរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍របស់ទ្រង់ លើកទង់ជាតិ ទង់សាសនា និងលើកបដាពាក្យស្លោកឱ្យបានគ្រប់អង្គភាព ជាពិសេសណែនាំឱ្យធ្វើសារលិខិតថ្វាយព្រះពរដើម្បីអបអរសាទរព្រះរាជពិធីដ៏ឧត្ដុង្គឧត្តមនេះ។លោកបន្តថា៖ «ចំណែកការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងជាការទទួលខុសត្រូវរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ»។អ្នកឧកញ៉ាភក្តីព្រះស្តេច ហេង គឹមគុណ ធម្មការនិងសាសនាព្រះបរមរាជវាំង បាននិយាយថា នៅក្នុងព្រះបរមរាជវាំងមានការរៀបចំព្រះរាជពិធីចម្រើនព្រះជន្មរបស់សម្ដេចព្រះមហាក្សត្រីតាមប្រពៃណីជាតិខ្មែរ ដោយការនិមន្តព្រះសង្ឃមកសូត្រមន្ត បាគូថ្វាយជ័យ និងការវេរភត្ត។ជាមួយនឹងគ្នានេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេងលោករដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងនានា ព្រមថ្នាក់ដឹកនាំស្ថាប័នផ្សេងៗទៀតបានធ្វើសារលិខិតថ្វាយព្រះពរ សម្ដែងកតញ្ញូតាធម៌ តបស្នងសងព្រះមហាករុណាទិគុណដែលព្រះអង្គបានលះបង់ក្នុងបុព្វហេតុជាតិមាតុភូមិ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារថ្វាយព្រះពរថាសម្តេចនិងភរិយាសូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្ដែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធរុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។សម្តេចបន្តថា៖ «សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តទូទាំងប្រទេសជាអង្វែងតរៀងទៅ»។លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានលើកឡើងថា ការធ្វើពិធីព្រះចម្រើនព្រះជន្មព្រះមហាក្សត្រីគឺធ្វើឡើងក្នុងន័យលើកតម្កើនព្រះរាជកិត្តិយសចំពោះព្រះមហាក្សត្រីនិងបង្ហាញពីការលើកកិត្តិយសរបស់ប្រជាជាតិខ្មែរដែលចេះគោរពឱ្យតម្លៃចំពោះមនុស្សចាស់។លោកបាននិយាយថា៖ «តាំងពីសម័យបុរាណមក ប្រជាជាតិខ្មែរឱ្យតម្លៃលើកតញ្ញូតាធម៌ជាធំ។ ក្នុងទស្សនៈនៃប្រទេសដែលមានតម្លៃខាងកតញ្ញតាធម៌ដូចប្រជាជាតិខ្មែរគឺចំណុចសំខាន់ត្រូវតែប្រើប្រាស់នូវតម្លៃគុណធម៌ និងសីលធម៌ដ៏ខ្ពង់ខ្ពស់»។លោកបន្តថា៖ «រាជរដ្ឋាភិបាល ព្រមទាំងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ដែលបានខិតខំបំពេញបេសកកម្ម ដើម្បីរៀបចំព្រះរាជពិធីចម្រើនព្រះជន្មរបស់សម្ដេចម៉ែ គឺជាមហាកិត្តិយសរបស់ជាតិ»។លោកបន្ថែមថា៖ «គុណតម្លៃនេះ គួរតែត្រូវបានសាង ផ្សព្វផ្សាយ និងផ្ដល់ឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រចេះដឹងអំពីគុណធម៌ សីលធម៌ និងកតញ្ញូតាធម៌ចំពោះការដឹងគុណចំពោះអ្នកមានគុណ»។លោក សំបូរ ម៉ាណារ៉ា បានបន្ថែមទៀតថា គុណតម្លៃរបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញ្ញាណរបស់ទ្រង់ ដោយគង់នៅជាមួយអតីតព្រះមហាក្សត្រជាប់រហូត ទោះស្ថិតក្នុងវិបត្តិសង្គ្រាម ក៏ព្រះអង្គគង់នៅជាមួយរហូតព្រះមហាក្សត្រសោយទីវង្គតក្នុងព្រះហស្ថរបស់ទ្រង់។លោកថា៖ «សម្ដេចម៉ែបានបំពេញព្រះរាជបេសកកម្មដង្ហែព្រះមហាក្សត្រ ដែលមានតម្លៃស័ក្តិសមនឹងលើកតម្កើងជាព្រះវររាជមាតាជាតិខ្មែរដោយប្រជាជាតិខ្មែរក្នុងសម័យទំនើបនេះ»។កម្រងវីដេអូឯកសាររបស់ទូរទស្សន៍ជាតិកម្ពុជាបានបង្ហាញពីព្រះរាជសកម្មភាពមនុស្សធម៌ដ៏វិសេសវិសាលរបស់ព្រះអង្គថាស្ទើរតែពេញមួយព្រះជន្មរបស់សម្ដេចព្រះមហាក្សត្រីបានថ្វាយព្រះកាយពលនិងព្រះប្រាជ្ញាញាណយ៉ាងស្មោះស្ម័គ្របំផុតដើម្បីបម្រើនិងដង្ហែគ្រប់ព្រះរាជសកម្មភាពរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមកោដ្ឋនៅគ្រប់កាលៈទេសៈក្នុងព្រះរាជកិច្ចបម្រើជាតិ មាតុភូមិ និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ជាពិសេសលើវិស័យមនុស្សធម៌។ព្រះមហាក្សត្រីគង់ប្រថាប់ជាព្រះប្រធានកាកបាទក្រហមកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៩៤ ព្រះមហាក្រត្រីបានយាងប្រថាប់ជាព្រះប្រធានកិត្តិយសរហូតមកដល់បច្ចុប្បន្ននេះ។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងព្រះមហាក្សត្រី បានយកព្រះទ័យទុកដាក់ខ្ពស់ និងរួមសុខទុក្ខជាមួយប្រជារាស្ត្រដោយចាត់ទុកថា ទុក្ខលំបាករបស់ប្រជារាស្ត្រជាទុក្ខលំបាករបស់ព្រះអង្គ។ ទោះបីជាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុបានយាងទីវង្គតជាង១០ព្រះវស្សាទៅហើយក្ដី ក៏ព្រះមហាក្សត្រី និងព្រះមហាក្សត្រី នរោត្តម សីហមុនី នៅតែបន្តព្រះរាជគំរូវីរភាពរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដោយបានព្រះរាជប្រទានព្រះរាជទ្រព្យដ៏ច្រើន ដើម្បីកសាងព្រះរាជសមិទ្ធផលសម្រាប់បម្រើសង្គមជាតិកម្ពុជា៕Khmer Times
Post a Comment