សារ​សម្តេច​​​​ហ៊ុន សែន​ទិវា​កុ​​មារ​អ​ន្តរជាតិ​​​១មិ​ថុ​នា​ទិវា​ពិភ​​ពលោ​ក​​ប្រឆាំង​​ព​លកម្ម​កុមារ​​​និ​ង​ទិវា​កុ​​មារ​​ក​ម្ពុជា​​ឆ្នាំ​២​០២៣

សម្ដេចហ៊ុន សែន នាយករដ្ឋម​ន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាន​ថ្លែងថារាជរដ្ឋាភិបាលនៅតែចងចាំជានិច្ចថាថ្ងៃ១មិថុនាគឺជាសក្ខីកម្ម​និងជាប្រវត្តិ​សាស្ត្រនៃការបង្ហាញអំពីឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នាលើកកម្ពស់ការអ​នុវត្តសិទ្ធិកុមារនិងលើកស្ទួយសុខុមាលភាពនិងឧត្តមប្រយោជន៍របស់កុមារ។ 

រូបភាពអ៊ីនធឺណិត

នេះបើ​យោង​តាម​សារលិខិតសម្តេចហ៊ុន សែន និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្នុងឱកាសខួបលើក​ទី៧៤​ទិវាកុមារអន្តរជាតិ១មិថុនាខួបលើកទី២២ទិវាពិភពលោកប្រឆាំង​ពលកម្មកុមារ​១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣។​ក្នុងសារលិខិតសម្ដេចហ៊ុន សែន មានប្រសាសន៍ថាទិវាកុមារអន្តរជាតិ​និង​ទិវាកុមារកម្ពុជាឆ្នាំនេះ ត្រូវបានរៀបចំប្រារព្ធឡើងក្រោមប្រធានបទ“យើងរួមគ្នាថែរក្សា​ការពារនិងអភិវឌ្ឍន៍កុមារគ្រប់រូបក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងទិវាពិភព​លោកប្រឆាំងពលកម្មកុមារ១២មិថុនាក្រោមប្រធានបទ “យុត្តិធម៌សង្គមសម្រាប់គ្រប់​គ្នា​ដើម្បីបញ្ចប់ពលកម្មកុមារ” ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារនិង​បង្ហាញ​អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈមនានា​របស់កុមារជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធ ឌីជីថល ដោយជួយគាំទ្រដល់កុមាររង​គ្រោះនិងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភ បំពាននានា​តាម​ប្រព័ន្ធអនឡាញ ឱ្យបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីឱ្យ កុមាររស់នៅនិងអភិវឌ្ឍន៍ដោយសុខដុមរមនាក្រោមម្លប់សន្តិភាព។ សម្ដេចបានវាយ​តម្លៃ​ខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារនៅតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្នាក់រាជ​ធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែន​រដ្ឋា​ភិ​បាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំង​កុមារ​ខ្លួនឯង ដែលបានយកអស់កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយ​ការ​ទទួល​ខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួល​បាន​សិទ្ធិ​ពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ។សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានធ្វើការអំពាវនាវឱ្យ ក្រុមប្រឹក្សា​ជាតិកម្ពុជា​ដើម្បីកុមារ ត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធ​នឹង​កិច្ចការពារកុមារ ជាអន្តរក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ប្រកបដោយ​ប្រសិទ្ធ​ភាព ជាពិសេស លើអនក្ខរកម្មបច្ចេកវិទ្យាពត៌មាននិងជំរុញលើកកម្ពស់​ប្រជាជន​កម្ពុជា​ឱ្យក្លាយជាប្រជាជនឌីជីថលដែលមានសុវត្ថិភាពនិងឧត្តមប្រយោជន៍។ ទន្ទឹមនេះ ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណា​ព្យា​បាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ និងបង្កើតយុទ្ធ​សាស្ត្រ​ផ្លាស់ប្តូរឥរិយាបទសង្គម តាមរយៈការទូន្មាន ប្រៀនប្រដៅបែបវិជ្ជមាន ចំពោះកុមារ និង​ត្រូវ​រួម​គ្នាដោះស្រាយទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានលើ កុមារគ្រប់រូបភាពតាម​ប្រព័ន្ធអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។ សម្ដេចនាយករដ្ឋមន្រ្ដីក៏​បាន​ជំរុញឱ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍អង្គការ​សង្គម​ស៊ីវិល ត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ ជាមួយកុមាររាល់ពេលកសាងច្បាប់ គោល​នយោបាយ និងលិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេ ជាពិសេស លើកកម្ពស់ការអនុវត្តសិទ្ធិ​ចូល​រួមរបស់កុមារឱ្យមានភាពទូលំទូលាយ។ លើសពីនេះទៀត លើកកម្ពស់ការយល់​ដឹងអំពី​សុវត្ថិភាព​តាមប្រព័ន្ធអនឡាញនិងភាពជាពលរដ្ឋឌីជីថល និងពង្រឹងការអនុវត្តច្បាប់​ និង លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះ ឱ្យមានប្រសិទ្ធភាព។សម្ដេចក៏បានណែនាំដល់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានសហគមន៍និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀប ការពារ ប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាម​កំហែង​​គ្រប់បែបយ៉ាង និងត្រូវធ្វើឱ្យកុមារអាចយល់ដឹងអំពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យដែលជាអ្នកថែទាំពួកគេ ចំពោះការលោភបំពានតាមគ្រប់រូបភាព។ ជាមួយគ្នានេះ ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តន៍អនុសញ្ញាស្នូលនៃអង្គការអន្តរ​ជាតិខាងការ​ងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះ​បណ្តាល និងផ្សព្វផ្សាយអំពីការទប់ស្កាត់ ការប្រើប្រាស់ពល​កម្មកុមារនៅគ្រប់សកម្មភា​សេដ្ឋកិច្ចនិងពង្រឹងវិធានការអធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនា​សាធារណជន ក្នុងការស្វែងរកដំណោះស្រាយសមស្របដើម្បីជួយសង្គ្រោះ​ពលកម្ម​កុមារ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានស្នើគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ​ និង​ឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ​អំពីការកេងប្រវ័ញ្ចនិងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារ​គ្រប់​រូបភាព ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹម​សារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។  សម្ដេចក៏បានជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន អាជ្ញា​ធរ​ដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុង​ការបង្ការទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធ​អន​ឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា៕AKP

Powered by Blogger.