សម្តេចហ៊ុន សែនព្រមានចំពោះអ្នកលេងហ្វេសប៊ុករឿងសន្តិសុខជាតិ
សម្តេចហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទបញ្ជានិងអនុញ្ញាតពីផ្នែកយោធា។
ការព្រមានរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែន បានគូសបញ្ជាក់ថានៅកម្ពុជាគឺជាតំបន់ឆ្លងកាត់ របស់យន្ដហោះច្រើនណាស់ ។ដូច្នេះ រឿងសន្ដិសុខជាតិ មិនមែនជារឿងតូចតាចឡើយ។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្ដាំផ្ញើអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ បង្ហោះតាមហ្វេសប៊ុក អត់អនុញ្ញាតទេ បើគ្មានបទបញ្ជា និងគ្មានការអនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ»។ សម្ដេចបានបន្ដថា បើនៅតែមានការបង្ហោះដ្រូនចូលទឹកដីកម្ពុជាបន្តទៀតរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនឹងពិចារណាក្នុងសរសេរលិ ខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីស្នើសុំឱ្យផ្នែកណាមួយ ជួយត្រួតពិនិត្យពីបញ្ហានេះ តើជាអំពើភេរវកម្ម ឬយ៉ាងណា។សម្តេចនាយករដ្ឋមន្រ្ដីក៏បានស្នើសុំឱ្យមានការប្រុងប្រយ័ត្នចំពោះការបាញ់ច្រឡំទៅលើយន្តហោះស៊ីវិលព្រោះស្រុកខ្មែរជាតំបន់ឆ្លងកាត់យន្តហោះច្រើនណាស់។សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី២៨ ខែ កក្កដា ២០២៣ សម្តេចហ៊ុន សែន បានចេញសារជាសំឡេងតាមតេឡេក្រាម ដោយព្រមានចំពោះព័ត៌មានក្លែងក្លាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ទាក់ទងរឿងយន្តហោះគ្មានមនុស្សបើកជាមួយយន្តហោះពាណិជ្ជកម្ម ហើយសម្ដេចបញ្ជាក់ថាគិតត្រឹមម៉ោងជិត១១ យប់ថ្ងៃនេះ មិនទាន់មានដ្រូនណាមួយហោះចូលទឹកដីកម្ពុជាឡើយ។ សម្ដេចក៏បញ្ជាក់ហាមដាច់ខាតមិអាចយកបញ្ហាសន្តិសុខជាតិមកបង្ហោះតាម ហ្វេសប៊ុកបានទេ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា ការហោះចូលដែនអាកាសកម្ពុជារបស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគឃ្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រសួងការបរទេស រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែលបានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាមនិងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុសច្បាប់ ទៅលើស្នាក់ការប៉ូលីស នៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត៕AKP
Post a Comment