បើទោះបីជាមិនរំពឹងថាអាចចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខ ។ប៉ុន្តែមន្ត្រីគណបក្សភ្លើងទៀននៅតែបន្តសកម្មភាពចុះជួបសកម្មជននៅតាមមូលដ្ឋានដើម្បីលើកទឹកចិត្ត។
|
កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរាជធានីភ្នំពេញជាមួយរចនាសម្ព័ន្ធគណបក្សខណ្ឌ និងគណបក្សសង្កាត់ នៃរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក រ៉ុង ឈុនអនុប្រធានគណបក្សភ្លើងទៀន។រូបភាពគណបក្សភ្លើងទៀន |
ការបញ្ជាក់ជំហនេះធ្វើឡើងក្រោយពីគណបក្សជំទាស់នេះបានកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនកាលពីថ្ងៃសៅរ៍។លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថាក្រោយពីស្តាប់មតិយោបល់ពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អំពីសភាពការណ៍នយោបាយបច្ចុប្បន្ន គណបក្សជំទាស់នេះនៅតែបន្តដំណើរទៅមុខ។គឺនៅតែបន្តសកម្មភាពចុះ ចុះជួបសកម្មជនដែលជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ឃុំ សង្កាត់ នៅតាមមូលដ្ឋានដើម្បីលើកទឹកចិត្តពួកគេ។ការធ្វើដូច្នេះគឺស្របពេលសកម្មជនមួយចំនួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបានគណបក្សកាន់អំណាចអះអាងថាបានបន្តចុះចូលជាមួយខ្លួនជាបន្តបន្ទាប់ ខណៈដែលគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមបោះឆ្នោតនៅថ្ងៃទី២៣កក្កដា។នៅរយៈពេលចុងក្រោយនេះ អតីតសមាជិកគណបក្សភ្លើងទៀនដូចជា លោក គង់ រ៉ៃយ៉ា បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ខណៈលោក ស៊ុន ចន្ធី សមាជិកជាន់ខ្ពស់គណបក្សភ្លើងទៀនបានសុំឈប់ពីគណបក្សនេះដោយមិនទាន់ដឹងថាទៅណានៅឡើយ។សមាជិកគណបក្សប្រឆាំងនេះមួយចំនួនត្រូវបានចាប់ខ្លួនឬរងបណ្តឹងនៅតុលាការ ហើយបន្ទាប់មក ទើបមានការសុំទោស និងសុំចុះចូលជាមួយបក្សកាន់អំណាចតាមការអំពាវនាវរបស់សម្តេច ហ៊ុន សែន ឲ្យផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី។ តួយ៉ាង លោក ស ឡុងដេត អតីតប្រធានប្រតិបត្តិរាជធានីភ្នំពេញ។សម្រាប់លោក រ៉ុង ឈុន ការដែលសមាជិកមួយចំនួនចាកចេញឬទៅចុះចូលគណបក្សកាន់អំណាចគឺសិទ្ធិរបស់ពួកគេក្នុងការធ្វើនយោបាយ។ ហើយគណបក្សភ្លើងតែងតែអរគុណដល់អ្នកទាំងនោះដែលបានជួយគណបក្សភ្លើងទៀនកន្លងមក៕RFI
Post a Comment