ផ្លូវ​ល្បឿន​​​លឿន​តភ្ជាប់ភ្នំពេញ​ទៅ​កា​ន់ខេត្តសៀម​រាប​និងពី​សៀមរាបទៅ​​​​ប៉ោយប៉ែតនឹ​ងត្រូវចុះ​ហត្ថលេ​ខាថៃ្ងនេះ

សម្ដេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ថ្លែងថា ការសិក្សានៅផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញទៅកាន់ខេត្តសៀមរាប និងពីខេត្តសៀម​រាប​ទៅកាន់ទីក្រុងប៉ោយប៉ែតខេត្ដបន្ទាយមានជ័យ នឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងពិធីបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ផ្លូវល្បឿន​លឿន​តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២៣ដែលជាផ្លូវល្បឿនលឿនទី២របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទើប​តែត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងរយៈពេលប្រមាណជាងកន្លះឆ្នាំមកនោះ សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញនេះ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានធ្វើលិខតបន្ទាន់មួយឱ្យមកសម្ដេចថាបន្ទាប់​ពី​ផ្លូវល្បឿនលឿននេះ បើកការដ្ឋានថ្ងៃនេះ យើងនឹងផ្ដើមចុះហត្ថលេខានៅម៉ោង២ រសៀល​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ អំពីការសិក្សានៅផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញ ទៅកាន់ខេត្ត​សៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងប៉ោប៉ែត»។ សម្ដេចតេជោបានបន្តថា ផ្លូវល្បឿន​លឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជាប្រភេទផ្លូវល្បឿនលឿន វាផ្ដល់ឱកាសនិងអត្ថ​ប្រយោជន៍​ច្រើនដល់ប្រជាពលរដ្ឋ។ សម្ដេចតេជោលើកឡើងថា ការកសាងផ្លូវល្បឿនលឿន​រវាង​ទីក្រុងភ្នំពេញជាមួយនឹងក្រុងបាវិត និងតភ្ជាប់ជាមួយទៅផ្លូវល្បឿនលឿនរបស់វៀត​ណាម ដែលវៀតណាមក៏នឹងកសាងផ្លូវល្បឿនលឿនចេញពីទីក្រុងហូជីមិញ មកភ្ជាប់ផ្លូវ​ល្បឿន​លឿន​ជាមួយកម្ពុជាផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ដោយអាចចាត់ទុកថា ជាការតភ្ជាប់ដ៏​មានសារៈ​សំខាន់ហើយក៏ជាផ្នែកមួយនៃការអនុវត្តនូវគម្រោងផ្លូវហាយវ៉េ​អាស៊ាន ដែលមុននេះហាយវ៉េ​អាស៊ានមានជាគំនិតផ្ដួចផ្ដើម ។ប៉ុន្តែហាយវ៉េអាស៊ាន គ្មានលុយ​សម្រាប់អនុវត្តនោះទេ។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ឥឡូវ​នេះ កម្ពុជាបានតភ្ជាប់​គម្រោង​​ផ្លូវហាយវ៉េអាស៊ាន ឱ្យក្លាយជាការពិតមួយ ដោយតភ្ជាប់ជាមួយវៀតណាម ដោយ​តភ្ជាប់រវាងទីក្រុងភ្នំពេញ ទីក្រុងហូជីមិញ និងទីក្រុងបាងកក ឱ្យក្លាយទៅជាការពិត។សម្ដេចបញ្ជាក់បន្ថែមថា ឆ្នាំនេះគឺជាខួបទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយ និង​ផ្លូវមួយ និងជាខួបលើកទី៦៥ នៃទំនាក់ទំនងការរវាងកម្ពុជា-ចិន ហើយឆ្នាំនេះកម្ពុជា បើក​ការ​ដ្ឋានសាងផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញ ជាមួយនិងក្រុងបាវិត។ សម្ដេចតេជោនាយក​រដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា កម្ពុជា គឺជាប្រទេស​ដែល​ទទួលផលប្រយោជន៍ពីគំនិតផ្ដួច​ផ្ដើមខ្សែ​ក្រវាត់ និងផ្លូវ ដែលផ្ដួចផ្ដើមគំនិតដោយ ឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណ​រដ្ឋប្រជាមានិតចិន ដែលមានប្រទេសរហូតដល់១៥៣ប្រទេសចូលរួម ក្នុងនោះកម្ពុជាគឺជា​ប្រទេសមួយដែលទទួលផលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ តាមរយៈ​ជំនួយ​ឥតសំណង តាមរយៈកម្ចី សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគ​នៃគម្រោងធំៗ ដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងក្លាយទៅជាតំបន់សេដ្ឋកិច្ច​ដែលធំជាងគេ និងប្រមូលផ្ដុំអ្នកវិនិយោគដ៏ធំ។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា សមិទ្ធផល​នៃគម្រោងវិនិយោគដែលយើងបានទទួលនាពេលនេះ វាស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការនៃ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបណ្ដាប្រទេសអាស៊ានភាគច្រើន ក្នុងនោះ ក៏មានកម្ពុជា​បានទទួលផលពីគម្រោងវិនិយោគនេះ ដូចជា ព្រលានយន្តហោះនៅខេត្តសៀមរាប​ជាដើម។ល។ ដែលចំណុចនេះ គេហៅថាវិធីសាស្ត្ររបស់កម្ពុជាអំពីភាពជាដៃគូ រវាងរដ្ឋនិង​ឯកជនផង និងវាស្ថិតនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ។បើតាមលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូនបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ គ្រោងចំណាយថវិកា​វិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាម៉េរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិ​បត្តិការ-ផ្ទេរ(BOT) ដែល មានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំ ក្នុងនោះ ២០% ជាទុនវិនិ​យោគ​​របស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន និង ៨០% ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែល​តភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំ​ថ្មគរស្រុក​ល្វាឯម ខេត្ដកណ្ដាល និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលការសាង​សង់​ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លាន​ដុល្លារ​អាម៉េរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល។ ការសាងសង់គម្រោងទាំងពីរនេះ ​នឹង​ត្រូវអនុវត្តដោយក្រុមហ៊ុនសាជីវកម្ម ស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាង​សង់​ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុង អំឡុងឆ្នាំ២០២៧៕AKP

Powered by Blogger.