នាយករដ្ឋមន្ត្រី៖​​​រាជរដ្ឋាភិ​បា​លនៅ​ពេល​ខា​ងមុខ​ជាយុទ្ធសាស្ត្រច​តុ​កោណ

 សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​មានប្រសាសន៍បង្ហើបពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែ​លដឹក​នាំ​រាជរដ្ឋាភិបាលនៅពេលខាងមុខថាយុទ្ធសាស្ត្រចតុកោណដែលបានអនុវត្តន៍​៤ដំណាក់​កាល​​ហើយនឹងត្រូវបានផ្លាស់ប្ដូរទៅជាយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំចំនួន៥ដែលក្នុង​នោះគឺប្រមូលនូវធាតុទាំងឡាយដែលមានក្នុងយុទ្ធសាស្ត្រចតុកោណ ជាមួយនឹងការ​បញ្ចូល​ធាតុថ្មីទៅក្នុងនោះថែមទៀត។​

ក្នុងខណៈអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពនិងលទ្ធផល​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល​សម្រាប់​នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលមានអ្នកចូលរួមប្រមាណជាង៧០០នាក់ នារសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្ដេចហ៊ុន សែន បានថ្លែងថា៖ «នៅពេលខាងមុខនេះយុទ្ធសាស្ត្រចតុកោណដែលបានអនុវត្តន៍៤​ដំណាក់​កាលរួចមកហើយនឹងត្រូវបានផ្លាស់ប្ដូរទៅជាយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំចំនួន៥ដែលកន្លងមករាជរដ្ឋាភិបាលបានអនុវត្តន៍រួចមកហើយនូវយុទ្ធសាស្ត្រត្រីកោណបន្ទាប់មក យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ ទី៣ និងទី៤។ ឥឡូវខាងមុខនេះ​យើងនឹង​ឈានទៅរៀបចំយុទ្ធសាស្ត្របញ្ចកោណដែលក្នុងនោះគឺប្រមូលនូវធាតុទាំងឡាយដែល​មាន​ក្នុងយុទ្ធសាស្ត្រចតុកោណជាមួយនិងការបញ្ចូលធាតុថ្មីទៅក្នុងនោះថែមទៀត»។សម្ដេចមានប្រសាសន៍ផ្ដាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថាសម្រាប់​ដំណាក់កាលពីពេលនេះ រហូតដល់ពេលរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូល​កាន់តំណែងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវបន្តចុះបំពេញបេសកកម្មតាម​មូលដ្ឋានឱ្យបានសស្រាក់សស្រាំតាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន ត្រូវបន្តថែ​រក្សា​ពង្រឹងសុខសន្តិភាព ស្ថិរភាព និងរក្សាការពារសណ្ដាប់ធ្នាប់នៅតាម​មូលដ្ឋានឱ្យ​បាន​ល្អប្រសើរ ដើម្បីបន្តជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពប្រជាជន។សម្ដេចបញ្ជាក់ថាត្រូវបង្កបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ត្រូវសហការចូលរួមអប់រំបំផុស​លើកទឹកចិត្ត​ប្រជា​ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើ​យត្រូវចូលរួមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត សំដៅ​រួមគ្នាធានាឱ្យការបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីបន្តជំរុញនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ​ឱ្យ​កាន់តែមានការរីកចម្រើនបន្ថែមទៀត។ ត្រូវពង្រឹង និងចាត់វិធានការស្របតាមច្បាប់ ដើម្បី​ការពាររារាំងគ្រប់សកម្មភាព ដែលប៉ុនប៉ងបំផ្លា្ញញដំណើរការបោះឆ្នោត ដែលនឹងប្រព្រឹត្ត​ទៅនាពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនេះ ត្រូវខិតខំរួមគ្នាបន្តប្រក្រតីភាព និរន្តរភាព ប្រសិទ្ធ​​ភាពការងារ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រមជាតិ ដើម្បី​ជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព ដោយបង្កើនការយកចិត្តទុកដាក់ក្នុង​ការផ្ដល់សេវាសាធារណៈ ជាមួយនឹងការដោះស្រាយសំណូមពរនានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមនៅតាមមូលដ្ឋានប្រកបដោយតម្លាភាព ប្រសិទ្ធភាព រហូតដល់រាជ​រដ្ឋា​ភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតចូលកាន់តំណែង។សម្ដេចគូសបញ្ជាក់ដែរថា បន្ទាប់ពីចូលកាន់តំណែង រាជរដ្ឋាភិបាល​នីតិកាល​ទី៧ នៃរដ្ឋសភា និងពិនិត្យរៀបចំកែសម្រួលសមាសភាពក្នុងក្រុមការងាររាជរដ្ឋាភិ​បាល​ចុះ​ជួយមូលដ្ឋាន រាជធានី ខេត្ត ឱ្យបានសមស្រប និងបន្តដាក់ចេញនូវគោលការណ៍ និងវិធាន​ការនានា ដើម្បីបន្តពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ក្រុមការងារចុះមូលដ្ឋានបន្តទៀត​តាមរយៈ ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររាជ​រដ្ឋាភិ​បាលនីតិកាទី៧ នៃរដ្ឋសភា សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យ កម្ពុជាក្លាយទៅជា​ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៣០ ក្លាយជាប្រទេស​ដែលមានចំណូលខ្ពស់។ សម្ដចតេជោនាយករដ្ឋមន្ត្រីក៏មានសុទិដ្ឋិនិយមទទួលចំពោះ ស្មារតី​ទទួលខុសត្រូវរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន និងជឿជាក់ថា​ក្រុម​ការងារ នឹងបន្តពង្រឹងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្ដម​របស់ប្រទេស​ជាតិ និងអនាគតដ៏រុងរឿងនៃមាតុភូមិរបស់យើង៕AKP
Powered by Blogger.