នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បញ្ជាក់ថានៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេចំពោះការពង្រឹងនិងពង្រីកនូវកិច្ចសហការរបស់អង្គភាពកងទ័ព
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេចំពោះការពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហការរបស់អង្គភាពកងទ័ពនីមួយៗជាមួយនឹងស្ថាប័នស៊ីវិលផ្សេងៗទៀតក្នុងគោលដៅរួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៃកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។សម្តេចហ៊ុន សែន និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បានថ្លែងបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងបន្តជំរុញអនុវត្តន៍កម្មវិធីកែទម្រង់នានា ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីឱ្យការបំពេញភារកិច្ច របស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងកម្លាំងមានជំនាញវិជ្ជាជីវៈមានសមត្ថភាពពេញលេញ ដើម្បីចូលរួមក្នុងបេសកកម្មនានាឱ្យបានប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កា។សម្តេចបានបន្ដថាសមត្ថភាពកងទ័ពត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួល រួចមកហើយ គឺការប្រែក្លាយកម្ពុជា ដែលធ្លាប់ល្បីថាជាវាលពិឃាតពុំមានសន្តិសុខ រងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូតនិងសេដ្ឋកិច្ច។ សម្ដេចបន្ដទៀតថា បច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាពក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាសជាប្រទេសដែលបាន និងកំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មសកលនិងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែង ដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិមានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផលប្រកបដោយ ផ្លែផ្កាដ៏ត្រចះត្រចង់។ សម្តេចនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា៖ «នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិ និងជាសក្ខីកម្ម សម្រាប់បញ្ជាក់ថា កងទ័ពយើងអាចធ្វើបាន ។ដូច្នេះ យើងត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចការទាំងអស់ ដែលយើងសម្រេចបាន ដើម្បីបន្តកសាងប្រទេសជាតិឱ្យកាន់តែមានវឌ្ឍនភាពនិងភាពរីកចម្រើនរុងរឿងដូចអារ្យប្រទេសនានា»។ក្នុងឱកាសនោះដែរ សម្តេចបានលើកឡើងថា កងពលតូចលេខ ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព កងទ័ពឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតីដោះស្រាយនៅគ្រប់សភាពការណ៍។ជាពិសេគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន ។ សម្តេចនាយករដ្ឋមន្រ្ដីអះអាងថា៖ «កងទ័ពយើងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារ និងជនរងគ្រោះ ផ្តល់ជំនួយ ផ្តល់សេវា ថែទាំព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ព យើងបានអនុវត្តន៍រួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គភ័យ ការដោះមីន រំដោះ ដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម»៕AKP
Post a Comment