ប្រមុខរដ្ឋាភិបាលកម្ពុជាអរគុណបក្សប្រឆាំងមិនបណ្តេញពលករខ្មែរចេញ
សម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងអរគុណគណបក្សកាវក្លៃឬ «Move Forward»ដែលបានបញ្ជាក់អំពីគោលជំហរមិនបណ្តេញពលករខ្មែរចេញពីប្រទេសថៃប្រសិនបើគណបក្សប្រឆាំងថៃនេះឡើងទៅកាន់អំណាច។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៨មិថុនានេះសម្តេចហ៊ុន សែន នៅបន្តរក្សាភាពត្រឹមត្រូវដែលសម្តេចបានបង្ហាញក្តីបារម្ភជុំវិញបំណងបណ្តេញពលករខ្មែរចេញពីប្រទេសថៃរបស់គណបក្សកាវក្លៃនេះ។ នៅចំពោះមុខកម្មករ-កម្មការិនីក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរដំណឹង ស្តីពីការបន្តរក្សាគោលនយោបាយគាំទ្រពលករអន្តោប្រវេសន៍នៅប្រទេសថៃរបស់គណបក្សប្រឆាំងគឺគណបក្សកាវក្លៃ ឬ «Move Forward» ដែលជាគណបក្សទទួលបានសំឡេងបោះឆ្នោតជាតិច្រើនជាងគេ។សម្តេច ហ៊ុន សែន បានថ្លែងអរគុណគណបក្សកាវក្លៃ ដែលបានឆ្លើយតបក្តីបារម្ភរបស់សម្តេចពាក់ព័ន្ធនឹងបំណងបណ្តេញចេញពលករចំណាកស្រុកនៅពេលគណបក្សប្រឆាំងថៃនេះឡើងកាន់អំណាច។ ជាក្តីបារម្ភដែលសម្តេចហ៊ុន សែន អះអាងថាសម្តេចត្រូវតែហ៊ានលើកឡើង ហ៊ានឈឺឆ្អើលក្នុងនាមជានាយករដ្ឋមន្ត្រី ដែលនោះ គឺជារឿងដ៏ត្រឹមត្រូវ។គួររំព្ញកថាសម្តេចហ៊ុន សែន ក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ធ្លាប់បានប្រតិកម្មបង្ហាញការមិនគាំទ្រ ចំពោះគោលនយោបាយរបស់គណបក្សប្រឆាំងថៃគណបក្សកាវក្លៃ ឬ «Move Forward» ដែលចង់បណ្ដេញពលករខ្មែរនិងពលករឡាវចេញពីប្រទេសថៃ។ ហើយសម្តេចហ៊ុន សែនថែមទាំងបានព្រមានគណបក្សប្រឆាំងថៃពីគោលនយោបាយនេះនិងដាក់បញ្ជាឱ្យក្រសួងការងារ ក្រសួងស្ថាប័នរបស់កម្ពុជានិងភាគីពាក់ព័ន្ធដទៃទៀតត្រៀមជើងព្រួលដោះស្រាយបញ្ហាប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃ។បច្ចុប្បន្ននេះ មានពលករខ្មែរប្រមាណ១.២លាននាក់កំពុងបម្រើការងារនៅប្រទេសថៃ ដែលជាចំនួនដ៏ច្រើនលើសលុបក្នុងចំណោមពលករនៅក្រៅប្រទេសសរុបប្រមាណ១.៣លាននាក់។ជាការឆ្លើយតបគណបក្សកាវក្លៃ ឬ « Move Forward » នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញមកបដិសេធ និងបញ្ជាក់ថា រដ្ឋាភិបាលថៃក្រោមការដឹកនាំដោយគណបក្សប្រឆាំង ជំនួសលោកប្រាយុទ្ធចាន់អូចានឹងមិនផ្លាស់ប្តូរគោលនយោបាយបញ្ជូនពលករចំណាកស្រុកចេញពីប្រទេសថៃឡើយ។ ផ្ទុយទៅវិញគណបក្សកាវក្លៃ មានបំណងបង្កើតគោលនយោបាយសម្រួលដល់បរិយាកាសការងារពលករចំណាកស្រុកឱ្យកាន់តែមានភាពងាយស្រួលជាងមុនផ្តល់ការការពារសមរម្យ និងធានាថាពលករចំណាកស្រុកគ្រប់ជាតិសាសន៍នៅប្រទេសថៃ មិនទទួលរងការបង្ខិតបង្ខំឬកេងប្រវ័ញ្ចផ្សេងៗទៀត។គួរជម្រាបបន្ថែមថា ថៃនឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅខែកក្កដាខាងមុខនេះ ខណៈគណបក្សកាវក្លៃ ឬ « Move Forward» ជាគណបក្សប្រឆាំងទទួលសំឡេងគាំទ្រច្រើនជាងគេ៕RFI
Post a Comment