នាយ​​​ក​រដ្ឋមន្រ្តី៖ទាំង​ស៊ីហ្គេម​​និង​អាស៊ាន​​​ប៉ា​រ៉ាហ្គេម​គឺ​ជា​ស្នា​ដៃរប​​ស់​ប្រជាព​លរដ្ឋខ្មែរទាំ​ង​​​អ​ស់គ្នា

 នៅចំពោះមុខកម្មករជិត២ម៉ឺននាក់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ ប្រគល់ជោគជ័យនៃការរៀបចំស៊ីហ្គេមលើកទី៣២និង​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជូនប្រជាពលរដ្ឋខ្មែរទាំងអស់នេះ ដោយសម្ដេច​បញ្ជាក់​ថា«នេះគឺជាស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា»។

ក្នុងខណៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួន ១៦២៧២នាក់មកពីរោងចក្រ សហគ្រាសចំនួន​១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានថ្លែងថាព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា បានក្លាយទៅជាកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្រ្ត ដែលបន្សល់ទុកឱ្យកូន​ចៅជំនាន់ក្រោយទទួលផល។សម្ដេចហ៊ុនសែនមានប្រសាសន៍ថា៖ «កម្មវិធីនេះបានក្លាយទៅជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្រ្តដែលទុកឱ្យកូនចៅជំនាន់ក្រោយទទួលផលថាដូនតារបស់យើង ពេលធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមអត់មានយកលុយ អ្នកណាមួយរៀល»។ សម្ដេចគូសបញ្ជាក់ថាកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ​ទាំងការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនេះ ជាមោទនភាពសម្រាប់ខ្មែរ​ទាំងមូលនិងសម្រាប់កម្ពុជាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍អាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមនេះ។ ក្នុងពិធីនោះដែរ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់កម្មករ កម្មការិនីផងដែរពីតម្លៃនៃសន្ដិភាពដែលជាកត្តាសំខាន់សម្រាប់ប្រទេសទាំងអស់នៅលើសកលលោក ព្រោះថាបើគ្មានសន្តិភាពនោះទេ គឺធ្វើឲ្យបាត់បង់អ្វីៗទាំងអស់ ជាពិសេស បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្ស។ សម្ដេចបានថ្លែងបន្ថែមថានាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារ ដល់បងប្អូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន។លោកអ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនាពេលនេះ ជាប្រភេទរោងចក្រកាត់ ដេរ សម្លៀកបំពាក់ ចំនួន៧ ផលិតស្បែកជើងចំនួន ២ ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន ២ និងផលិតផលធ្វើដំណើរ និងកាបូប​ចំនួន១។ ផលិតផលរបស់រោងចក្រ ទាំង នេះគឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។ខេត្តកណ្តាលគឺជាខេត្តមួយដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយពង្រាយរោងចក្រសហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ ខេត្តកណ្តាល មានរោងចក្រ សហគ្រាស ចំនួន៤៨៣ មានកម្មករ និយោ ជិតជាង ១៥ម៉ឺន នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន១៧១ មានកម្មករ និយោជិត សរុបជាង ១៣ម៉ឺន ២ពាន់នាក់។ ខេត្តកណ្តាលជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោងចក្រសហគ្រាសច្រើន៕AKP

Powered by Blogger.