នាយករដ្ឋមន្ត្រីកម្ពុជា៖សម្ព័ន្ធភាពAUKUSក្លាយជាកង្វល់សម្រាប់អាស៊ាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍កាលពីថ្ងៃចន្ទថា សម្ព័ន្ធភាពត្រីភាគីAUKUSដែលជាកតិកាសញ្ញាយោធារវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី កំពុងក្លាយជាកង្វល់សម្រាប់អាស៊ាន។
ក្រោមសម្ព័ន្ធភាព AUKUS ដែលត្រូវបានប្រកាសក្នុងខែកញ្ញា ឆ្នាំ២០២១អូស្ត្រាលីនឹងអាចបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយនឹងបច្ចេកវិទ្យាដែលផ្តល់ដោយសហរដ្ឋអាមេរិកនិងអង់គ្លេស។សម្តេចបានមានប្រសាសន៍ក្នុងសុន្ទរកថាក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជិត៦០០០នាក់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចថា“សម្ព័ន្ធភាពខ្នាតតូចពាក់ព័ន្ធនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរក្នុងចំណោមសហរដ្ឋអាមេរិកអង់គ្លេស និងអូស្ត្រាលីកំពុងក្លាយជាកង្វល់សម្រាប់អាស៊ាននិងបណ្តាប្រទេសក្នុងតំបន់ ដោយសារអាស៊ានជាតំបន់គ្មានអាវុធនុយក្លេអ៊ែរហើយយើងប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ”។សម្តេចបានបន្តថាសម្ព័ន្ធភាពយោធានេះគឺជា«ចំណុចចាប់ផ្តើមនៃការប្រណាំងប្រជែងសព្វាអាវុធដ៏គ្រោះថ្នាក់»ក្នុងតំបន់។សម្តេចបានបន្ថែមថា៖ «ខ្ញុំគិតថាប្រសិនបើស្ថានភាពនេះនៅតែបន្តទៀតនោះពិភពលោកនឹងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែធំ»។លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ បាននិយាយថា AUKUS កំពុងបង្កការគំរាមកំហែងផ្នែកសន្តិសុខយ៉ាងខ្លាំងដល់អាស៊ាន និងតំបន់អាស៊ីទាំងមូល។លោកបានប្រាប់ Xinhua ថា “សម្ព័ន្ធភាពនេះនឹងបង្កឱ្យមានការប្រណាំងសព្វាវុធនិងនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលនឹងធ្វើឱ្យមានអស្ថិរភាពសន្តិភាពនិងសន្តិសុខ ធ្វើឱ្យខូចដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងប៉ះពាល់ដល់មជ្ឈភាពរបស់អាស៊ាន” ។អាស៊ានមានប្រទេសដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕ Xinhua/Khmer Times
Post a Comment