អាស៊ាន​ផ្តល់​​ជំនួយ​ដល់​មី​​យ៉ាន់​ម៉ា​​ជ​នរងគ្រោះ​ដោ​យសារ​ព្យុះ​ស៊ីក្លូនM​ocha

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)បានប្រគល់សម្ភារៈសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយសម្រាប់អាស៊ាន (Disaster Emergency Logistics System for ASEAN-DELSA) កញ្ចប់ទីមួយ ដែលមានតម្លៃ ១០០,០០០ដុល្លារដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូនម៉ូចា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។កាលពីថ្ងៃទី១៤ ខែឧសភា ព្យុះស៊ីក្លូនម៉ូចា បានបោកបក់មកលើច្រាំងនៃរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ាដោយបានធ្វើឱ្យប៉ះពាល់ដល់សហគមន៍ដែលងាយរងគ្រោះជាច្រើន រួមទាំងតំបន់នៅក្នុងរដ្ឋរ៉ាក់ឃីន (Rakhine) រដ្ឋឈិន (Chin) តំបន់បាហ្គោ (Bago) តំបន់អាយ៉េវ៉ាឌី (Ayeyarwady) តំបន់សាហ្គាង (Sagaing) និងតំបន់ម៉ាវ៉េ (Magway) ។ការវាយតម្លៃបឋមបានបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសាធារណៈ។ គិតត្រឹមថ្ងៃទី២១ ខែឧសភា ព្យុះស៊ីក្លូនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៥នាក់ របួស ១៣១នាក់និងមនុស្ស៩១២,០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) កំពុងរៀបចំបញ្ជូនសម្ភារៈសង្គ្រោះបន្ថែមទៀតពីឃ្លាំងដែលសា (DELSA Regional Warehouse) នៅក្នុងប្រទេសម៉ាឡេស៊ី និងឃ្លាំងផ្កាយរណប (Satellite Warehouse) ក្នុងប្រទេសថៃ។ ក្រុមការងារវាយតម្លៃ និងឆ្លើយតបគ្រោះអាសន្នអាស៊ាន (ASEAN-ERAT) ក៏ត្រូវបានដាក់ពង្រាយផងដែរ ដើម្បីធ្វើការវាយតម្លៃតម្រូវការបន្ទាន់ និងដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនសម្ភារៈជំនួយ។អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានចូលរួមរំលែកទុក្ខដល់សហគមន៍រងគ្រោះ និងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ អនុលោមតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីផលប៉ះពាល់នៃព្យុះស៊ីក្លូន Mocha មកលើប្រទេសមីយ៉ាន់ម៉ា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា អគ្គលេខាធិការបានត្រៀមខ្លួនជាស្រេចដើម្បីបម្រើជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន (SG-AHAC) ដើម្បីផ្តល់ការសម្របសម្រួលជាយុទ្ធសាស្ត្រ និងជួយសម្រួលការចល័តធនធាន។អាស៊ានក៏បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមពីរដ្ឋសមាជិកអាស៊ានដៃគូរនិងអ្នកពាក់ព័ន្ធរួមទាំងអង្គការមនុស្សធម៌អន្តរជាតិដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះស៊ីក្លូន៕ VNA/Khmer Times

ផ្ទះជាច្រើនខ្នងបានរងការខូចខាតដោយព្យុះស៊ីក្លូនម៉ូចា (Cyclone Mocha) នៅទីក្រុង Sittwe រដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ១៦ ឧសភា។ (រូបថត៖ AFP/VNA/Khmer Times)

Powered by Blogger.