សម្ដេចហ៊ុន សែនអំពាវនាវចូលរួមលើកទឹកចិត្តនិងគាំទ្រព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអំពាវនាវឱ្យកម្មករកម្មការិនី ចូលរួមលើកទឹកចិត្តគាំទ្រព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។
ការអំពាវនាវរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលត្រូវបានធ្វើឡើង ក្នុងឱកាសអញ្ជើញទៅជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រចំនួន៣ គឺរោងចក្រម៉ាវ៉ល ហ្គាមិន (Marvel Garment) រោងចក្រ រ៉ុងវីន ហ្គាមិន(Rong wing Garment )និងរោងចក្រដាគ្វានថេកស្ថាយ ខេមបូឌា (DNQIAN TEXTILE CAMBODIA) ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ សរុបប្រមាណជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ សម្ដេចហ៊ុន សែន មានប្រសាសន៍ថា នៅសល់ពេលតែ៨ថ្ងៃទៀតទេកីឡាជនពិការនឹងចាប់ផ្ដើម។ ដូច្នេះក្មួយៗទាំងឡាយត្រូវតែចូលរួមគាំទ្រលើកទឹកចិត្តឱ្យកីឡាជនពិការរបស់យើងដែលមិនខុសពីកីឡាដែលមានការសម្បទាល្អនោះទេ។សម្ដេចបានបញ្ជាក់ដែរថា ល្ងាចថ្ងៃទី២៦ ខែឧសភានេះ សម្ដេចនឹងជួបសំណេះសំណាលជូនដំណើរ កីឡា កីឡាការិនីដែលជាជនពិការទៅចូលរួមប្រកួតដែលនឹងត្រូវបើកជាផ្លូវការនៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីលើកទឹកចិត្ត និងស្វាគមន៍ចំពោះ កីឡារ កីឡាការិនី ដែលសុទ្ធតែជនពិការមកពី១១ប្រទេស។ សម្ដេចនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ទៀតថាព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះក៏ដូចជាថ្ងៃបុណ្យមួយដែរ។ដែលយើងសប្បាយរីករាយទាំងអស់គ្នា ហើយប្រធានបទកីឡារស់ក្នុងសន្តិភាព គឺជាប្រធានបទដែលត្រូវបំផុត។ដូច្នេះត្រូវរួមគ្នាការពារសន្តិភាព ការពារស្ថិរភាពនយោបាយឱ្យខាងតែបាន។គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គ្រោងនឹងដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ។ក្នុងចំណោម១៤ប្រភេទកីឡានៃអាស៊ានប៉ារ៉ាហ្គេម ២០២៣ មានវិញ្ញាសាសរុបចំនួន ៤៧៤វិញ្ញាសា។ សម្រាប់កីឡាករ កីឡាការិនីពិការម្ចាស់ផ្ទះកម្ពុជា មានចំនួនសរុប ២៣៦នាក់ ដែលចំនួននេះមានចំនួនច្រើនជាង២ដងបើប្រៀបធៀបនឹងចំនួនអត្តពលិកពិការកម្ពុជា ដែលចូលរួមប្រកួតអាស៊ានប៉ារ៉ហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ កន្លងទៅ៕AKP
Post a Comment