ប្រឹក្សាធម្មនុញ្ញបដិសេធចោលបណ្តឹងបក្សភ្លើងទៀននិងបក្សមហាសាមគ្គីជាតិខ្មែរចូលរួមការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣
ក្រុមប្រឹក្សាធម្មនុញ្ញមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀននិងគណបក្សមហាសាមគ្គីជាតិខ្មែរចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣កក្កដាខាងមុខឡើយ ដោយទុកសេចក្ដីសម្រេចរបស់គ.ជ.បទុកជាបានការដដែល។ សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពីស្ថាប័នមួយនេះបើកកិច្ចប្រជុំពេញអង្គពិនិត្យលើពាក្យបណ្ដឹងរបស់គណបក្សទាំង២នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ការសម្រេចនេះបានធ្វើឡើងក្រោយបើកកិច្ចប្រជុំ ដឹកនាំដោយលោកអ៊ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ អគ្គលេខាធិការដា្ឋន ក្រុមប្រឹក្សាធម្មនុញ្ញ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញមានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា នៅថៃ្ងព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៩:០០នាទី នៅអគារវិមានរដ្ឋចំការមនក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ច ប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើ៖
រូបភាពសហការី
១.បណ្ដឹងរបស់គណបក្សភ្លើងទៀនប្តឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារ ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត។
២.បណ្ដឹងរបស់គណបក្សមហាសាមគ្គីជាតិខ្មែរប្ដឹងសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេច ពីលទ្ធភាពស្តីពីការចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖
១-ទទួលពាក្យបណ្ដឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណុល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គីមសួរ ភិរិទ្ធ តំណាងគណបក្សភ្លើងទៀនទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ។ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
២-ទទួលពាក្យបណ្ដឹងចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ហ៊ាង គឹមសឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់។ប៉ុន្តែបដិសេធ ចោលដោយខុសនឹងគតិច្បាប់ ។
ទាក់ទងទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកនេះដែរលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានប្រាប់វិទ្យុបារាំងRFI ដែរថាការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញធ្វើឲ្យការប្រឹងប្រែងគោរពច្បាប់របស់គណបក្សភ្លើងទៀនទៅជាអត់ប្រយោជន៍។លោកថាគណបក្សភ្លើងទៀនមិនទាន់បញ្ជាក់បានទេថានឹងត្រូវធ្វើយ៉ាងណាជាបន្តដោយរង់ចាំការប្រជុំសម្រេចពីថ្នាក់ដឹកនាំគណបក្ស។
Post a Comment