នាយករដ្ឋមន្ត្រី៖អត់បាយខ្ញុំអត់បានតែបើអត់អ៊ីនធឺណិតខ្ញុំអត់មិនបានទេ
សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះសេវាអ៊ីនធឺណិតនៅក្នុងប្រទេសមានការរអាក់រអួលបន្ដិចដោយមិនដឹងមកពីមូលហេតុអីដោយសម្ដេចបានបញ្ជាក់ថា បើអត់អ៊ីនធឺណិតគឺស្មើនឹងអត់បាយហើយបើអត់បាយសម្ដេចអត់បាន តែបើអត់អ៊ីនធឺណិតសម្ដេចអត់មិនបានទេ។
រូបឯកសារសម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើកទូរសព្ទបង្ហាញ។សហការីការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះ អ៊ីនធឺណិតនៅក្នុងប្រទេសរបស់យើងមានការរអាក់រអួលបន្ដិច ដោយមិនដឹងមកពីមូលហេតុអី។ប៉ុន្ដែអ្វីដែលសម្ដេចចង់និយាយទៅកាន់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក៏ដូចជានៅតាមបុរីនានាដែលកន្លងទៅតែងតែចុះហត្ថលេខាផ្ដល់សិទ្ធិផ្ដាច់មុខឱ្យក្រុមហ៊ុននេះ ក្រុមហ៊ុននោះ។សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងប្រាប់ថា អ្នកឯងចុះហត្ថលេខាបំពានលើច្បាប់ក្រោយមកគ្រប់បុរីអនុញ្ញាតិឱ្យក្រុមហ៊ុនណាចូលក៏បាន។ប៉ុន្ដែគេដាក់ចេញឧបសគ្គរារាំង។ សម្ដេចក៏បានអំពាវចំពោះម្ចាស់បុរីទាំងអស់ព្រោះអ្នករកស៊ីមន្រ្ដីរាជការនិងអ្នកធ្វើជាមួយរស់នៅក្នុងបុរីក្នុងពេលដែលបុរីទាំងនោះវាអត់មានសេវាអ៊ីនធឺណិត ហើយ សេវាទូរសព្ទក៏វាខ្សោយកន្លែងហ្នឹង សេវាអ៊ីនធឺណិតក៏វាខ្សោយកន្លែងហ្នឹង ហើយក្រុមហ៊ុនតែមួយទៀត។ សម្ដេចក៏ចង់ចង្អុលបង្ហាញថា ក្រុមដែលអន់ជាងគេនៅស្រុកខ្មែរគឺឈ្មោះ ហូម អ៊ីនធឺណិត ក្រុមហ៊ុននេះម៉ែអត់ ឪអន់ហើយ។ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានណែនាំដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះមើលក្រុមហ៊ុនហ្នឹងបន្ដិចមើល។ សម្ដេចបានថ្លែងបញ្ជាក់ថា៖ «ឥឡូវខ្ញុំរម្លឹកសារជាថ្មីឱ្យត្រួតពិនិត្យទាំងអស់ ហើយខ្ញុំ អត់អ៊ីនធឺណិតគឺស្មើនឹងអត់បាយ អត់បាយខ្ញុំអត់បាន តែបើអត់អ៊ីនធឺណិតខ្ញុំអត់មិនបានទេ។ មន្រ្ដីដែលធ្វើការជាមួយខ្ញុំទៀត ច្រើនតែធ្វើការនៅតាមបុរី»។ ជាមួយគ្នានេះសម្ដេចហ៊ុនសែនក៏បានរម្លឹកទាំងម្ចាស់ក្រុមហ៊ុនអ៊ីនធឺណិតដែលលក់អ៊ីនធឺណិតទាំងតាមបុរីនានាសូមយកវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញកន្លងទៅជាពិសេសសូមឱ្យបណ្ដាញអ៊ីនធឺណិតនានាដំឡើងអង់តែនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យអ្នកប្រើប្រាស់អាចទាញយកមកប្រើបាន។ «កែបានបន្ដិចបន្ដួច កែបានពីអាផ្ដាច់មុខទៅជាមិនផ្ដាច់មុខតែយកបញ្ហានេះធ្វើជាឧបសគ្គ មានក្រុមហ៊ុនតែមួយទេ ចូលកន្លែងហ្នឹងបាន តែក្រុមដទៃចូលមិនបាន។ ដល់អាក្រុមហ៊ុនហ្នឹងចូលបាន អាក្រុមហ៊ុនហ្នឹងវាអត់ផ្ដល់សេវាតែម្ដង។ យើងកំពុងជំរុញឌីជីថលក្នុងពេលដែលពួកអាឌីជីថល ប្រកួតប្រជែងផ្ដាច់មុខតែម្ដង អត់ទេ រាជរដ្ឋាភិបាលមិនទទួលយកអាហ្នឹងបានទេ ហើយនៅគ្រប់ទីតាំងទាំងអស់ត្រូវបើកឱកាសឱ្យគេចូល គេចង់ប្រើប្រព័ន្ធណាដាក់ទៅ រៀបចំទៅ សហការគ្នាទៅទាំងប្រព័ន្ធទូរសព្ទ និងការអូសខ្សែចូលទៅ ដើម្បីឱ្យអ្នកប្រើប្រាស់ស្រួលធ្វើការ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី។សម្តេចហ៊ុន សែន ក៏បានស្នើឱ្យក្រសួងប្រៃសណីយ៍ធ្វើម៉េចឱ្យក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់ដំឡើងអង់តែន និងកម្លាំងផ្សាយឱ្យបានច្រើនដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់។ សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «អីញ្ចឹងទេខ្ញុំសូមរម្លឹកទាំងម្ចាស់ប្រព័ន្ធអ៊ីនធឺណិត ដែលលក់អ៊ីនធឺណិត ទាំងម្ចាស់បុរីនានា សូមយកវិធានការដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដាក់ចេញ ហើយសូមបណ្តាញអ៊ីនធឺណិតដំឡើងអង់តែនឱ្យបានច្រើន»៕AKP
Post a Comment