ព្រះម​ហា​ក្សត្រស្ដេចយា​​ងនិវត្តន៍ម​កដល់មាតុប្រ​ទេ​សវិញប្រកប​​ដោយ​ព្រះរាជសុ​វត្ថិភាព

 បន្ទាប់ពីបានគង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៩ដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាធារណរដ្ឋឥណ្ឌានោះ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម​ហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងនិវត្តន៍​មកដល់មាតុប្រទេសវិញប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះ​ពិសេស។អញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះករុណាព្រះមហាក្សត្រ នៅ​ឯ​ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចសាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់​នៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការ​ជា​ច្រើនទៀត។ ដោយឡែកតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា​ក៏មាន​វត្តមានក្នុងឱកាសនោះផងដែរ។បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិបានឱ្យដឹងថា  នេះគឺជាព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ខណៈប្រជាជាតិទាំងពីរកំពុង​អបអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើតទំនាក់ទំនងការទូត។ ក្នុងអំឡុង​ពេលនៃ​ព្រះរាជទស្សនកិច្ចនេះ លោកស្រីជ្រៅផាឌី មួរមូ ប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌានិងលោកណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋឥណ្ឌា បាន​ទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី នឹងត្រូវ​លើកយកមកពិភាក្សា។ 

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជ ហឫទ័យ ព្រះ​បរមរាជានុញ្ញាត ជូន ឯកឧត្តម ប៉ាកឌីប ដាន់ខា (Jagdeep Dharkhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សាន (Subrahmanyam Jalshankar) រដ្ឋមន្ត្រី ការបរទេស ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។  ក្នុងព្រះរាជទស្សនកិច្ចផ្លូវនេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាង ដាក់កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកស្រីជ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានរៀបចំព្រះ​រាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់​ទំនង​ដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវ​ចំណង​មិត្តភាព ដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលចាក់ឫសយ៉ាងជ្រៅនៅ​ក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមក​សម្រាប់​ប្រជាជនទាំង២៕AKP


Powered by Blogger.