លោក​ញឹក​ ​ប៊ុន​​ឆៃ​ប្រកា​ស​​ឈ​ប់​ធ្វើនយោ​បា​យ​បើ​​គណបក្សមិ​ន​​​ទទួល​បា​ន​កៅអី

 លោក​ញឹក​ ​ប៊ុន​ឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​​ប្រកាស​ឈប់​ធ្វើនយោបាយ​ និង​លាលែង​តំណែង​ប្រធាន​គណបក្ស​បើ​គណបក្ស​របស់​លោក​មិន​ទទួល​បាន​អាសនៈ​ឬ​កៅអី​ ​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ខែ​កក្កដា​ខាងមុខនេះ​។​​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដល់​បេក្ខជន​តំណាង​រា​ស្រ្ត​ស្ដីពី​ ​អាថ៌កំបាំង​ក្នុង​ការ​ធ្វើនយោបាយ​ ​កាលពី​ថ្ងៃអាទិត្យ​ ​លោក​ ​ញឹក​ ​ប៊ុន​ឆៃ​ ​បាន​លើក​ឡើង​ថា​ ​រូបលោក​​និង​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​អស់​បាន​ប្ដេជ្ញា​ខ្ពស់​ ​ដើម្បី​ឱ្យ​លទ្ធផល​បោះឆ្នោត​ទទួល​បាន​ជោគជ័យ​និង​មាន​អាសនៈ​នៅ​ក្នុង​សភា​។​លោក​បាន​បន្ថែម​ឱ្យ​ដឹង​ថា​ ​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំនេះ​ ​លោក​​​មានឱកាស​តែមួយ​អាណត្តិ​នេះ​ទេ​បើ​មិន​ទទួល​បាន​អាសនៈ​ទេ​ ​លោក​នឹង​ឈប់​ដឹកនាំ​គណបក្ស​ ​ហើយ​ប្រគល់​កិច្ចការ​​​ដឹកនាំ​គណបក្ស​ទៅ​អ្នក​ផ្សេង​ដឹកនាំ​ជំនួស​វិញ​។​​លោក​បញ្ជាក់​ថា​៖​ ​«​បើ​អត់​កើត​ទេ​ (ខ្ញុំ​)​សម្រាក​ឱ្យ​អ្នក​ដឹកនាំ​ថ្មី​ ​ដើម្បី​ដឹក​នាំ​បន្ត​ ​ព្រោះ​ (ខ្ញុំ) ​ប្ដេជ្ញា​លើក​នេះ​​គឺ​ប្ដេជ្ញា​ខ្លាំង​ ​ធ្វើ​យ៉ាង​ណាក៏ដោយ​ប្រឹងប្រែង​ [,,,] ​ដោះស្រាយ​ឱ្យ​បាន​ហើយ​ឱកាសល្អ​របស់​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​ ​ក៏មាន​តែ​ពេល​នេះ​ទេ​»​។​

រូបសហការី

លោក​ ​ញឹក​ ​ប៊ុន​ឆៃ​ ​បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ឱ្យ​ប្រឹងប្រែង​យក​ចិត្តទុកដាក់​ធ្វើ​សកម្មភាព​នយោបាយ​ទាំង​អស់គ្នា​ ​ដើម្បី​ផល​ប្រយោជន៍​របស់​គណបក្ស​ ​ប្រទេសជាតិ​ ​និង​ជា​កម្លាំង​ធំធាត់​មួយ​ ​ដើម្បី​អាច​ជួយ​កែប្រែ​ចំណុច​ខ្វះខាត​របស់​ប្រទេសជាតិ​។​ប្រធាន​គណបក្ស​ខាងលើ​ ​បាន​អំពាវនាវ​កុំ​ឱ្យ​សមាជិក​ ​សកម្មជន​ ​និង​ថ្នាក់​ដឹកនាំ​គ្រប់​រចនា​សម្ពន្ធ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​មូលដ្ឋាន​ ​ត្រូវ​ចេះ​អធ្យាស្រ័យ​ ​និង​យោគ​យល់​គ្នា​ ​គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ឈ្លោះ​គ្នា​។ប៉ុន្តែ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​និយាយ​គ្នា​ ​និង​ដោះស្រាយ​ដោយ​សន្តិវិធី​។​កាសែត​ខ្មែរ​ថា​ម​ស៍ ​ពុំអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ ​ញឹក​ ​ប៊ុន​ឆៃ​ ​បាន​ឡើយ​កាល​ពីម្សិលមិញ​។​លោក​ ទិ​ប​ ​ទា​វ​ ​អគ្គលេខាធិការ​រង​នៃ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​លោក​ ​ញឹក​ ​ប៊ុនឆៃ​ ​ពិតជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​លាលែង​តំណែង​កំពូល​របស់​គណបក្ស​ពិតមែន​ ​បើ​សិន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​មិន​ទទួល​បាន​អាសនៈ​ក្នុង​សភា​។​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ននេះ​ ​គណបក្ស​របស់​លោក​កំពុង​ទទួល​បានការ​គាំទ្រ​ ​និង​ប្រជាប្រិយភាព​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ​ជាពិសេស​ ​មានការ​រួមបញ្ចូល​គ្នា​រវាង​បក្ស​ខ្មែរ​រួបរួម​ជាតិ​ ​និង​គណបក្ស​កម្ពុជា​និយម​ ​ដែល​ធ្វើ​ឱ្យ​កម្លាំង​គណបក្ស​កាន់តែ​ធំធាត់​ ​និង​ខ្លាំង​ឡើង​ ​ហើយ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ​ ​នឹង​ទទួល​បាន​អាសនៈ​ច្រើន​នៅ​ក្នុង​សភា​។​លោក​ ទិ​ប​ ​ទា​វ​ ​បញ្ជាក់​ថា​៖​ ​«​ក្នុងនាម​ជា​សេនាធិការ​ ​ក៏ដូចជា​សមាជិក​គណបក្ស​មួយ​រូប​ ​ខ្ញុំ​ពិតជា​រំភើប​ដែល​មាន​ថ្នាក់​ដឹកនាំ​ជា​អ្នកមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ ​ហើយក៏​មាន​មោទកភាព​ដែល​មាន​ថ្នាក់​ដឹកនាំ​ជា​គំរូ​ [,,,] ​ដែល​ធ្វើ​ឱ្យ​ពួក​យើង​ទាំងអស់គ្នា​កាន់តែ​ប្រឹងប្រែង​បន្ថែម​ទៀត​ឱ្យ​អស់​លទ្ធភាព​»​។​​អគ្គលេខាធិការ​រង​គណបក្ស​ខាងលើ​បន្ថែម​ថា​ ​គិត​រហូត​ដល់​បច្ចុប្បន្ន​ ​គណបក្ស​មិនទាន់​ជ្រើស​មនុស្ស​ជំនួស​លោក​ ​ញឹក​ ​ប៊ុន​ឆៃ​ ​បាន​នៅ​ឡើយ​ ​ព្រោះ​រង់ចាំ​ក្រោយ​ថ្ងៃ​ចេញ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី​៧​ ​ជាពិសេស​ ​ត្រូវ​ឆ្លងកាត់​ការពិភាក្សា​ ​និង​ប្រជុំ​សម្រេច​ ​ដែល​ធ្វើឡើង​តាម​នីតិវិធី​ ​និង​លក្ខ​និករ​ប​ស់​គណបក្ស​ជាមុន​សិន​។​លោក​ ​ញឹក​ ​ប៊ុន​ឆៃ​ ​ដែល​មាន​វ័យ​៦​៥ឆ្នាំ​ ​បាន​ឈរ​ជា​បេក្ខជន​តំណាង​រា​ស្រ្ត​នៅ​មណ្ឌល​បន្ទាយ​មានជ័យ​ ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ជាតិ​លើក​ទី​៧​។​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​ធ្លាប់​ចូល​រួម​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​អាណត្តិ​ទី​៦​ ​កាល​ពី​ឆ្នាំ​២​០​១​៨​ ​តែ​ពុំ​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ឡើយ​។​លោក​ ​ញឹក​ ​ប៊ុន​ឆៃ​ ​ធ្លាប់ធ្វើ​ជា​អនុប្រធាន​គណបក្ស​ហ៊្វុ​ន​ស៊ិន​ប៉ិច​ ​និង​ជា​អតីត​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​ព្រមទាំង​ជា​មេ​យោធា​ជាន់ខ្ពស់​របស់​គណបក្ស​ហ៊្វុ​ន​ស៊ិន​ប៉ិច​។​ ​លោក​បាន​ចាក​ចេញ​ពី​គណ​ក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ហើយ​បាន​ទៅ​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​កាលពី​ឆ្នាំ​២​០​១​៦​។​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ​បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការ​ចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ចំនួន​១​៨​ ​គណបក្ស​នយោបាយ​ ​ខណៈ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​លើ​ការបោះឆ្នោត​ ​ដោយ​មិន​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​របស់​ ​គ​.​ជ​.​ប​។​គិត​ត្រឹម​ថ្ងៃ​ទី​២​២​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​គ​.​ជ​.​ប​ ​បាន​ចេញ​ប​ណ្ណ​សម្គាល់​ខ្លួន​ជា​ផ្លូវការ​ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​ចំនួន​ ​២​២​០​នាក់​ ​មកពី​ ​២​១​ ​អង្គភាព​ ​និង​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​ចំនួន​ ​៣​០​នាក់​ ​ដែល​មកពី​ ​១​៤​ ​អង្គភាព​ ​ដើម្បី​អាច​ចូលរួម​យក​ព័ត៌មាន​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​នា​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​៕​ Khmer Times


Powered by Blogger.