ការដាក់តាំងពិព័រណ៍ថ្មីនៅខេត្តព្រះសីហនុបង្ហាញពីទំនាក់ទំនងរវាងចិននិងកម្ពុជា
នៅថ្ងៃចន្ទសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែននិងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកWangWentianបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃការតាំងពិពណ៌អបអរសាទរខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងសមិទ្ធផលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំបំផុតនៅកម្ពុជា។កម្មករនិងនិយោជិតប្រមាណ៣០,០០០ នាក់ដែលធ្វើការនៅក្នុងតំបន់នោះក៏បានចូលរួមក្នុងការបើកការតាំងពិពណ៌ដែលបង្ហាញពីរូបភាពវីដេអូនៃសមិទ្ធិផលសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចក្នុងទសវត្សរ៍កន្លងមក។ពិព័រណ៍នេះបានបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំង២និងប្លង់មេសម្រាប់ការអភិវឌ្ឍតំបន់នេះនាពេលអនាគត។ក្នុងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានកោតសរសើរតំបន់សេដ្ឋកិច្ចនេះថាជាគំរូនៃកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវចិន-កម្ពុជា ដែលប្រកបដោយផ្លែផ្កា។ លោកឯកអគ្គរដ្ឋទូត Wang បានលើកឡើងថាឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ហើយក៏ជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវផងដែរ។លោកឯកអគ្គរដ្ឋទូតបានបន្តថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះតំបន់សេដ្ឋកិច្ចបានចាប់យកឱកាសពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនិងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងក្លាយជាគម្រោងដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហគ្រាសចិន Hodo Group និង Wuxi Huatai Investment and Property Co., Ltd. មកពី ក្រុង Wuxi ខេត្ត Jiangsu និងក្រុមហ៊ុនអភិវឌ្ឍវិនិយោគអន្តរជាតិកម្ពុជា ខូអិលធីឌី។
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០៨ តំបន់សេដ្ឋកិច្ចបានរីកចម្រើនជាលំដាប់ទៅជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកវិនិយោគអន្តរជាតិ។ ជាមួយនឹងរោងចក្រចំនួន១៧៥ មកពីប្រទេសផ្សេងៗ ដូចជាប្រទេសចិន អឺរ៉ុបសហរដ្ឋអាមេរិកនិងអាស៊ីអាគ្នេយ៍តំបន់សេដ្ឋកិច្ចបានបង្កើតឱកាសការងារជិត៣០,០០០សម្រាប់សហគមន៍មូលដ្ឋាននិងបានជួយជំរុញឱ្យមានការរីកចម្រើនក្នុងតំបន់។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទំហំនៃការនាំចូល និងនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានកើនឡើងពី១៣៩ លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ជិត ២.៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះមានគោលបំណងទាក់ទាញសហគ្រាសអន្តរជាតិរហូតដល់ ៣០០ និងបង្កើតឱកាសការងារសម្រាប់កម្មករក្នុងស្រុកពី ៨០.០០០ ទៅ ១០ ម៉ឺននាក់ក្នុងឆ្នាំខាងមុខ នេះបើយោងតាមប្រធានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសChina៕ Daily/Khmer Times
Post a Comment