រុស្ស៊ី​ចុះហ​ត្ថ​លេ​ខា​លើកិ​ច្ចព្រមព្រៀង​នាំ​យកអា​វុធ​នុយ​​ក្លេអ៊ែ​រទៅប្រទេ​​ស​បេឡា​រុស្ស

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិងបេឡារុស្សបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីនីតិវិធីសម្រាប់ការរក្សាទុកអាវុធនុយក្លេអ៊ែររបស់ទីក្រុងម៉ូស្គូនៅឯកន្លែងស្តុកទុកពិសេសមួយនៅលើទឹកដីនៃប្រទេសបេឡារុស្ស។

រូបភាពTASS

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ(២៥ ឧសភា) ក្នុង​រដ្ឋធានី Minsk ប្រទេស​បេឡារុស្ស។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoiguបានសង្កត់ធ្ងន់ថា វិធានការដែលធ្វើឡើងដោយរុស្ស៊ីនិងបេឡារុស្ស«អនុលោមតាមកាតព្វកិច្ចច្បាប់អន្តរជាតិដែលមានស្រាប់ទាំងអស់»។យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass លោក Shoigu និងសមភាគីបេឡារុស្សលោក Viktor Khrenin ក៏បានពិភាក្សាអំពីស្ថានភាពយោធានិងនយោបាយនាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហានៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារវាងក្រសួងការពារជាតិទាំង២ផងដែរ។កាលពីថ្ងៃទី២៥ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថាតាមសំណើរបស់ទីក្រុង Minsk ទីក្រុងម៉ូស្គូនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសបេឡារុស្សស្រដៀងទៅនឹងអ្វីដែលអាមេរិកបានធ្វើជាយូរមកហើយនៅលើទឹកដីនៃប្រទេសសម្ព័ន្ធមិត្ត។មេដឹកនាំវិមានក្រឹមឡាំងបានបង្ហើបបន្ថែមថា ការសាងសង់កន្លែងផ្ទុកអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនឹងត្រូវបញ្ចប់នៅប្រទេសបេឡារុស្សនៅថ្ងៃទី១ខែកក្កដា។ទីក្រុងម៉ូស្គូបានផ្គត់ផ្គង់ដល់ទីក្រុង Minsk នូវប្រព័ន្ធកាំជ្រួចយុទ្ធសាស្ត្រIskanderដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនិងបានជួយប្រទេសជិតខាង បំពាក់យន្តហោះយោធារបស់ខ្លួនឡើងវិញដើម្បីបំពាក់អាវុធឯកទេស។ ភាគីរុស្ស៊ីក៏រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះ និងនាវិកកាំជ្រួចសម្រាប់បេឡារុស្សផងដែរ៕ពុតសាម៉ាត់

Powered by Blogger.