កម្ពុជា​​ប្តេជ្ញាចិត្តឥត​ងាក​រេ​ចំពោះ​កា​រអ​នុវត្តលទ្ធិប្រជា​ធិបតេយ្យសេ​រី​ពហុបក្ស

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយថា“កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែឧសភា មានខ្លឹមសារដូចខាងក្រោម៖

ទិដ្ឋភាពទីតាំងក្រសួងការបរទេសកម្ពុជានាពេលបច្ចុប្បន្ន។រូបថត​ ក្រសួងការបរទេស

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជាក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនាខែកក្កដា។អាស្រ័យដោយការអធិប្បាយមួយចំនួនបានបង្កអោយមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិតនិងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយអ្នកនំាពាក្យក្រសួងការបរទេសមានកាតព្វកិច្ចបកស្រាយបំភ្លឺ ដូចតទៅ៖

១.ការលើកឡើងថាគណបក្សភ្លើងទៀនត្រូវបានរារាំងមិនឱ្យចូលរួមក្នុងការបោះឆ្នោតជាតិខែកក្កដាគឺមិនត្រឹមត្រូវ។ការពិត គណបក្សនយោបាយនេះពុំបានគោរពអោយបានហ្មត់ចត់តាមច្បាប់បោះឆ្នោតបើទោះបីជាសេចក្តីជូនដំណឹងនិងការណែនាំជាច្រើនលើកច្រើនសាររបស់អាជ្ញាធរមានសមត្ថកិច្ចក៏ដោយ។ការខកខានមិនអនុវត្តតាម​ដំណើរ​ការ​ចុះបញ្ជីគណបក្សឈរ​ឈ្មោះ​បោះឆ្នោត​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណបក្សនេះខ្លួនឯងក្នុងនាមជាបក្សដែលបានដាក់ពាក្យស្នើសុំ។

២-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលខុសត្រូវក្នុងការអនុវត្តដំណើរការបោះឆ្នោតដោយប្រើប្រាស់ស្ដង់ដារតែមួយ និងផ្អែកលើមូលដ្ឋាននៃគោលការណ៍យុត្តិធម៌ សមភាព និងនីតិវិធីត្រឹមត្រូវ ដូចដែលស្ថាប័នគ្រប់គ្រងការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសដទៃ ផ្សេងទៀតអនុវត្តដោយគោរពតាមនីតិរដ្ឋ។ប្រសិនបើគណបក្សនយោបាយ១៨ផ្សេងទៀតគោរពតាមដំណើរការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត នោះគណបក្សដែល មិនគោរពច្បាប់មិនគួរទទួលបានបុព្វសិទ្ធិពិសេសឡើយ ដើម្បីភាពយុត្តិធម៌សម្រាប់គ្រប់គណបក្សទាំងអស់។ ការអនុញ្ញាតឱ្យមានបុព្វសិទ្ធិពិសេសណាមួយនឹងត្រូវចាត់ទុកថាជាការអនុវត្តស្តង់ដារពីរ។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀតដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារគ្រប់គ្រាន់។ប៉ុន្តែគណបក្សនេះបាន ប្រកាសទទួលយកដោយសុច្ឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។

៣.កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ល្គឹកណាគ្រប់គណបក្សនយោបាយទាំងអស់អនុវត្តសិទ្ធិក្នុងរង្វង់ដែនកំណត់នៃច្បាប់នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។ មិនមែនសិទ្ធិទាំងអស់ មានលក្ខណៈដាច់ខាតឡើយ ហើយឧក្រិដ្ឋកម្មមួយមិនអាចធ្វើយុត្តិកម្ម ជាការតស៊ូ ផ្នែកសីលធម៌ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ។ អវត្ដមានគណបក្សនយោបាយចំនួនពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពតាមច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។

៤. ចំពោះវត្តមានរបស់អ្នកសង្កេតការណ៍បោះឆ្នោតវិញ កម្ពុជាសូមស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ ដើម្បីអញ្ជើញមកចូលរួមធ្វើជាសាក្សីដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោត។ជារដ្ឋអធិបតេយ្យមួយ សម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវតែគោរពតាម ហើយសេចក្ដីអញ្ជើញជាចំហនេះបង្ហាញឱ្យឃើញអំពីសុច្ឆន្ទៈ និងភាពបើកចំហរបស់កម្ពុជាចំពោះពិភពលោកខាងក្រៅ។ AKP/Khmer Times


Powered by Blogger.