សម្ដេចហ៊ុន សែន៖ភ័យខ្លាចបំផុតគឺការទទួលវប្បធម៌យកដោយការស្ម័គ្រចិត្ត
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍អះអាងថា ភាពក្លាយនិងការឈ្លានពានខាងវប្បធម៌មិនអាចនឹងកើតនោះទេ ។ប៉ុន្តែអ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត។ ដូច្នេះត្រូវប្រុងប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា ឱ្យត្រូវតាមទម្រង់ខ្មែរកុំឱ្យខ្មែរជំនាន់ក្រោយយល់ច្រឡំឬយល់ខុស។
ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះក្នុងខណៈអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធអគារថ្មីនិងប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចំនួន៨៨៨នាក់នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។សម្ដេចហ៊ុន សែន បានជំរុញឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈធ្វើការបណ្ដុះបណ្ដាលផ្នែកមរតកដូនតាដល់យុវជនក្រីក្រដែលរាជដ្ឋាភិបាលបានផ្ដល់ឱ្យក្នុងចំនួន ២ភាគរយទៅ៤ភាគរយក្នុងចំណោមយុវជនប្រមាណ១លាន៥សែននាក់នាពេលខាងមុខ។ សម្ដេចលើកឡើងថាព្រោះបញ្ហានេះ ត្រូវប្រុងប្រយ័ត្ន ក្រែងថ្ងៃក្រោយនោះ ក្មេងដែលទទួលតំណរពីយើងវាអនុវត្តន៍មិនត្រូវតាមក្បួនខ្នាត។ សម្ដេចបានស្នើឱ្យមានការប្រុងប្រយ័ត្នជាពិសេសការកសាងបដិមា ឬរូបចម្លាក់ផ្សេងៗបើធ្វើមិនត្រូវតាមក្បួនខ្នាតទេ ថ្ងៃក្រោយមិនដឹងទៅជាអ្វីនោះទេ។សម្ដេចលើកឡើងជាឧទាហរណ៍ថា យើងទទួលមរតកពីមុនមកដូចជាព្រះបាទជ័យវរ្ម័ន ព្រះបាតយ៉ាងម៉េច ព្រះកេសយ៉ាងម៉េច រូបចម្លាក់អប្សរាឬសម្លៀកបំពាក់ជំនាន់ណាយ៉ាងម៉េច យើងស្គាល់ទម្រង់ហ្នឹងហើយយើងបានដឹង។ សម្ដេចគូសបញ្ជាក់ថា ប៉ុន្តែឥឡូវនេះ នាំគ្នាអ្វីក៏ខ្មែរៗ។ក៏ប៉ុន្តែវាមិនមែនជាទម្រង់ខ្មែរ រួចហើយថ្ងៃក្រោយវាក្លាយទៅជាខ្មែរដែរនោះ។ដូច្នេះត្រូវស្គាល់ថាតើអ្វីជារបស់ខ្មែរនៅជំនាន់ណា ព្រោះវាមានសម័យរបស់វា។ សម្ដេចនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖ «ភាពក្លាយនិងការឈ្លានពានខាងវប្បធម៌ខ្ញុំមិនជឿនោះទេព្រោះមិនអាចនឹងឈ្លានពានកើតទេ តែអ្វីដែលភ័យខ្លាចបំផុតគឺការទទួលយកដោយការស្ម័គ្រចិត្ត នេះគឺជារឿងដែលត្រូវប្រុងប្រយ័ត្ន»។សម្ដេចហ៊ុនសែនលើកឡើងជាឧទាហរណ៍បន្ដទៀតថាបារាំងមកត្រួតត្រាយើងជាង៩០ឆ្នាំសួរថាតើបារាំងអាចកែយើងបានទេព្រោះយើងអត់ទទួលវប្បធម៌បារាំង។ម្យ៉ាងទៀតវត្តអារាមរបស់យើងក៏មានទីកន្លែងដែលយើងរក្សាទុកវប្បធម៌អក្សរសាស្ត្រក្នុងពេលដែលបារាំងដើរត្រួតត្រាប្រទេសដទៃហើយយកភាសាបារាំងទៅប្រើ។ ឯកម្ពុជាបារាំងអត់មានលទ្ធភាពដើម្បីនឹងកែនូវវប្បធម៌ខ្មែរទេ នៅពេលដែលខ្មែរនៅតែបន្តរក្សាទុកនៅតាមវត្តអារាម ដែលយើងក៏គួរតែដឹងគុណបារាំងដែរ។ដែលបានរក្សា ដូចជា ក្បួនច្បាប់ល្បើករបស់ក្រមង៉ុយជាដើម។ល។ សម្ដេចថ្លែងបន្តថា លើសពីនេះ សំណង់យើងមួយចំនួនដែលបន្សល់ទុកតាំងពី១០០ឆ្នាំ ឬមុន១០០ឆ្នាំ កំពុងតែរុះរើចោល ដូចជា កុដិលោក ឬសំណង់នានា ។ល។ ដោយបង្កើតចេញជាសំណង់ថ្មី ដែលខុសពីទ្រង់ពីមុន។ជាងនេះទៀត សម្លៀកបំពាក់ ក៏ត្រូវកំណត់ឱ្យបានច្បាស់អំពីដំណាក់កាលរបស់វា ថាតើវាកើតនៅដំណាក់កាលអង្គរដំណាក់កាលលង្វែក ឬដំណាក់កាលចតុម្មុខ។ជាមួយគ្នានេះរបាំសួយរបស់បងប្អូនជនជាតិភាគតិច បើយើងធ្វើមិនទាន់ពេលសមារណកម្មនៅឆ្នាំ១៩៩៨នោះទេ របាំសួយអាចដាច់ពូជតែម្ដងគឺមិនបានមកសម្ដែងលើឆាកដូចក្នុងពេលនេះទេ។ដូច្នេះការដែលអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នាំមកនូវការបង្រួមបង្រួមជាតិ និងឯកភាពទឹកដី បានផ្ដល់នូឱកាសគ្រប់ផ្នែក រាប់ទាំងវិស័យសិល្បៈ ដែលក្នុងនោះមានរបាំសួយ ដែលស្ថិតក្នុងចន្លោះរវាងខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ សម្ដេចនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថាដូច្នេះបញ្ហាដែលត្រូវប្រុងប្រយ័ត្ន ដែលសម្ដេចសូមអង្វករ ធ្វើយ៉ាងម៉េច ឧទាហរណ៍ ការកសាងនូវរូបបដិមា ឬចម្លាក់ផ្សេងៗទៀត។ល។ ត្រូវធ្វើឱ្យត្រូវតាមទម្រង់ និងត្រូវតាមខ្នាតរបស់វា ដើម្បីឱ្យមនុស្សជំនាន់ក្រោយស្គាល់នូវ ចម្លាក់ វប្បធម៌របស់ខ្លួន។លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សាលាវិចិត្រសិល្បៈបានបើកទ្វារជាផ្លូវការក្នុងកម្រិតមធម្យសិក្សា និងមានឈ្មោះថា សាលាវិចិត្រសិល្បៈ ដែលមានបង្រៀនជំនាញ តូរ្យតន្ត្រី របាំ ល្ខោន សៀក និងសិល្បៈសូន្យរូប។ អនុក្រឹត្យ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៨៨ បានបង្កើតជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកចេញជា៥មហាវិទ្យាល័យគឺមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយកម្មមហាវិទ្យាល័យសិល្បៈសូន្យរូបមហាវិទ្យាល័យដូតន្ត្រី និងមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លោកស្រីរដ្ឋមន្រ្ដីបានបន្ដថា ក្នុងខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទី ស្រាវជ្រាវចងក្រង បោះពុម្ភ និងផ្សព្វផ្សាយអំពីសិល្បៈ និងវប្បធម៌ខ្មែរ។ ចាប់តាំងពីការរស់រានមានជីវិតជាលើកទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្ដុះបណ្ដាលធនធានមនុស្ស សរុបបានចំនួន ៤៥១៦នាក់ ក្នុងនោះ នារីមាន ១ ៤០៩ នាក់ លើមុខជំនាញទាំង៥របស់ខ្លួន។ ធនធានមនុស្សទាំងនេះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស៕AKP
Post a Comment