ព្រះ​​ម​ហា​ក្សត្រកម្ពុជាទ្រង់មា​​នព្រះរាជស​វ​នាកា​រជាមួយប្រធា​នា​ធិ​បតីនិងនា​យ​ក​រដ្ឋមន្ត្រី​ឥណ្ឌា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់មានព្រះរាជសវនាការជាមួយប្រធានាធិបតី លោកស្រី Droupadi Murmu និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅវិមាន Rashtrapati Bhawan ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ។ Times of Oman/Khmer Times

លោកស្រីប្រធានាធិបតីក៏បានរៀបចំពិធីលាងសាយភោជន៍ផ្លូវរដ្ឋថ្វាយព្រះមហាក្សត្រកម្ពុជា។ក្នុងព្រះរាជដំណើរទស្សនកិច្ចជាលើកដំបូងរបស់ព្រះមហាក្សត្រសីហមុនីទៅកាន់ប្រទេសឥណ្ឌាលោកស្រីប្រធានាធិបតីបានមានប្រសាសន៍ថាដំណើរទស្សនកិច្ចរបស់ព្រះអង្គបង្ហាញពីសារៈសំខាន់ដែលកម្ពុជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា។លោក​ស្រី​បន្ត​ថា ប្រទេស​ឥណ្ឌា និង​កម្ពុជា មាន​ទំនាក់​ទំនង​ដ៏​សម្បូរ​បែបនិង​រស់​រវើក។ ប្រទេសទាំង២ផ្តល់តម្លៃលើប្រវត្តិសាស្ត្ររួមហើយចាត់ទុកប្រទេសកម្ពុជាជាប្រទេសបងប្អូនអរិយធម៌។លោកស្រីប្រធានាធិបតីបានកត់សម្គាល់ថា មានសក្ដានុពលខ្លាំងសម្រាប់កំណើនបន្ថែមទៀតនៃពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌានិងកម្ពុជា។ លោក​ស្រី​បាន​បន្ត​ថា ប្រទេស​ឥណ្ឌា​មាន​បំណង​ចង់​បង្កើន​ទំនាក់​ទំនង​វិស័យការពារ​ជាតិ​របស់​ខ្លួន​ជាមួយ​កម្ពុជា។លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងទេសចរណ៍និងប្រជាជនដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។លោកស្រីប្រធានាធិបតីបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាក្នុងតំណែងជាប្រធាន G-20 បាននិងកំពុងឈានមុខគេក្នុងការចាប់អារម្មណ៍ប្រទេសកំពុងអភិវឌ្ឍន៍នៃសកលលោកខាងត្បូង (Global South) ។ លោកស្រី​បាន​កោតសរសើរ​ចំពោះ​ការ​ចូលរួម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សំឡេង​សកល​ខាងត្បូង​កាលពី​ខែកុម្ភៈ​ឆ្នាំ​នេះ​។ លោកស្រី​បាន​អបអរសាទរ​កម្ពុជា​ដែល​បាន​បញ្ចប់​តំណែង​ជា​ប្រធាន​អាស៊ាន​ដោយ​ជោគជ័យ​កាលពី​ឆ្នាំមុន​។បន្ទាប់មកលោកស្រីប្រធានាធិបតីបានថ្លែងនៅក្នុងសុន្ទរកថាក្នុងពិធីជប់លៀងថាប្រទេសឥណ្ឌាមានឯកសិទ្ធិធ្វើជាដៃគូជាមួយប្រទេសកម្ពុជាក្នុងដំណើរស្វែងរកការកសាងប្រទេសតាមរយៈការកសាងសមត្ថភាព ការអភិវឌ្ឍធនធានមនុស្សនិងការផ្តល់ជំនួយសម្រាប់គម្រោងសេដ្ឋកិច្ចសង្គម។លោកស្រីបានមានប្រសាសន៍ថា ប្រទេសឥណ្ឌាគឺជាអ្នកជឿលើទស្សនវិជ្ជារបស់ Vasudhaiva Kutumbakam ដែលមានន័យថាពិភពលោកគឺជាគ្រួសារតែមួយ។ លោកស្រីបានបន្ថែមថា ទំនាក់ទំនងលើគ្រប់វិស័យរវាងឥណ្ឌា និងកម្ពុជា និងព្រះរាជវត្តមានដ៏ឧត្តុងឧត្តមរបស់ព្រះករុណានៅវិមាន Rashtrapati Bhavanនាពេលនេះគឺជាការបង្ហាញដ៏ស្រស់ស្អាតនៃផ្នត់គំនិតចំណាស់នេះ។នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងព្រះមហាក្សត្រកម្ពុជា បានគូសបញ្ជាក់អំពីទំនាក់ទំនងអរិយធម៌ដ៏ជ្រាលជ្រៅនិងការផ្សារភ្ជាប់រវាងវប្បធម៌និងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំនៃប្រទេសទាំង២។លោកម៉ូឌីបានប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូទ្វេភាគីជាមួយប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការកសាងសមត្ថភាពផងដែរ។ព្រះមហាក្សត្រកម្ពុជាបានមានបន្ទូលអំណរគុណចំពោះភាគីឥណ្ឌាសម្រាប់ការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់របស់ឥណ្ឌាក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងបានកោតសរសើរនិងជូនពរដល់ការធ្វើជាប្រធានកិច្ចប្រជុំ G-20 របស់ប្រទេសឥណ្ឌា៕ New Delhi Times/Khmer Times




Powered by Blogger.