នាយករដ្ឋមន្ត្រីអំពាវនាវឱ្យក្រុមគ្រូពេទ្យបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនិងការលើកកម្ពស់សមត្ថភាពសម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី
សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអំពាវនាវឱ្យក្រុមគ្រូពេទ្យបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនិងការលើកម្ពស់សមត្ថភាព សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដើម្បីបម្រើដល់ការពិនិត្យនិងព្យាបាលសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«អគារតេជោអភិវឌ្ឍន៍» នៅមន្ទីពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣។ ជាមួយនឹងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងការថ្លែងអំណរគុណចំពោះសម្បុរសជននានាដែលបានចូលរួមក្នុងការកសាងសមិទ្ធផលនៃវិស័យសុខាភិបាល សម្ដេចហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវយើងមានមន្ទីរពេទ្យល្អហើយ។ប៉ុន្តែអ្វីដែលសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អទើបអាចដោះស្រាយបាននូវបញ្ហា»។សម្ដេចបន្តថា ដូច្នេះត្រូវមានចំណុច២សំខាន់ គឺទី១៖គឺក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលទាមទារខ្លាំងណាស់ត្រូវគិតដល់ជីវិតមនុស្សនេះជាក្រមសីលធម៌ចម្បងរបស់ក្រុមគ្រូពេទ្យដែលត្រូវបានគេប្រសិទ្ធនាមថាជាកងទ័ពអាវស ដោយសម្ដេចតេជោសង្ឃឹមថាមិនឱ្យកិត្តិយសនេះបាត់បង់ត្រឡប់ទៅវិញនោះទេ។ សម្ដេចលើកឡើងថាករណីដាច់ដោយឡែកខ្លះ គឺវាជារឿងបុគ្គល មិនមែនជាក្រុមគ្រូពេទ្យរាប់ម៉ឺននាក់នោះទេ។សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថាចំណុចទី២៖គឺការលើកម្ពស់សមត្ថភាពសម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗដែលចំណុចនេះទាមទារឱ្យគ្រូពេទ្យត្រូវធ្វើការស្រាវជ្រាវ និងរៀនសូត្រ ការប្រើប្រាស់នូវបច្ចេកវិទ្យា និងឧបករណ៍ថ្មីៗ សម្រាប់ព្យាបាលសុខភាពជូនប្រជាជនឱ្យបានល្អប្រសើរ។ សម្ដចបានគូសបញ្ជាក់បន្ថែមថា ការកសាងបាននូវអគារមន្ទីរពេទ្យថ្មីទំនើប វាក៏ជួយដល់យើង ក្នុងការបង្កើនជំនឿទុកចិត្តដល់អ្នកការទូត និងវិនិយោគិន ដែលមកធ្វើការរកស៊ីនៅក្នុងប្រទេសរបស់យើងក៏ដូចជាការបង្កើតបាននូវជំនឿទុកចិត្តសម្រាប់អ្នកទេសចរណ៍ ដែលមកកាន់កម្ពុជាផងដែរ។ ដូច្នេះយើងត្រូវខិតខំរួមគ្នា ធ្វើឱ្យវិស័យសុខាភិបាលរបស់យើង ឆ្លើយតបបាន ទៅនឹងតម្រូវការសម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង និងសម្រាប់ជនបរទេសផង។លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា«អគារតេជោអភិវឌ្ឍន៍»នេះ ជាអគារថ្មីដែលត្រូវបានសាងសង់ឡើងដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជាលើសេវាសុខភាពសាធារណៈនៅកម្ពុជា ។«អគារតេជោអភិវឌ្ឍន៍» ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយដើម្បីផ្តល់នូវសេវាពហុឯកទេសប្រកបទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើបស្របតាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្នដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។លោករដ្ឋមន្ត្រីបន្តថាគម្រោងសាងសង់អគារទាំងមូលនិងបំពាក់ឧបករណ៍សម្ភារមានតម្លៃទឹកប្រាក់សរុប ៧០ ៣៣១ ៨១១.១១ ដុល្លារអាម៉េរិក ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងសប្បុរសជននានា។លោកបានឱ្យដឹងដែរថា«អគារតេជោអភិវឌ្ឍន៍»នេះអាចផ្តល់សេវាសុខាភិបាលជូនអ្នកជំងឺប្រមាណ ២៥០០០០ នាក់ក្នុងមួយឆ្នាំ ។ លើសពីនេះអគារតេជោ អភិវឌ្ឍន៍នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សានិងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រតាមប្រព័ន្ធឌីជីថលដ៏ទំនើបឈានមុខក្នុងប្រទេស។«អគារតេជោអភិវឌ្ឍន៍»សាងសង់អំពីបេតុងអាម៉េលាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង១៥៣ ម៉ែត្រទទឹងប្រវែង ២២.៥ ម៉ែត្រមានកម្ពស់ ១២ជាន់ និងក្រោមដី២ជាន់ ផ្ទៃក្រឡាសរុប៤៨,១៩៥ម៉ែត្រក្រឡាសាងសង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ(បទដ្ឋានបច្ចេកទេសបារាំង)មានគ្រែសម្រាកព្យា បាលសរុបចំនួន ៤២៦គ្រែបែងចែកជា ជាន់ទី១និងទី២ក្រោមដីៈ ចំណតយានយន្ត។ជាន់ផ្ទាល់ដីៈ បន្ទប់វះកាត់តូចចំនួន២ ផ្នែកសង្គ្រោះបន្ទាន់មាន៣៦គ្រែឱសថស្ថាន ភេសជ្ជដ្ឋាន ហាងទំនិញ និងផ្កា ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់សំលៀកបំពាក់បុគ្គលិក សម្រាប់អគារទាំងមូល។ជាន់ទី១ ផ្នែកពិគ្រោះជំងឺឯកទេសចំនួន៣០បន្ទប់ អមដោយបន្ទប់ X-rayCT Scan UltraSound បញ្ឈរចុះឈ្មោះនិងអាហារដ្ឋាន។ ជាន់ទី២ ផ្នែកប្រពោធនកម្ម សម្រាប់ទទួលសង្គ្រោះអ្នកជំងឺកម្រិតធ្ងន់ធ្ងរមានចំនួន៣២បន្ទប់ស្មើនឹង៥១គ្រែ និងបន្ទប់លាងឈាមចំនួន៤ ផ្នែកឯកទេសចក្ខុរោគ រួម មានបន្ទប់ពិគ្រោះជំងឺចំនួន៣ បន្ទប់វះកាត់ភ្នែកចំនួន២ និង គ្រែសម្រាកព្យាបាលចំនួន៤ ផ្នែកឯកទេសត្រចៀក ច្រមុះ បំពង់កមានបន្ទប់ពិគ្រោះជំងឺ ៣ បន្ទប់ និងគ្រែសម្រាកព្យាបាលចំនួន០៤។ ជាន់ទី៣ ផ្នែកសម្រាកមុននិងក្រោយសណ្តំ ២៥គ្រែ បន្ទប់សម្រាករយៈពេលខ្លី ១២គ្រែ បន្ទប់ពិគ្រោះមុនសណ្តំចំនួន ០៤ និងបន្ទប់វះកាត់១។ បន្ទប់វះកាត់១០ដែលមានកម្រិតស្ដង់ដារខ្ពស់ជាពិសេស ក្នុងនោះមានបន្ទប់សម្រាប់ធ្វើអន្តរាគមន៍វិទ្យុសាស្ត្រទំនើប Angiography Bi-planសម្រាប់ឆ្លុះសរសឈាមចាប់ពីខួរក្បារហូតដល់ចុង ជើងសម្រាប់ប្រើប្រាស់ក្នុងការវះកាត់ចោះ ឆ្លុះ និងព្យាបាលសន្លាក់ឆ្លុះបាញ់រំលាយក្រួសតម្រងនោមដោយមិនបាច់វះកាត់ដ៏ទំនើប។ ជាន់ទី៤ ផ្នែកឯកទេសជំងឺថ្លើម ក្រពះ ពោះវៀន មានបន្ទប់សម្រាកព្យាបាល ១៧បន្ទប់ ស្មើនឹង៣៣គ្រែ បន្ទប់ត្រៀមឆ្លុះ ចំនួន០១ បន្ទប់ក្រោយឆ្លុះចំនួន០១ បន្ទប់ឆ្លុះ ក្រពះ ពោះវៀនចំនួន០៤ បន្ថែមដោយបន្ទប់ពិសេស ENDOALPHA ដែលបំពាក់បច្ចេកវិទ្យាទំនើបទាន់សម័យ សម្រាប់ធ្វើ ERCP(មានសមត្ថភាពក្នុងការឆ្លុះចាប់យក ក្រួសក្នុងផ្លូវទឹកប្រមាត់រួមនិងការដាក់ STENTបង្ហូរទឹកប្រមាត់ដែលស្ទះ ដោយជំងឺមហារីក ឬរលាកផ្សេងៗ។ បន្ទប់នេះ ក៏អាចធ្វើប្រតិបត្តិការ Echo-Endoscopie និងធ្វើការព្យាបាលទំនើបដោយមិនចាំបាច់វះកាត់ធំឡើយ)។
ជាន់ទី៥ ផ្នែកឯកទេសជំងឺទូទៅ មានបន្ទប់សម្រាកព្យាបាលសរុបចំនួន ៤២បន្ទប់ ស្មើនឹង ៤៨គ្រែ បន្ទប់សម្រាកសម្រាប់ករណីជំងឺឆ្លង មានចំនួន៩គ្រែ បន្ទប់ឆ្លុះទង សួតចំនួន ២បន្ទប់ បន្ទប់សម្រាក Polysomnographie១បន្ទប់, បន្ទប់បច្ចេកទេស ០១ និងបន្ទប់វាស់សមត្ថភាពសួត ០១។ ជាន់ទី៦ ផ្នែកឯកទេសជំងឺក្រពេញ ២៣គ្រែ និងផ្នែកឯកទេសជំងឺតម្រងនោមចំនួន ២៥គ្រែ (ក្នុងនោះបន្ទប់លាងឈាមចំនួន៣) បានបំពាក់ដោយឧបករណ៍ទំនើបក ម្រិតខ្ពស់ រួមមានម៉ាស៊ីនInsulin Pump ម៉ាស៊ីនវាស់ប្រព័ន្ធវិញ្ញាណអវៈយវៈ ម៉ាស៊ីនថតបាតភ្នែកអ្នកជំងឺទឹកនោមផ្អែមនិងរួមជាមួយផ្នែកជំងឺក្រពេញអ័រម៉ូនដែលផ្តល់នូវសេវាសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែមព្យាបាលកម្រិតទំនើបទាន់ការអភិវឌ្ឍសកល។ជាន់ទី៧ ផ្នែកសម្រាកព្យាបាលជំងឺបេះដូង មានបន្ទប់ពិគ្រោះចំនួន៣និងគ្រែសម្រាកព្យាបាលចំនួន៤៣គ្រែ។ ជាន់ទី៨-៩ បន្ទប់សម្រាកព្យាបាលពហុជំនាញចំនួន ៩៤គ្រែ។ ជាន់ទី១០ ទីចាត់ការទូទៅមន្ទីរពេទ្យ ទាំងរដ្ឋបាល ធនធានមនុស្ស បច្ចេកទេស គណនេយ្យបន្ទប់ប្រជុំ និងសាលសន្និសីទ និងផ្នែកគ្រប់គ្រងជាតិពុល និងគ្រោះមហន្តរាយវេជ្ជសាស្ត្រ។ជាន់ទី១១ ផ្នែកសម្រាកព្យាបាលអន្តរជាតិ International Departement មាន ១៤បន្ទប់ ស្មើនឹង ១៤គ្រែ។ ជាន់ទី១២ បន្ទប់រក្សាទុកឯកសារ បន្ទប់ប្រជុំពហុបំណង ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់ទូទាំងអគារ និងចំណតឧទ្ធម្ភាគចក្រ៕AKP
Post a Comment